ប្រទេសចិននឹងវ៉ាដាច់ប្រទេសកាណាដា និងម៉ិចស៊ិកក្នុងការក្លាយជាទីផ្សារនាំចេញធំបំផុតរបស់អាមេរិកនៅក្នុងឆ្នាំ២០២២ ។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយសាព័ត៌មានចិន Xinhua ។យោងតាមរបាយការណ៍ដែលចងក្រងដោយមូលនិធិដោះដូរចិន-អាមេរិក មជ្ឈមណ្ឌលដោះដូរសេដ្ឋកិច្ចអន្តរជាតិរបស់ចិន ក្រសួងពាណិជ្ជកម្មចិន និងមជ្ឈមណ្ឌលដើម្បីការសិក្សាពីយុទ្ធសាស្ត្រនិងអន្តរជាតិមានមូលដ្ឋាននៅអាមេរិកឲ្យដឹងថា ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិននឹងកើនឡើងយ៉ាងហោចណាស់បីដងនៃកម្រិតបច្ចុប្បន្នដល់៥៣០ពាន់លានដុល្លារ។
ការនាំចេញទៅចិននឹងបង្កើតផលិតផលក្នុងស្រុកសរុបគិតជាទឹកប្រាក់៤៦០ពាន់លានដុល្លារសម្រាប់អាមេរិក ក៏ដូចជាបង្កើតការងារជាង៣,៣៤លានកន្លែង ។ប្រសិនបើអាមេរិកបន្ធូរបន្ថយបទប្បញ្ញត្តិនាំចេញលើផលិតផលថាមពល និងបច្ចេកវិទ្យាខ្ពស់ នោះ ទំហំនៃការនាំចេញនឹងអាចកើនឡើងខ្ពស់ជាងមុន ។របាយការណ៍ដដែលនិយាយថា ការនាំចេញពាណិជ្ជកម្មសេវាកម្មរបស់អាមេរិកទៅចិនបានកើនឡើងគុណនឹង៥ដងអំឡុងឆ្នាំ២០០០ និង២០១០។
វិស័យទាំងនោះមានដូចជា វិស័យច្បាប់ ប្រឹក្សាយោបល់ ហិរញ្ញវត្ថុ និងគណនេយ្យ។នៅក្នុងសន្និសីទអ្នកជំនាញដែលបានប្រារព្ធធ្វើកាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនលោក Gary Locke បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាមេរិកបានកើនឡើងលើសពី១ពាន់លានដុល្លារជារៀងរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ