នាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola Coលោក Muhtar Kent បានប្រារព្ធពិធីការវិលត្រឡប់មកវិញនៃក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុតលើពិភពលោកមកកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីខកខានរយៈពេល៦០ឆ្នាំដោយបើកសម្ពោធរោងចក្រភេសជ្ជៈច្រកដប និងសន្យាធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចទើបតែបើកចំហថ្មីនេះ ។ ក្រុមហ៊ុននេះនឹងវិនិយោគទឹកប្រាក់២០០លានដុល្លារអាមេរិកនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយរោងចក្រទី២នឹងបើកដំណើរការនៅខែក្រោយ។
លោក Kent និយាយថា វាជាពេលវេលាមួយដ៏អស្ចារ្យនៅក្នុងប្រវត្ដិសាស្ត្រ គឺដូចគ្នាកាលពីយើងបើកសម្ពោធនៅអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្តាលដែលជាអតីតសហភាពសូវៀត បន្ទាប់ពីការដួលរលំនៃជញ្ជាំងបែរឡាំង ។ យើងអាចបន្ត និងបង្កើនភាពជាអ្នកដឹកនាំរបស់យើងដែលយើងធ្លាប់មានរួចហើយនៅទីផ្សារនេះនៅក្នុងថ្ងៃនេះ ។
រោងចក្រថ្មីរបស់Coca-Cola ចាប់ផ្តើមបើកដំណើរការប្រកួតប្រជែងជាមួយក្រុមហ៊ុន Pepsi Co Inc ដើម្បីគ្រប់គ្រងទីផ្សារភេសជ្ជៈនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលបានបើកចំហព្រំដែនរបស់ខ្លួនឡើងវិញដល់ការវិនិយោគបរទេសកាលពីឆ្នាំមុន ។ លោកប្រធានាធិបតីមីយ៉ាន់ម៉ា ថេន សេន បានអនុញ្ញាតឲ្យមានសេរីភាពនយោបាយបន្ថែម និងបន្ធូរបន្ថយការត្រួតត្រាសេដ្ឋកិច្ចចាប់តាំងពីលោកឡើងកាន់អំណាចកាលពីឆ្នាំមុន ។ ក្រោយពីមានកំណែទម្រង់ទាំងនោះមក មីយ៉ាន់ម៉ាបានទាក់ទាញបានក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Ford Motor Co ក្រុមហ៊ុន MasterCard Inc និងក្រុមហ៊ុន Uniliver NV ។
ប្រទេសមីយ៉ាន់ម៉ាកំពុងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច យោធា និងនយោបាយជាមួយប្រទេសលោកខាងលិចបន្ទាប់ពីភាពឯកោជាច្រើនឆ្នាំ ដែលបានបន្សល់ទុកនូវភាពក្រីក្របំផុតដល់ប្រជាជន៦៤លាននាក់ ។ អន្តរកាលរបស់ខ្លួនចំពោះប្រជាធិបតេយ្យកាលពីឆ្នាំមុន បន្ទាប់ពីការគ្រប់គ្រងដោយរបបយោធាជិត៥ទសវត្ស បានញ៉ាំងឲ្យអាមេរិកសម្រេចដកទណ្ឌកម្មកាលពីខែឧសភាឆ្នាំមុន ៕
ចែករំលែកព័តមាននេះ