ខេត្តព្រះសីហនុ ៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលគួរឱ្យកត់សម្គាល់កន្លងមកនេះ គឺការបុករវាងរថយន្តកុងតឺន័រ និងរថយន្តរបស់តារាចម្រៀង ខេមរៈ សិរីមន្ត កាលពីយប់ថ្ងៃទី៧ មីនា កន្លងមកលើ កំណាត់ផ្លូវជាតិលេខ៤ ។ បើគិតមកដល់ពេលនេះគឺមានរយៈពេលជិត៣ខែហើយ ប៉ុន្តែពន្លឺណាមួយដែលឈានដល់ការដោះស្រាយតាមផ្លូវច្បាប់ជាមួយក្រុមហ៊ុនSKនៅពុំទាន់លេចចេញជារូបរាងនៅឡើយទេ ។
តាមមន្ត្រីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមិថុនា នៅការិយាល័យចរាចរណ៍ជើងគោកខេត្តក្រុមការងារមួយក្រុមក្នុងនោះមាន កញ្ញាស៊ន លីនណា ចៅក្រមស៊ើបសួរ និងមេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាងជំនាញខាងរថយន្ត បានមកធ្វើការពិនិត្យ អង្កេតរថយន្តរបស់លោកខេមរៈ សិរីមន្ត ដែលរក្សាទុកនៅស្នងការដ្ឋានដើម្បីធ្វើការវិនិច្ឆ័យដែលភាគីក្រុមហ៊ុននិយាយថា រថយន្តរបស់តារាចម្រៀងខេមរៈ សិរីមន្ត មានភ្លើងឡាហ៊ែ្សរទើបជាហេតុនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ។
ក្រោយពីពិនិត្យស្រាវជ្រាវជាច្រើនលើកច្រើនសា ចម្លើយពីជាងជំនាញបានបង្ហាញថា រថយន្តតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាមានភ្លើងឡាហែ៊្សរមែនហើយភ្លើងនេះគឺជាភ្លើងច្នៃ ប៉ុន្តែមាននៅតែផ្នែកខាងក្រោមស្ដុបកាងនៃរថយន្ត ភ្លើងនេះពុំអាចភ្លឺឆ្ងាយនោះទេ តែចំពោះការភ្លឺបានប៉ុន្មានម៉ែត្រនោះនៅពុំទាន់អាចកំណត់បាននៅឡើយ ។ មេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត បានអះអាងថា រថយន្តលោក ខេមរៈ សិរីមន្ត ថ្វីដ្បិតតែមានភ្លើងឡាហែ៊្សរពិតមែន តែភ្លើងនេះពុំអាចភ្លឺបានចម្ងាយលើសពី៥០ម៉ែត្រទេដូច្នេះហើយបើទស្សនៈ និងការយល់ឃើញរបស់លោកភ្លើងនេះពុំអាចជាដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះជាដាច់ខាត ។
គេនៅចាំបានថា ក្នុងសន្និសីទសារព័ត៌មានមួយដែលមានរយៈពេល១ម៉ោង នៅថ្ងៃទី១៤ មីនា នៅក្រុមហ៊ុនសាន់ដេ តារាចម្រៀងជីវិតថ្លៃលោកខេមរៈ សិរីមន្ត បានរៀបរាប់ពីហេតុការណ៍នោះថា នៅក្នុងថ្ងៃកើតហេតុលោក និងក្រុមការងារបានរួមដំណើរនៅក្នុងរថយន្តលោកតែមួយ ដើម្បីចេញដំណើរទៅសម្ដែងនៅខេត្តព្រះសីហនុ ក្នុងថ្ងៃ៨ មីនា ។ លោកបន្តថា លោក និងក្រុមការងារបានសម្រេចធ្វើដំណើរទៅមុនមួយថ្ងៃដើម្បីឱ្យការបើកបរមិនមានការតក់ក្រហល់ ហើយមានឱកាសបានសួរសុខទុក្ខបងប្អូននៅទីនោះ និងឆ្លៀតឱកាសដើរកម្សាន្តមុនការសម្ដែងមកដល់ផង ។ លោកបញ្ជាក់ថា នៅមុនហេតុការណ៍មេឃមានភ្លៀងរលឹមៗនៅវេលាម៉ោងប្រហែលជាង៨យប់ លោកបានឃើញរថយន្តកុងតឺន័រមួយបើកបរបញ្ច្រាសទិសជាមួយនឹងរថយន្តរបស់លោក និងមានសភាពរេពេញផ្លូវ ដោយមានចម្ងាយប្រហែលជា១០០ម៉ែត្រប៉ុណ្ណោះពីរថយន្តរបស់លោក ។
ក្រោយមកទៀតរថយន្តកុងតឺន័រនោះបានរេមកទទឹងផ្លូវតែម្ដង ហើយអ្នកបើកបររថយន្តរបស់លោកឃើញដូច្នេះបានព្យាយាមប្រឹងយកចង្កូតគេចឱ្យផុតពីរថយន្តកុងតឺន័រនោះ ដោយរកទីតាំងមួយសម្រាប់ឈប់ ។ ទោះជាយ៉ាងណានៅតែមិនអាចគេចផុតដោយសារកន្ទុយរថយន្តកុងតឺន័របានវាត់
គ្របពីលើរថយន្តរបស់លោកមួយចំហៀងពេញទំហឹងតែម្ដង ។ ពេលដែលឃើញហេតុការណ៍នោះលោកក៏បានក្រាបទៅក្រោម ។ ដោយសារតែល្បឿននៃរថយន្តកុងតឺន័រនោះបានមកបុករថយន្តរបស់លោកក្នុងល្បឿនលឿនជាង១វិនាទី ប្រសិនបើក្រាបទាន់ ឬមិនទាន់ទេនោះជីវិតមិនអាចរស់នៅបានឡើយ ។
លោកបញ្ជាក់ថា ការក្រាបចុះរបស់លោកនោះគឺគ្រាន់តែការតក់ស្លុតប៉ុណ្ណោះ ដោយមិនសង្ឃឹមថា ការក្រាបចុះនោះធ្វើឱ្យលោកអាចគេចផុតពីគ្រោះថ្នាក់នេះបានឡើយ ប៉ុន្តែក្រោយពីហេតុការណ៍នោះកើតឡើងលោកបានដឹងខ្លួន ហើយនៅមានស្មារតីស្រែករកក្រុមការងារទាំងអស់ដែលនៅក្នុងរថយន្ត ។ លោកបន្ថែមថា នៅខណៈលោកមិនបានគិតពីអ្វីក្រៅពីរករថយន្តពេទ្យ ដើម្បីជួួយសង្គ្រោះមនុស្សដែលមកជាមួយលោក លោកបានឃើញមនុស្សនៅក្នុងរថយន្តសន្លប់ទាំងអស់ដឹងខ្លួនតែលោកម្នាក់គត់ ហើយលោកបានបីជនរងគ្រោះដែលនៅមានដង្ហើមចេញពីរថយន្ត ។ បន្ទាប់មកក៏មានប្រជាជនដែលរស់នៅក្បែរនោះបាននាំគ្នាមកជាបណ្ដើរៗ ហើយលោកក៏បានសុំអង្វរឱ្យប្រជាពលរដ្ឋទាំងនោះជួយសហការជាមួយលោកដើម្បីហៅរថយន្តពេទ្យមកជួយសង្គ្រោះជនរងគ្រោះទាំង អស់ ។
លោកបានបញ្ជាក់ថា ក្នុងពេលនោះលោកគិតអ្វីក៏មិនចេញឡើយ សូម្បីតែនិយាយទូរស័ព្ទក៏មិនអាចនិយាយបានដែរ ។ ហេតុនេះលោកបានសុំឱ្យប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍ជួយលោក ។ ក្រោយមកប្រជាពលរដ្ឋបានទូរស័ព្ទចូលស្ថានីយវិទ្យុABCដើម្បីធ្វើការផ្សព្វផ្សាយ ហើយវិទ្យុក៏បានទំនាក់ទំនងហៅរថយន្តពេទ្យមកដល់កន្លែងកើតហេតុត្រឹមរយៈប្រហែលកន្លះម៉ោងក្រោយហេតុការណ៍បានកើតឡើង ។ ក្រោយពេលរថយន្តពេទ្យមកដល់មនុស្សដែលមានជីវិតនៅក្នុងហេតុការណ៍នោះត្រូវបានគេដឹកយកទៅសង្គ្រោះភ្លាមៗ ហើយរូបលោកផ្ទាល់ក៏គិតថា មនុស្សទាំងអស់ដែលនៅក្នុងរថយន្តមិនអាចបាត់បង់ជីវិតឡើយ ពោលគឺពួកគេគ្រាន់តែសន្លប់ប៉ុណ្ណោះ។ ប៉ុន្តែក្រុមរថយន្តសង្គ្រោះបានប្រាប់លោកថា ពួកគេបានបាត់បង់ជីវិតអស់ហើយ តែលោកនៅតែមិនជឿដោយសារលោកគិតថា មនុស្សដែលមានកម្លាំងពេញខ្លួនសោះហេតុអ្វីក៏ស្លាប់ស្រួលដូច្នេះ ។
ពេលនោះក៏បានសុំអង្វរករក្រុមអ្នកសង្គ្រោះទាំងនោះឱ្យជួយមើលម្ដងហើយម្ដងទៀត តែក្រុមការងារទាំងនោះមិនអាចទទួលបានឡើយដោយសារជនរងគ្រោះទាំងនោះបានស្លាប់បាត់ទៅហើយ ។ ដោយឡែកពាក់ព័ន្ធនឹងពាក្យបណ្តឹងដែលក្រុមគ្រួសាររបស់លោកបានដាក់ប្តឹងទាមទារសំណងពីម្ចាស់ក្រុមហ៊ុនSKចំនួនជិត១០ម៉ឺនដល្លារនោះខេមរៈ សិរីមន្ត បានអះអាងថា បណ្តឹងដែលលោកបានដាក់ទៅនោះគឺក្នុងគោលបំណងដើម្បីបញ្ជៀសកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍បន្តទៀតព្រោះប្រសិនពាក្យបណ្តឹងដែលបានដាក់ទៅនោះមានលក្ខណៈធូរស្រាលងាយស្រួលដោះស្រាយវានឹងរិតតែធ្វើឱ្យអ្នកបើកររថយន្តកុងតឺន័រមួយចំនួននៅតែមិនខ្លាចញញើតនៅក្នុងការបង្កគ្រោះថ្នាក់កើតឡើងនោះឡើយ ។
ហេតុនេះបណ្តឹងរបស់លោកគឺជាការជំរុញដល់អ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យយានយន្ត និងអ្នកបើកបរមុនពេលធ្វើដំណើរ ។ លោកយល់ថា សំណងដែលបានដាក់នេះគឺមិនមែនសំដៅលើការខូចខាតទ្រព្យសម្បត្តិរបស់លោកទាំងស្រុងឡើយ ពោលគឺជាការដាក់កម្រិតមួយដើម្បីសង្កត់ទៅលើអ្នកបើបរ និងម្ចាស់ក្រុមហ៊ុនដែលមានការធ្វេសប្រហែសនាំឱ្យមានគ្រោះថ្នាក់រហូតបាត់បង់អាយុជីវិតមនុស្ស៕
ចែករំលែកព័តមាននេះ