ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​​​កំហឹង​​ស្នេហ៍​ត្រី​​កោណ ​រថ​យន្ត​​មួយ​​គ្រឿង​​ថយ​បំបុក​​​ទ្វារ​​ដែក​​ ស្ត្រី​​ក្មេ​ង​​​ម្ចាស់​​ផ្ទះ​​​គេច​​ខ្លួន​​​ទាំង​​យប់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កាមរី​ស៊េរី​ឆ្នាំ​១៩៩១​ មួយ​គ្រឿង​បាន​បើក​ថយ​ក្រោយ​ដោយ​ចេតនា​ និងបាន​បំបុក​ទ្វារដែក​ផ្ទះស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រង​នូវ​ការ​ខូចខាត​ទ្វារ​មុខ​ទាំង​ស្រុង​ បន្ទាប់​មក​រថយន្ត​នោះ​ក៏​បាន​បើក​រត់​គេច​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ ។ ហេតុ​ការណ៍​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ អាច​ផ្តើម​ចេញ​ពីរឿង​គំនុំ​ស្នេហា​ត្រី​កោណ​ ហើយ​ការបើក​រថយន្ត​បំបុក​ទ្វារ​ផ្ទះ​នោះ​គឺ​ជា​ការ​ព្រមាន​មួយ​ដល់​ស្ត្រី​វ័យ​ក្មេង​ដែល​ជា​ម្ចាស់​ផ្ទះ ។​

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កាមរី​ស៊េរី​ឆ្នាំ​១៩៩១​ មួយ​គ្រឿង​បាន​បើក​ថយ​ក្រោយ​ដោយ​ចេតនា​ និងបាន​បំបុក​ទ្វារដែក​ផ្ទះស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រង​នូវ​ការ​ខូចខាត​ទ្វារ​មុខ​ទាំង​ស្រុង​  បន្ទាប់​មក​រថយន្ត​នោះ​ក៏​បាន​បើក​រត់​គេច​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ ។ ហេតុ​ការណ៍​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ អាច​ផ្តើម​ចេញ​ពីរឿង​គំនុំ​ស្នេហា​ត្រី​កោណ​ ហើយ​ការបើក​រថយន្ត​បំបុក​ទ្វារ​ផ្ទះ​នោះ​គឺ​ជា​ការ​ព្រមាន​មួយ​ដល់​ស្ត្រី​វ័យ​ក្មេង​ដែល​ជា​ម្ចាស់​ផ្ទះ ។​

ហេតុការណ៍​នោះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ មិថុនា​ ត្រង់​លំនៅឋាន​មួយ​កន្លែង​មាន​ទីតាំងស្ថិត​នៅ​ក្នុង​បុរី​ព្រីន​ថោន​ ភូមិ​ក្បាល​ដំរី​ស​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ។​ ស្ត្រី​ម្ចាស់​ផ្ទះ​បាន​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​មាន​អាយុ​២០​ឆ្នាំ និង​មាន​ស្រុក​កំណើត​នៅ​ក្នុង​ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត​ ធ្វើ​ការ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​មួយ​ ។ ចំណែក​ឯ​បុរស​ជា​ប្តី​មាន​អាយុ​ជាង​៤០​ឆ្នាំ​ ធ្វើការនៅ​ក្នុង​កាស៊ីណូ​ណាហ្គា ។​

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ ខណៈ​ពេល​ដែល​ស្ត្រី​ម្ចាស់​ផ្ទះ​កំពុងស្ថិត​នៅ​ក្នុង​ផ្ទះ ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​កាមរី​ស៊េរី​ឆ្នាំ​១៩៩១​ ពណ៌​ស​មួយ​គ្រឿង​បាន​បើក​ទៅ​ឈប់​នៅ​ខាង​មុខ​នោះ​បន្តិច​ ហើយប​ន្ទាប់​មក​បាន​បើក​បត់​៣ទៅ​៤​ត្រឡប់​តម្រង់​គូទចំទ្វារ​ផ្ទះ​ខាង​លើ​ រួច​​បើក​ថយ​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​បំបុក​ទ្វារ​ផ្ទះ​នោះ​ទាំង​កំរោល​ បណ្តាល​ឱ្យ​បាក់​ខូច​ខ្ទេច​ខ្ទី​ ទើប​បើក​ចាក​ចេញ​ទៅ​យ៉ាង​លឿន​ដើម្បី​គេច​ខ្លួន ។​
ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​ពេល​កើត​ហេតុ​បាន​មួយ​សន្ទុះ​ ទើប​គេ​ឃើញ​ស្ត្រី​ម្ចាស់​ផ្ទះ​ចេញ​ពី​ក្នុង​ផ្ទះ​នោះ​ទៅ​បាត់​ដែរ​ ដែល​មើលទៅ​ទំនង​ជា​នាង​មាន​ការភ័យ​ខ្លាច​ ព្រោះ​នេះ​មិន​មែន​ជា​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​នោះ​ឡើយ​ ។

ប៉ុន្តែ​គេ​ដាក់​ការ​សង្ស័យ​ថា​ វា​ជា​ចេតនា​បំបុក​ដើម្បី​ព្រមាន​ដល់​ម្ចាស់​ផ្ទះ​ដែល​គេ​សង្ស័យ​ថា​ អាច​បណ្តាល​មក​ពី​រឿង​គំនុំ​ស្នេហា​ត្រី​កោណ​ ព្រោះ​ម្ចាស់​ផ្ទះ​នោះ​គឺ​ជា​ប្រពន្ធ​ចុង​។  រី​ឯ​បុរស​ជាប្តី​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ​ ។ ចំណែក​ការ​ទាក់​ទង​គ្នា​រវាង​ស្រី​ក្មេង​ម្ចាស់ផ្ទះ​ និង​បុរស​ចំណាស់​នោះ​​មាន​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ហើយ​ ។ គេបាន​សន្និដ្ឋាន​ទៀត​ថា ទំនង​ជា​ការ​ទាក់​ទង​ស្នេហា​ត្រី​កោណ​ ហើយ​ត្រូវ​បាន​ស្រ្តី​ជា​ប្រពន្ធ​ដើម​ដឹង​សាច់​រឿង​ ទើប​ជួល​គេ​ឱ្យ​បើក​រថយន្ត​មក​បំបុក​ទ្វារ​ផ្ទះ​ដើម្បី​ទុក​ជា​ការ​ព្រមាន​ ។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពេល​កើត​ហេតុ​ កម្លាំង​បាន​ចុះ​ទៅ​ដល់​ឃើញទ្វារ​ផ្ទះ​នោះ​រង​នូវ​ការ​ខូច​ខាត​ខ្ទេច​ខ្ទី​ទាំង​ស្រុង​ ហើយមាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​រីវ៉ូ​ ពណ៌​ខ្មៅ ស្ថិត​ក្នុង​ផ្ទះ​នោះ​ និង​មិន​បាន​ឃើញ​ម្ចាស់​ស្ថិត​នៅ​ទី​នោះ​ឡើយ ។​ ដោយ​សារ​ខ្លាច​មាន​ជន​ខិល​ខូច​ឆ្លៀត​ឱកាស​ចូល​លួច​យក​ទ្រព្យ​សម្បត្តិ​នៅ​ខាង​ក្នុង​នោះ​  ទើប​បូ៉លិស​បាន​ដាក់​កម្លាំង​ការពារ​មួយ​យប់​ទល់​ភ្លឺ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ឡើង​ ទើប​ឃើញ​ស្ត្រី​ម្ចាស់​ផ្ទះ​ត្រឡប់​ចូល​ផ្ទះ​វិញ​ និងប្រាប់​ថា​ យប់​មិញ​ក្រោយ​ពេល​កើត​ហេតុ​ នាង​បាន​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​ ព្រោះ​មិន​ហ៊ាន​ដេក​នៅ​ក្នុង​ផ្ទះ​នោះ​ដោយ​សារ​ខ្លាច​គ្រោះ​ថ្នាក់​ដល់
​ខ្លួន ៕​