ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​បាន​បញ្ជូន​​សំណុំ​​រឿង​ ​កូន​​គយ​​​មក​​កាន់​តុលា​​ការ ​រឿង​​ក្តី​​ហិង្សា​​​លើ​​អតី​ត​​​សង្សារ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​ថា កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​ចាត់​បញ្ជូន​សំណុំ​រឿង​កូន​ប្រុស​លោក​ប្រធាន​សាខា​គយ​ខេត្ត​កំពង់​ចាម​ ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ជា​ផ្លូវ​ការ​ហើយ​ ។

រាជធានីភ្នំពេញ​ ៖​ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​ថា កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​ចាត់​បញ្ជូន​សំណុំ​រឿង​កូន​ប្រុស​លោក​ប្រធាន​សាខា​គយ​ខេត្ត​កំពង់​ចាម​ ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ជា​ផ្លូវ​ការ​ហើយ​ ។ សំណុំ​រឿង​នេះ​មាន​៣​បទ​ល្មើស​គឺ​ ១-អំពើ​ហិង្សា​ដោយ​ចេតនា​ ២-ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​ និង​៣-អំពើ​លួច​ បង្ក​ឡើង​ដោយ​ជន​ជាប់​ចោទ​ឈ្មោះ​ ឃុន ដូរ៉េ​ ភេទ​ប្រុស​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​អ្នក​រក​ស៊ី​ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​28E0 ផ្លូវ​លេខ​១១៨​ សង្កាត់​ផ្សារ​កណ្តាល​ទី១​ ខណ្ឌ​ដូន​ពេញ​ ។

ប្រភព​ព័ត៌​មាន​បន្ត​ថា​ ក្នុង​សំណុំ​រឿង​នេះ​មាន​ពាក្យ​បណ្តឹង​ជន​រង​គ្រោះ​ មាន​របាយ​ការណ៍​ឆ្លើយ​តប​របស់​សមត្ថ​កិច្ច​ក្នុង​ការ​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​ការិយា​ល័យ​ព័ត៌​មាន​ទូទៅ​​នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ និង​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​ស្រី​ ស៊ឺ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ តម្រូវ​ឱ្យ​ឈ្មោះ​ ឃុន​ ដូរ៉េ​ ចូល​ខ្លួន​ទៅ​បំភ្លឺ​ជូន​សមត្ថ​កិច្ច​តាម​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ទាំង​៣​ខាង​លើ​ ។

តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ ជៀប​ អូឡែន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​បើក​បរ​រថយន្ត​ និង​ឈ្មោះ​ ជា​ គឹម​ឡាយ​ (ត្រូវ​ជា​កូន​ស្រី) ស្នាក់​នៅ​ផ្ទះ​លេខ​២០២​ មហា​វិថី​ម៉ៅសេទុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​ប្រហែល​១០​យប់​ ថ្ងៃ​ទី​២៨​ មេសា​ កូន​ស្រី​ឈ្មោះ​ ជា​ គឹម​ឡាយ​ បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​ ឈ្មោះ​ ឃុន ដូរ៉េ​ បាន​វាយ​ធ្វើ​បាប​ និង​ចាប់​នាង​ដាក់​ក្នុង​រថយន្ត​រ៉ង់​រ៉ូវែរ​ ។ ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​ លោក​និង​ក្រុម​គ្រួសារ​បាន​ម្នី​ម្នា​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ក៏​ឃើញ​ជន​សង្ស័យ​ ឈ្មោះ​ ឃុន ដូរ៉េ​ នៅ​ទីនោះ​មែន​រួម​ជាមួយ​បក្ស​ពួក​ច្រើន​នាក់​ទៀត​​ ដែល​ខ្លះ​នៅ​អង្គុយ​ក្នុង​រថយន្ត​ម៉ាក​ហ្វដ​១គ្រឿង​ និង​ខ្លះ​ចេញ​មក​ឈរ​ខាង​ក្រៅ​កំពុង​គំរាម​កូន​ស្រី​លោក​ ។

ពាក្យ​បណ្តឹង​បន្ត​ថា​ ពេល​នោះ​កូន​ប្រុស​របស់​លោក​ឈ្មោះ​ ឡែន​ ង៉ែត​ ក៏​ទៅ​ដល់​ដែរ​ ហើយ​លោក​បាន​សួរ​ទៅ​ឈ្មោះ​ ឃុន​ ដូរ៉េ​ ថា​ ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​នាង​ ជា គឹម​ឡាយ​ កូន​ស្រី​របស់​លោក​ ? គ្រាន់​តែ​សួរ​ប៉ុណ្ណឹង​ ស្រាប់​តែ​ឈ្មោះ​ ឃុន ដូរ៉េ និង​បក្ស​ពួក​បាន​ស្ទុះ​មក​ចាប់​លោក​ និង​កូន​ប្រុស​វាយ​ដំ​ បណ្តាល​ឱ្យ​របួស​ដៃ​ និង​ក្បាល​ ។ លុះ​ពេល​ឃើញ​លោក​ និង​កូន​ទ្រុឌ​ទ្រោម​ ឈ្មោះ​ ឃុន ដូរ៉េ​ បាន​លូក​ហោប៉ៅ​ខោ​លោក​យក​អស់​ប្រាក់​ចំនួន​១.៦០០​ដុល្លារ​ ថែម​ទាំង​យក​ដុំថ្ម​វាយ​កម្ទេច​កញ្ចក់​រថយន្ត​កូន​ប្រុស​លោក​ទៀត​ រួច​នាំ​គ្នា​គេច​ខ្លួន​បាត់​ ។

ប៉ុន្តែ​​ទោះជា​យ៉ាងណា​ មនុស្ស​ទាំងអស់​នោះ​ និង​រថយន្ត​ត្រូវបានកត់ចំណាំ​អស់​ហើយ ដូច​ជា​​​រថយន្ត​ម៉ាក​រ៉ង់​រ៉ូ​វែរ​របស់​ឈ្មោះ​ ឃុន ដូរ៉េ ​ពណ៌​ស ពាក់​ស្លាក​លេខ​​ភ្នំពេញ​​ 2T-3277 និង​រថយន្ត​ម៉ាក​ហ្វដ​ពណ៌​ស ​ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2W-3277 ។ លោក​ ជៀប ​អូឡែន ​បាន​​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​​ទៀ​​ត​ថា ​កូនស្រី​លោក​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ឈ្មោះ​ ឃុន ​ដូរ៉េ ​ជាង​៥ឆ្នាំ​ហើយ ​តែ​ក្រោយ​មក​ឈ្មោះ​ ឃុន ដូរ៉េ ​បាន​ទៅ​​រៀប​ការ​ជាមួយ​អ្នក​ផ្សេង ​ដែល​ធ្វើ​​ឱ្យ​កូន​ស្រី​លោក​​មាន​តែការ​ឈឺ​ចាប់ ។ ម្យ៉ាង​ទៀត​ឈ្មោះ​ ឃុន ដូរ៉េ ​​តែង​តែ​គំរាម​កំហែង​មិន​ឱ្យកូន​ស្រី​លោក​រៀប​ការ​ជា​មួយ​ប្រុស​​ដទៃ​ឡើយ ។ ​

រីឯ​របា​យ​ការណ៍​របស់​សមត្ថ​កិច្ច​​បញ្ជាក់​ថា ​នៅវេលា​ម៉ោង​ជាង​៩​យប់​ថ្ងៃ​ទី​២៨ មេសា ​ឆ្នាំ​២០១៣​ នាង​ ជា គឹមឡាយ បាន​ទៅ​រាំ​លេង​នៅ​ក្លិប​សេធូ ក្បែរ​ក្រុម​ហ៊ុន​ស៊ុយ​ហ្សុ៊យ​គី ជិត​វិទ្យា​ល័យ​​បាក់​ទូក ក្នុង​ខណ្ឌ​៧​មករា ​ដែល​មាន​​មិត្ត​ភក្តិ​ស្រី​ៗ​២​ទៅ​៣​នាក់​​ និង​បង​​ប្អូន​ជី​ដូន​មួយ​ផង ។ ពេលនោះ​​នាង ជា គឹម​ឡាយ បាន​ហៅ​ស្រា​បៀរ​ផឹក ប៉ុន្តែ​មិន​ទាន់​បាន​​ផឹក​ទេ​ នាង​ក៏​ចេញ​ទៅ​ក្រៅ​ក្លិប​ ដើម្បី​រង់​ចាំ​មិត្ត​ភក្តិ​ពីរ​បី​នាក់​ទៀត ស្រាប់​តែ​ពេល​កំពុង​ឈរ​និយាយ​ទូរ​ស័ព្ទ​នោះ ឈ្មោះ​ ឃុន ដូរ៉េ ជា​មនុស្ស​ធ្លាប់​ស្រឡាញ់​នាង​ពីមុន​បាន​ទៅ​ឆក់​ទូរ​ស័ព្ទ​​ពី​​ដៃ​នាង ​ហើយ​សម្លុត​សួរ​​ថា​ ទៅ​ណា​ ? ពេល​នោះ​នាង​មិន​ទាន់​បាន​ឆ្លើយ​ផង​ ក៏​ត្រូវ​គូ​កន​របស់​ឈ្មោះ​ ឃុន ដូរ៉េ ម្នាក់​ ស្ទុះ​មក​ច្របាច់​ក​នាង​ រួច​ស្រែក​ថា​កុំ​ច្រឡោត​ដាក់​ ឃុន​ ដូ​រ៉េ​ ។

ដោយ​ទំនង​ខ្លាច​មាន​រឿង​នៅ​ក្លិប​របស់​គេ​ សន្តិ​សុខ​ក្លិប​ក៏​បាន​ដេញ​ចេញ​ តែ​នាង​បាន​ទៅ​ឈរ​អែប​រថយន្ត​របស់​ ឃុន ដូ​រ៉េ​ មិន​ឱ្យ​បើក​ទៅ​ណា​ទេ​ និង​បាន​ប្រាប់​ថា​ ចាំ​ជួប​ឪ​ពុក​ម្តាយ​នាង​ និង​​ក្រុម​គ្រួសារ​នាង​សិន​ តែ​ឈ្មោះ​ ឃុន​ ដូ​រ៉េ​ នៅ​តែ​ព្យាយាម​បើក​ចេញ​ ។ ទោះ​ជា​យ៉ាង​ណា​ ដោយ​សារ​តែ​រថ​យន្ត​នោះ​បែក​កង់​ គេ​ក៏​បាន​ឡើង​ជិះ​រថ​យន្ត​របស់​មិត្ត​ភក្តិ​គេច​ខ្លួន​បាត់​ទៅ​មុន​សមត្ថ​កិច្ច​ទៅ​ដល់​ ។​

របាយ​ការណ៍​របស់​សមត្ថ​កិច្ច​បាន​បន្ត​ថា ឈ្មោះ​ ឃុន​ ដូរ៉េ​ ធ្លាប់​មាន​ទំនាស់​ជា​មួយ​នាង​ ជា​ គឹម​ឡាយ​ ២​លើក​មក​ហើយ​ ដែល​លើក​ទី​១​-សំ​ណុំ​រឿង​ នៅ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ និង​លើក​ទី​២​-សំ​ណុំ​រឿង​នៅ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប៉ុន្តែ​សំណុំ​រឿង​ទាំង​២​នេះ​ត្រូវ​បាន​សម្រុះ​សម្រួល​បញ្ចប់​អស់​ហើយ​ ដោយ​មាន​កិច្ច​សន្យា​ទាំង​សង​ខាង​ ។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ថា​ បាន​ជា​ការិយា​ល័យ​ជំនាញ​បង្ខំ​ចិត្ត​បញ្ជូន​សំ​ណុំ​រឿង​នេះ​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំពេញ​ មូល​ហេតុ​មក​ពី​អស់​សមត្ថ​ភាព​និង​កោះ​ហៅ​ និង​ស្វែង​រក​ឈ្មោះ​ ឃុន​ ដូ​រ៉េ​ ដើម្បី​សាក​សួរ​ ឬ​មក​សម្រុះ​សម្រួល​គ្នា​ជា​មួយ​ដើម​បណ្តឹង​ ដូច្នេះ​ទុក​ពេល​ឱ្យ​សមត្ថ​កិច្ច​តុលា​ការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង​ ៕