រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ជើងឯក១០លានរៀល របស់ក្រុមហ៊ុនស្រាផែនដីនៅលើសង្វៀន CTN ថ្ងៃសៅរ៍ទី៨ មិថុនា ខាងមុខនេះបានឈានចូលដល់សប្តាហ៍ទី៣ ហើយ ។ ឯគូប្រដាល់ដណ្តើមខ្សែក្រវាត់សប្តាហ៍នេះមានចំនួន២គូគឺ ម៉ន សំណាង មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ជួបជាមួយមាស ភិរម្យ មកពីក្លិបទីបញ្ជាការកងទ័ពជើងទឹក និងវី សាយ័ន មកពីក្លិបខ្លារខិនមានឫទ្ធិ ជួបជាមួយឌុន រដ្ឋា មកពីក្លិបអេភូថងកីឡា ។
ម៉ន សំណាង និងមាស ភិរម្យ ប្រកួតបាន១លើកម្នាក់រួចមកហើយប៉ុន្តែលទ្ធផលមិនដូចគ្នាទេ ដោយម៉ន សំណាង ចាញ់សន្លប់ក្នុងទឹកទី៣ក្រោមកណ្តាប់ដៃឌុន រដ្ឋា ចំណែកមាស ភិរម្យ ឈ្នះពិន្ទុវី សាយ័ន ។ ម៉ន សំណាង ជួប មាស ភិរម្យ លើកនេះមិនទាន់ដឹងថាយ៉ាងណានោះទេ ព្រោះអីមាស ភិរម្យគឺជាជើងខ្លាំងម្នាក់ដែលមានស្នៀតកណ្តាប់ដៃល្អ អាចម៉ាត់ចេញត្រូវចំគោលដៅ និងមានទម្ងន់ធ្ងន់ទៀតផង ឯចិត្តក៏សឿងណាស់ដែរ ។ ម៉ន សំណាង បើសិនជាចាញ់លើកនេះទៀត គឺពិបាកបន្តិចហើយ ប៉ុន្តែកុំអាលមើលស្រាលលើគេអីជួនកាលគេអាចផ្តួលមាស ភិរម្យ វិញក៏ថាបានដែរ ព្រោះអ្នកគាំទ្រគេនិយាយថា ការបរាជ័យរបស់ម៉ន សំណាង កាលនោះដោយសារតែខ្វះការប្រុងប្រយ័ត្នបន្តិចប៉ុណ្ណោះ រីឯវិជ្ជាគុននិងចិត្តសឿងរបស់គេមិនចាញ់មាស ភិរម្យ ប៉ុន្មានឡើយ ។
ចំណែកឯ វី សាយ័ន ពេលនេះក៏ត្រូវការឈ្នះនឹងគេដែរ មិនចង់ចាញ់ទៀតនោះទេ ទើបគេប្រឹងប្រែងហ្វឹកហាត់សម្បើមណាស់ ដើម្បីស្តារមុខមាត់វិញ ។ តាមការកត់សម្គាល់វី សាយ័ន មានកម្លាំងស៊ុហ្វល្អអាចវាយបាន៥ទឹកពេញមិនលំបាកសោះឡើយ ឯចិត្តក៏សឿងគ្រាន់បើណាស់ដែរ ទាស់តែចលនានៃការវាយចេញរបស់គេមិនសូវជារហ័សរហួន ។ ឯឌុន រដ្ឋា វិញល្បិចប្រយុទ្ធនៅលើសង្វៀនរបស់គេមិនលើស វី សាយ័ន ប៉ុន្មានឡើយ ខណៈចិត្តរបស់គេក៏មិនសូវជាសឿង ឯការប្រើស្នៀតកែងនិងជង្គង់ក៏មិនសូវបានផល ល្អបានតែស្នៀតកណ្តាប់ដៃនិងស្នៀតជើង ហើយពេលខ្លះគេវាយប្រើកម្លាំងបាយច្រើនជាងបច្ចេកទេស ។ ទោះបីជាយ៉ាងណារវាងគូនេះគ្មាននរណាហ៊ានទស្សន៍ទាយលទ្ធផលទុកមុនបានទេ មានតែរង់ចាំមើលទាំងអស់គ្នា ។
រីឯគូប្រកួតមិត្តភាពវិញកីឡាករម៉ៃ ស៊ីថែល មកពីសមាគមយុវជនកម្ពុជាខណ្ឌមានជ័យ ប្រកួតជាមួយកឿម សុវណ្ណនឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ កីឡាករលី តូត មកពីក្លិបខ្លារខិនមានឫទ្ធិ ប្រកួតជាមួយកីឡាករឌុន ប៊ុនធឿន មកពីក្លិបអេភូថងកីឡា ។ កីឡាករកុសល វិសាល មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករជ័យ ចាន់រ័ត្ន មកពីក្លិបសិង្ហកីឡា និងគូចុងក្រោយបិទកម្មវិធីកីឡាករហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ប្រកួតជាមួយកីឡារករអេ នីសាន់ មកពីក្លិបអេភូថងកីឡា ៕
ចែករំលែកព័តមាននេះ