យោងតាមសាក្សី៣នាក់ដែលថាបានទៅចូលរួមស្តាប់សុន្ទរកថាកាលពីថ្ងៃទី៣ មិថុនា របស់លោកនីកូឡាស់ សាកូហ្ស៊ី អតីតប្រធានាធិបតីបារាំងថ្លែងក្នុងសន្និសីទរៀបចំធ្វើដោយធនាគារអាមេរិក GOLDMAN SACHS នាទីក្រុងឡុងដ៍ លោកបញ្ចេញឱ្យដឹងច្បាស់ថា លោកត្រៀមវិលចូលប្រឡូកក្នុងឆាកនយោបាយវិញ ។
យោងតាមអ្នកចូលរួមស្តាប់ម្នាក់ថា អតីតប្រធានាធិបតីរូបនេះមានប្រសាសន៍ថា លោកនឹងវិលត្រឡប់ចូលឆាកនយោបាយវិញ ប្រសិនបើគេត្រូវការរូបលោក ។ លោកថា លោកនឹងវិលវិញដោយសារកាតព្វកិច្ច ។ មនុស្ស២នាក់ទៀតដែលចូលរួមស្តាប់សុន្ទរកថា លោកសាកូហ្ស៊ីក៏អះអាងពីចេតនានោះដែរ ។
ទោះជាយ៉ាងណា គេពុំទាន់អាចបញ្ជាក់ពីការអះអាងរបស់មនុស្សទាំង៣នាក់នោះនៅឡើយ ព្រោះក្នុងសន្និសីទនេះគេហាមមិនឱ្យក្រុមអ្នកកាសែតចូល ។ អតីតប្រមុខរដ្ឋបារាំងពុំបានធ្វើអត្ថាធិប្បាយណាមួយប្រាប់សារព័ត៌មានឡើយ ។ លើសពីនេះទៀតសុន្ទរកថារបស់លោកសាកូហ្ស៊ីពុំផ្តោតលើអាជីពរបស់លោកឡើយ តែផ្តោតលើអឺរ៉ុប ។ លោកសង្កត់ធ្ងន់ជាពិសេសលើតួនាទីរបស់អង់គ្លេសក្នុងផ្ទៃសហភាពអឺរ៉ុបបន្ថែមលើកិច្ចព្រមព្រៀងបារាំង-អាល្លឺម៉ង់ ៕
ចែករំលែកព័តមាននេះ