រាជធានីភ្នំពេញ ៖ ព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី៣គ្រោងនឹងធ្វើនៅថ្ងៃទី១៦ មិថុនា ២០១៣ ខាងមុខនេះហើយ ដោយមានអ្នកចុះឈ្មោះចូលរួមប្រកួតច្រើនលើសពីការគ្រោងទុក ។ ព្រឹត្តិការណ៍កីឡានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសោភ័ណភាពរាជធានីភ្នំពេញ ការថែរក្សាបរិស្ថាន អបអរសាទរពិធីចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និងដើម្បីអបអរសាទរទិវាអូឡាំពិកលើកទី១១៩ (១៨៩៤-២០១៣)។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានឱ្យដឹងថា មកដល់ពេលនេះបរិមាណនៃការចុះឈ្មោះចូលរួមរត់ប្រណាំងគ្រប់វិញ្ញាសាទាំងអស់ ទាំងជនជាតិខ្មែរ និងបរទេសមានការកើនឡើងជាងឆ្នាំមុន ក្នុងនោះក៏មានក្រុមតារាចម្រៀង និងតារាកំប្លែងចុះឈ្មោះចូលរួមរត់ប្រណាំងដែរ ប៉ុន្តែពួកគេប្រកួតជាលក្ខណៈសប្បាយៗប៉ុណ្ណោះ ចំណែកទីតាំងចាប់ផ្តើម និងបញ្ចប់ស្ថិតនៅមុខព្រះបរមរាជវាំង។
លោកបន្តថា ការរត់ប្រណាំងនេះអាចចាត់បានថា ជាព្រឹត្តិការណ៍ធំទី២ បន្ទាប់ពីការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាបដែលមានអាយុកាលជិត២០ឆ្នាំ។ ដោយឡែកថវិកាដែលទទួលបានពីកម្មវិធីនេះនឹងធ្វើជាមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមួយផ្នែកទៀតប្រគល់ជូនអង្គការសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីរួមចំណែកជួយគ្រួសារជនរងគ្រោះដោយសារគ្រាប់មីន។
ចែករំលែកព័តមាននេះ