រាជធានីភ្នំពេញ ៖ លំនៅឋានចំនួន២ខ្នងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខាងជើងការដា្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ បានត្រូវអគ្គិភ័យបំផ្លាញអស់គ្មានសល់ កាលពីវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺថ្ងៃទី៣ មិថុនា និង១ខ្នងទៀតឆាបឆេះអស់ផ្នែកខាងក្រោយ ។ ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះពុំមានមនុស្សណាម្នាក់រងរបួសឡើយ ។ លំនៅឋានដែលត្រូវភ្លើងឆេះនេះធ្វើអំពីឈើប្រក់ស័ង្កសីនៅជាប់គ្នា ប៉ុន្តែគេពុំទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ។
តាមមន្ត្រីប៉ូលិសមូលដ្ឋានឱ្យដឹងថា មុនពេលកើតេហតុ គេបានឃើញភ្លើងឆាបឆេះចេញពីផ្ទះលេខ១៧៦ដែលមានម្ចាស់ឈ្មោះកុលាប គន្ធា ភេទស្រី អាយុ៤៥ឆ្នាំ តែបានជួលផ្ទះឱ្យស្ត្រីជនជាតិវៀតណាមលក់កាហ្វេ ហើយក៏ឆេះរាលដាលទៅលំនៅឋានចំនួន២ទៀតដែលនៅជាប់គ្នាយ៉ាងសន្ធោសន្ធៅតែម្តង ។ នៅយប់នោះប្រជាពលរដ្ឋបាននាំគ្នាក្រោកពីដំណេកទាំងព្រលឹងចុងសក់ហើយនាំគ្នាជញ្ជូនអីវ៉ាន់ចេញពីលំនៅឋានរបស់ខ្លួន ។ ភា្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានទៅធ្វើអន្តរាគមន៍បាញ់អស់ទឹកចំនួន៨រថយន្តក្នុងរយៈពេលជិត១ម៉ោងទើបភ្លើងរលត់ ។ ទោះបីជាយ៉ាងណា លំនៅឋានចំនួន២ខ្នងដែលមានម្ចាស់ជាបងប្អូននឹងគ្នាត្រូវភ្លើងឆេះអស់ទាំងស្រុង ។ ចំណែកមួយខ្នងទៀតដែលជាដេប៉ូឈើត្រូវភ្លើងឆេះផ្នែកខាងក្រោយអស់ជិតពាក់កណ្តាល ។
នេះចាត់ទុកជាសំណាងមួយបើសិនជាអគ្គិភ័យឆេះរាលដាលពេញបន្ទុកដល់ដេប៉ូឈើច្បាស់ជាបង្កមហន្តរាយធ្ងន់ធ្ងរមិនខាន ។ នៅព្រឹកនោះគេឃើញលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានចុះទៅដឹកនាំកម្លាំងជួយអន្តរាគមន៍ផងដែរ ។
តាមប៉ូលិសមូលដ្ឋានបានឱ្យដឹងជាជំហានដំបូងថា ការកើតមានអគ្គិភ័យនេះអាចបណ្តាលមកពីទុស្សេប្រអប់ភ្លើងបង្គោលក្បែរនោះ ប៉ុន្តែប្រជាពលរដ្ឋនិយាយថា បណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីបន្ទប់ហាងកាហ្វេហើយឆេះរាលដាលយ៉ាងរហ័ស ។ ទោះជាយ៉ាងណា មិនមានប្រភពណាមួួយអះអាងពីមូលហេតុអគ្គិភ័យនេះឱ្យច្បាស់លាស់នោះទេ ក្រៅពីការសង្ស័យលើករណីទុស្សេខ្សែភ្លើង ៕
ខេត្តបាត់ដំបង ៖ ក្នុងព្រឹត្តិការណ៍កើតមានអគ្គិភ័យដ៏រន្ធត់នេះដែរ នៅក្រុងបាត់ដំបងឯណោះ ប្រជាពលរដ្ឋបានស្ដីបន្ទោសទៅលើក្រុមតបណ្ដាញអគ្គិសនីក្នុងក្រុងបាត់ដំបងថា ជាអ្នកបង្កឲ្យមានអគ្គិភ័យកើតឡើង ដោយសារតែមួយព្រឹកផ្ដាច់ចរន្តអគ្គិសនី៧លើក បណ្ដាលឲ្យទុស្សេខ្សែភ្លើងឆេះផ្ទះជនជាតិខ្មែរអ៊ិស្លាមមួយខ្នងអស់គ្មានសល់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៣ មិថុនា នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
មន្រ្តីមូលដ្ឋានបានប្រាប់ថា ម្ចាស់លំនៅឋានដែលរងគ្រោះដោយអគ្គិភ័យនោះឈ្មោះទិន សា អាយុ៥២ឆ្នាំ និងភរិយាឈ្មោះហ្វា រីណា អាយុ៤០ឆ្នាំ ជាខ្មែរអ៊ិស្លាមនិងជាអាជីវករលក់គ្រឿងក្រអូបនៅផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង ។
លំនៅឋាននេះ ធ្វើពីថ្មក្រោម ឈើលើ និងប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រគុណ១២ម៉ែត្រ ។ មន្ត្រីដដែលបញ្ជាក់ថា អគ្គិភ័យនេះបានកើតឡើងគ្រាដែលម្ចាស់ផ្ទះរវល់ទៅលក់ដូរនៅឯផ្សារ រួចបិទទ្វារទុកចោលដោយគ្មានអ្នកនៅចាំ ។ មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះត្រូវគេសន្និដ្ឋានថា គឺបណ្ដាលមកពីការដាច់ចរន្តអគ្គិសនីញឹកញាប់នាំឲ្យទុស្សេខ្សែភ្លើងក្នុងផ្ទះនោះ ។ ភ្លាមៗនោះមិនអាចសុំការបំភ្លឺពីម្ចាស់ផ្ទះបានទេអំពីមូលហេតុពិតប្រាកដ និងអំពីទំហំនៃការខូចខាត ប៉ុន្តែអ្នកភូមិភាគច្រើនបានអះអាងពីមូលហេតុនៃអគ្គិភ័យនេះថា គឺបណ្ដាលមកពី «ទុស្សេខ្សែចរន្តអគ្គិសនី» ។
សាក្សីនិយាយថា ចាប់តាំងពីព្រឹករហូតដល់ម៉ោងជាង១១ព្រឹកដែលមានអគ្គិភ័យកើតឡើង អគ្គិសនីបានដាច់ចំនួន៧លើកគឺឆេះភ្លឹបភ្លែតដូចភ្លើងស្តុបនៅតំបន់នោះ ដោយមិនដឹងពីមូលហេតុ ។ សាក្សីបញ្ជាក់ថា ការដាច់ភ្លើងលើកទី៧ ជាលើកចុងក្រោយ ក៏មានអគ្គិភ័យកើតឡើងតែម្ដង បន្ទាប់ពីភ្លើងត្រូវបានគេតភ្ជាប់វិញបានប្រហែលជិត១នាទី ។ អ្នកភូមិនិយាយដូចៗគ្នាថា ភ្លើងបានឆាបឆេះយ៉ាងគំហុកចេញពីក្នុងផ្ទះនោះ ប៉ុន្តែសំណាងល្អដែលមិនរាលដាលដល់ផ្ទះឈើនានានៅក្បែរៗគ្នានោះ ដោយសាររថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តជួយអន្តរាគមន៍ទាន់ និងគ្រាន់តែបំផ្លាញផ្ទះអស់១ខ្នងប៉ុណ្ណោះ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់ពីអ្នកភូមិនេះ លោកទីវ រ៉ាវុធ ប្រធានអង្គភាពអគ្គិសនីខេត្តបានបំភ្លឺតាមទូរស័ព្ទថា លោកមិនទាន់បានសួរនាំទៅក្រុមជំនាញច្បាស់លាស់ទេ ព្រោះកំពុងធ្វើដំណើរតាមផ្លូវ ។ ប៉ុន្តែលោកបញ្ជាក់ថា បើមានក្រុមជំនាញភ្ជាប់បណ្ដាញចុះធ្វើការជួសជុលបិទបើកៗ បណ្ដាលឲ្យមានការទុស្សេឆេះផ្ទះនេះមែន អីុចឹងផ្ទះអ្នកដទៃនឹងឆេះអស់ហើយ ។ លោករៀម សារ៉េត អនុប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រាប់កោះសន្តិភាពដែរថា អគ្គិភ័យនេះអាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែន ដែលអាជ្ញាមូលដ្ឋានក៏បានរាយការណ៍ដូច្នេះដែរ ។
លោកបញ្ជាក់ថា លោកមិនទាន់មានរបាយការណ៍ស្ដីពីការខូចខាតដោយគ្រោះអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែលំនៅឋាននេះត្រូវបំផ្លាញទាំងស្រុង ខណៈម្ចាស់ផ្ទះមិននៅ ។ លោករៀម សារ៉េត បញ្ជាក់ថា លោកមានការបារម្ភមែនទែនចំពោះអគ្គិភ័យនេះ ដោយសារតែលំនៅឋានជាច្រើននៅក្បែរៗគ្នា តែសំណាងល្អយើងបានចេញអន្តរាគមន៍ទាន់ពេលវេលា ហើយកម្លាំងជំនាញបានបាញ់ទឹកការពារអស់ចំនួន៤រថយន្ត ដើម្បីទប់ស្កាត់កុំឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងបាន បើមិនដូច្នេះទេ ផ្ទះក្នុងភូមិនេះរាប់សិបខ្នងនឹងអាចក្លាយជាចំណីព្រះអគ្គីជាមិនខាន ខណៈអាកាសធាតុកំពុងក្ដៅខ្លាំងបែបនេះ ៕
ចែករំលែកព័តមាននេះ