ខេត្តកំពង់ធំ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ជាមួយនឹងការជំរុញបង្កបង្កើនផល បើទោះបីជាការបោះឆ្នោតនៅពេលខាងមុខនឹងឈានមកដល់ ប៉ុន្តែកុំភ្លេចឱ្យសោះការបង្កបង្កើនផល ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនាព្រឹកថ្ងៃទី៣ មិថុនា នៅស្រុកប្រាសាទសំបូរ ក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តតាំងក្រសៅ ស្ថិតក្នុងភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។
សម្តេចតេជោ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាមសង្កេតមើលពីការលំបាករបស់ប្រជាពលរដ្ឋទាក់ទងនឹងការបង្កបង្កើនផលនេះ ព្រោះពេលខ្លះជាពេលេវលានៃការខ្វះខាតទឹក ត្រូវជួយអន្តរាគមន៍ដល់ការបូមទឹកជួយប្រជាពលរដ្ឋ …។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានផ្តោតការព្រួយបារម្ភផងដែរ ចំពោះការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមថាអាចមានកូនរដូវប្រាំងក្នុងរដូវវស្សានាអាទិត្យទី៣ នៃខែកក្កដា គឺចំពេលយុទ្ធនាការឃោសនាតែម្តង ។ ដូច្នេះបញ្ហា បើសិនជានៅពេលនោះយើងចុះទៅជួយបូមទឹកជូនប្រជាពលរដ្ឋ នោះគណបក្សនានាគេអាចប្តឹងថាគណបក្សប្រជាជនទៅទិញសន្លឹកឆ្នោតតាមរយៈការបូមទឹកឱ្យប្រជាជន ។ នេះហើយជាបញ្ហា ដូច្នេះចំណុចនេះគឺជាចំណុចមួយដែលមានការប្រឈមនៅក្នុងរយៈពេលខ្លីមួយ ។
នៅក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ ក៏មានកន្លែងខ្លះដែលប្រជាពលរដ្ឋជំរុញបង្កបង្កើនផលនៅមានការខ្វះទឹក ហើយអ្នកដែលមានលទ្ធភាពអន្តរាគមន៍បាននោះ គឺមានតែមន្ត្រីគណបក្សប្រជាជនទៀត ប៉ុន្តែនៅក្នុងដំណាក់កាលនោះគឺមិនអាចធ្វើទៅរួចដោយសារខ្លាចគណបក្សផ្សេងគេប្តឹង ។ សម្តេចេតជោ ហ៊ុន សែន បានសូមឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ចំពោះពេលវេលាដែលត្រូវឃោសនាបោះឆ្នោត សូមប្រជាពលរដ្ឋមេត្តាយោគយល់ចំពោះនៅតំបន់ណាដែលជួបប្រទះការរាំងស្ងួត ដែលហៅថា កូនរដូវប្រាំងក្នុងរដូវវស្សា តំបន់ដែលមានការខ្វះខាតទឹក ។ ដូច្នេះមានការលំបាកក្នុងការដោះស្រាយបញ្ហានេះ ហើយសូមប្រជាពលរដ្ឋមានការយោគយល់ពីការលំបាក ។
ការចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ គឺគ្មានមន្ត្រីណាក្រៅពីមន្ត្រីគណបក្សប្រជាជនទេ ពិតមែនហើយរដ្ឋមានមន្ទីរធនធានទឹក ក្រសួងធនធានទឹក ក្រសួងកសិកម្ម បើទៅជួយគឺគេនឹងអាចប្តឹងមនុស្សដែលទៅជួយ ។ មួយផ្នែកទៀត ក្រុមការងារតែងចុះទៅ ជួយប្រជាពលរដ្ឋ ប៉ុន្តែមិនអាចចុះទៅបាននៅក្នុងរយៈពេលយុទ្ធនាការឃោសនា មិនអាចធ្វើបានទេ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧ មិថុនា រហូតទៅដល់ការបោះឆ្នោតរួចរាល់ក្រោយថ្ងៃទី២៨ កក្កដា ទើបមានលទ្ធភាពធ្វើសកម្មភាពឡើងវិញក្នុងការជួយដល់ប្រជាពលរដ្ឋ ។ បើមិនដូច្នេះទេ គេនឹងប្តឹង ។ ដូច្នេះមានការលំបាកណាស់ ពួកគេមានបំណងធ្វើការបំផ្លាញហើយ សូម្បីតែជីវិតប្រជាពលរដ្ឋក៏ពួកគេពុំបានគិតគូរដែរ ។
ដូច្នេះសូមមេត្តាយោគយល់ក្នុង កាលៈ ទេសៈនោះ ព្រោះមុខស្នរបស់គេសំដៅតែនាយករដ្ឋមន្ត្រីនិងក្រុមនិស្សិតរបស់ខ្ញុំតែប៉ុណ្ណោះ ។ ពាក់ព័ន្ធទៅនឹងនយោបាយចាស់សកម្មភាពថ្មី លើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋរបស់យុវជនស្ម័គ្រចិត្តសម្តេចតេជោ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការសប្បាយរីករាយចំពោះកាតព្វកិច្ចរបស់យុវជនដែលមិនមានការរើសអើងក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមេត្តាយោគយល់និងអធ្យាស្រ័យ នៅថ្ងៃទី២០ មិថុនា ខាងមុខនេះ ក្រុមយុវជនស្ម័គ្រចិត្តនឹងដកទាំងអស់ យុវជននិងមន្ត្រីវាស់វែងដីធ្លី និងមន្ត្រីដែលមកពីក្រសួងនានាចូលមកបម្រើការឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់គឺត្រូវវិលទៅធ្វើការតាមស្ថាប័នរបស់ខ្លួនវិញ តាមសេចក្តីណែនាំរបស់លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ។
ក្នុងរយៈពេលចាប់ពីថ្ងៃទី២០ មិថុនា ទៅទល់នឹងការបោះឆ្នោតហើយ ពុំមានធ្វើពិធីចែកប័ណ្ណកម្មសិទ្ធិទេ ទោះបីជាប័ណ្ណកម្មសិទ្ធិនោះ ត្រូវបានចុះហត្ថាលេខាហើយក៏ដោយ ។ ដូច្នេះសូមប្រជាពលរដ្ឋត្រូវរង់ចាំក្រោយការបោះឆ្នោត ។ ពេលវេលានៃការចែកប័ណ្ណកម្មសិទ្ធិនឹងមានជូនដំណឹងនៅពេលក្រោយ ។ ការងារនេះជាអាទិភាពនៅក្នុងអាណត្តិបន្ត អាណត្តិទី៥ខាងមុខ បន្តការងារដែលនៅសេសសល់ លើដីប្រមាណជិត២លានហិកតា បូកនឹងការជំរុញផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលខ្វះដី ។
លោកអ៊ុត សំអន អភិបាលខេត្តកំពង់ធំបានថ្លែងឱ្យដឹងថា វត្តតាំងក្រសៅ កាលពីយូរលង់ណាស់មកហើយមានឈ្មោះដើមថា«វត្តក្រាំងស្វិត » ត្រូវបានកសាងឡើងនៅឆ្នាំ១៨៤០ ត្រូវនឹងពុទ្ធសករាជ២៣៨៤ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ក្រាំងស្វិតភាគខាងត្បូង មានចម្ងាយប្រមាណជា៧គីឡូមែ៉ត្រពីទីតាំងបច្ចុប្បន្ន ។ ដោយសារចម្បាំងរាំងជល់រវាងខ្មែរ-សៀមផង និងទីតាំងភូមិសាស្ត្រមិនអំណោយផលផង ទើបព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តក្រាំងស្វិត បានសម្រេចផ្លាស់ប្តូរ មកសាងសង់ព្រះវិហារនៅទីតាំងបច្ចុប្បន្នដែលមានទំហំ២០.៨៤៦ម៉ែត្រការ៉េ និងបានប្តូរឈ្មោះជាវត្តតាំងក្រសៅវិញ ចាប់ពីឆ្នាំ១៨៨៦ រហូតមកដល់បច្ចុប្បន្ន ។
សមិទ្ធផលនានា ដែលក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ បានរួមចំណែកចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់ឆ្នាំ២០១៣ រួមមាន ព្រះវិហារមានបណ្តោយ២១ម៉ែត្រ ទទឹង១៤ម៉ែត្រ និងកម្ពស់២១ម៉ែត្រ របងជុំវិញវត្តប្រវែង៦៤៨ម៉ែត្រ ខ្លោងទ្វារធំចំនួនពីរ ឧបដ្ឋានសាលាសសរថ្ម និងឈើ កុដិថ្ម មួយខ្នង កុដិឈើសសរថ្ម ១ខ្នង បង្គន់អនាម័យ២ខ្នង រោងម៉ាស៊ីនភ្លើង១ ស្រះទឹក១ បណ្តោយ៤០ម៉ែត្រ ទទឹង២០ម៉ែត្រ និងអណ្តូងទឹក១ ។ សប្បុរសជននានាដែលបានចូលរួមក្នុងការកសាងរួមមានថវិកាសរុប២៨៦.២២៩ ,៥៨ដុល្លារអាមេរិក និង៤៩០.៥៦៣.៥០០រៀល ៕
ចែករំលែកព័តមាននេះ