ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC​ ព្រមាន​អ្នក​យកឈ្មោះ​កម្មវិធី​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ទៅ​ធ្វើ​អាជីវកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិ​ការ​​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​(NOCC)​ ស្ដី​ពី​កម្មវិធី​រត់​ពាក់​កណ្ដាល​​​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​លើក​ទី​២៣…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិ​ការ​​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​(NOCC)​ ស្ដី​ពី​កម្មវិធី​រត់​ពាក់​កណ្ដាល​​​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​លើក​ទី​២៣ កាលពី​ថ្ងៃ​ទី​២៦ ​តុលា ថា កន្លង​មក​មាន​ស្ថាប័ន​​មួយ​ចំនួន​ក៏​ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​បាន​ប្រើ​ឈ្មោះ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ធ្វើ​សកម្មភាព​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​នាំ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​ជាតិ​។

នៅ​ក្នុង​ឱកាស​នោះ​លោក​បាន​ព្រមាន​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​​អង្គភាព និង​សាធារណជន​ជា​ច្រើន​នាក់​ថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដល់​អ្នក​ប្រព្រឹត្ត​បើសិនជា​ពួក​គេ​មិន​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​នោះ​ទេ​។

លោក វ៉ា​ត់ ចំរើន បាន​ចាត់​ទុក​សកម្មភាព​របស់​ជនខិលខូច​ទាំងនោះ​ថា​ជា​ត្រីងៀត​ឆ្លៀត
ពង​ដែល​បាន​យកឈ្មោះ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​អន្តជាតិ​ទៅ​ធ្វើ​ជា​កម្មវិធី​សប្បុរសធម៌​ខ្លួនឯង ដោយ​ប្រ​កូក​ប្រកាស​ដល់​អ្នក​រស់នៅ​ក្រៅប្រទេស​ឱ្យ​ចុះ​ឈ្មោះ និង​យក​តម្លៃលើស​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​កំណត់​ក៏​មាន ។

លោក​បាន​ហៅ​ទ​ង្វើ​នោះ​ថា ជា​សកម្មភាព​ខុសច្បាប់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​ព្រមាន​ដល់​ក្រុម​ជនខិលខូច​ទាំងនោះ​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់ ព្រោះ​សព្វ​ថ្ងៃនេះ​លោក​បានដឹង​ពី​អត្តសញ្ញាណ​របស់​ពួក​គេ​អស់​ហើយ ។ លោក​នឹង​កោះហៅ​ពួក​គេ​ឱ្យមក​ជួប​ដើម្បី​ធ្វើ​កិច្ចសន្យា ក្រោយ​ពី​ចប់​កម្មវិធី​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​នៅ​ខេត្តសៀមរាប នា​ដើមខែ​ធ្នូ​ខាង​មុខ​នេះ​។

ដោយឡែក​ចំពោះ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​លើក​នេះ​គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​សរុប​ប្រមាណ​៧​ពាន់​នាក់​មក​ពី​៧៥​ប្រទេស ។ ក្នុង​នោះ​អត្ត​ព​លិ​ក​បរទេស​ដែល​មក​ចុះ​ឈ្មោះ​រត់​មាន​ជាង​៣​ពាន់​នាក់​ហើយ ដោយ​ប្រទេស​អង់គ្លេស​នាំមុខ​គេ បន្ទាប់​មក​សហរដ្ឋអាមេរិក​និង​បារាំង ដោយសារ​រដូវ​នេះ​ជា​រដូវ​វិស្សម​កាល​នៅ​អឺរ៉ុប ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​រំពឹង​ថា ទម្រាំ​ដល់​ថ្ងៃ​ប្រកួត នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ចុះ​ឈ្មោះ​ចូលរួម​រត់​កាន់​តែ​ច្រើន​ឡើង​មិន​ចាញ់​ឆ្នាំទៅ​ប៉ុន្មាន​នោះ​ទេ​។​កាលពី​ឆ្នាំ​កន្លង​មក មាន​អ្នក​មក​ចុះ​ឈ្មោះ​រត់​សរុប​ចំនួន​១០.៥០០​នាក់​ទាំង​ជន​ជាតិ​ខ្មែរ ​និង​បរទេស​។

លោក វ៉ា​ត់ ចំរើន បាន​បញ្ជា​ក់់ថា ព្រឹត្តិ​ការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម ជួយ​ដល់​មន្ទីរពេទ្យ កុមារ​កំព្រា ជន​ចាស់ជរា និង​អង្គការ​សប្បុរសធម៌​នានា​នៅ​កម្ពុជា ។ លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ការពារ​បរិស្ថាន​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យមក​ទស្សនា​តំបន់​ទេស​ចរណ៍​នានា​នៅ​ខេត្តសៀមរាប​ឱ្យ​បាន​ច្រើន ។ កម្មវិធី​រត់​ជា​ផ្លូវការ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ ។ ចំពោះ​អ្នក​ដែល​មាន​បំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​អាច​មក​ទាក់ទង​ទិញ​សំបុត្រ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ