រាជធានីភ្នំពេញ ៖ បុរសសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋដេញចាប់ បន្ទាប់ពីបុរសចំណាស់ម្នាក់ស្រែកឆោឡោថាជាចោរលួចកាច់សោកម៉ូតូ កាលពីវេលាម៉ោង ២២ និង ៤០នាទី យប់ថ្ងៃទី០៣ មិថុនា ២០១៣ នៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
មុនពេលកើតហេតុ បុរសសង្ស័យខាងលើជិះម៉ូតូស្មាសវី ពណ៌ខ្មៅ សេរី២០០៩ ពាក់ស្លាកលេខ កណ្តាល 1L-1951 ហួសស្តុបចំការមនបានបន្តិច ស្រាប់តែបុរសចំណាស់ម្នាក់ជិះម៉ូតូតាមពីក្រោយ រួចស្រែកថាចោរៗ ឃើញបែបនេះ ប្រជាពលរដ្ឋនាំគ្នាដេញចាប់ ជនសង្ស័យភ័យបើកម៉ូតូបុកខឿនចិញ្ចើមផ្លូវដួលត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាននៅចំណុចខាងលើតែម្តង ។ ក្រោយចាប់ខ្លួនជនសង្ស័យ និងម៉ូតូ ត្រូវបញ្ជូនទៅខណ្ឌចំការមន ដើម្បីសាកសួរបន្ត ៕
ចែករំលែកព័តមាននេះ