ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​អនា​​ថា​​ត្រូវ​​មេ​​ខ្យល់​​បង្ខំ​​ឱ្យ​​សុំ​​ទាន​នៅ​​ស្រុក​​ថៃ

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ថ្វី​ដ្បិត​តែ​ទិវា​កុមារ​អន្ត​រ​ជាតិ​១​ មិថុនា​ ទើប​តែ​កន្លង​ផុត​ទៅ​ថ្មី​ៗ​ក្តី​ ប៉ុន្តែ​ការ​រំលោភ​បំពាន​នៅ​លើ​សិទ្ធិ​របស់​កុមារ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ខ្លះ​ៗ​នោះ​នៅ​តែ​មាន​ដដែល​ ។ ជាក់​ស្តែង​រឿង​រ៉ាវ​របស់​កុមារ​អនា​ថា​ អាយុ​១០​ឆ្នាំ​ម្នាក់​ នេះ​ ត្រូវ​បាន​លាត​ត្រដាង​ពី​ជីវិត​រស់​ក្រោម​គំនាប​មេ​ខ្យល់​ចាប់​បង្ខំ​ឱ្យ​ដើរ​សុំ​ទាន​នៅ​ក្រុង​បាង​កក​ប្រទេស​ថៃ​ក្នុង​ចំណោម​កុមារ​៤​នាក់​ និង​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណ​កម្ម​គួរ​ឱ្យ​សង្វេគ​ ។

ខេត្ត​ប៉ៃលិន ៖ ថ្វី​ដ្បិត​តែ​ទិវា​កុមារ​អន្ត​រ​ជាតិ​១​ មិថុនា​ ទើប​តែ​កន្លង​ផុត​ទៅ​ថ្មី​ៗ​ក្តី​ ប៉ុន្តែ​ការ​រំលោភ​បំពាន​នៅ​លើ​សិទ្ធិ​របស់​កុមារ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ខ្លះ​ៗ​នោះ​នៅ​តែ​មាន​ដដែល​ ។ ជាក់​ស្តែង​រឿង​រ៉ាវ​របស់​កុមារ​អនា​ថា​ អាយុ​១០​ឆ្នាំ​ម្នាក់​ នេះ​ ត្រូវ​បាន​លាត​ត្រដាង​ពី​ជីវិត​រស់​ក្រោម​គំនាប​មេ​ខ្យល់​ចាប់​បង្ខំ​ឱ្យ​ដើរ​សុំ​ទាន​នៅ​ក្រុង​បាង​កក​ប្រទេស​ថៃ​ក្នុង​ចំណោម​កុមារ​៤​នាក់​ និង​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណ​កម្ម​គួរ​ឱ្យ​សង្វេគ​ ។

ក្មេង​ប្រុស​អនា​ថា​ម្នាក់​នេះ​ត្រូវ​មេ​ខ្យល់​ជា​ជន​ជាតិ​ខ្មែរ​តែ​ង​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​​ជា​រៀង​រាល់​ថ្ងៃ​ និង​ប្រើ​ឱ្យ​ដើរ​សុំ​ទាន​គេ​នៅ​ស្រុក​ថៃ ដើម្បី​បាន​លុយ​យក​មក​ឱ្យ​ខ្លួន​ ។ កុមារ​រូប​នេះ​ត្រូវ​បាន​តម្រួត​​ឈុត​ខ្មៅ​ថៃ​ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​ខេត្ត​ប៉ៃ​លិន​ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២​ មិថុនា​ ២០១៣​ ។ ក្មេង​ប្រុស​អនា​ថា​​ ប៊ូ​ ឡុង​ អាយុ​១០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឱ្យ​ដឹង​ថា​ គេ​មាន​បង​ប្អូន​ចំនួន​៣​នាក់​ មាន​ឪ​ពុក​ឈ្មោះ​ ប៊ូ​ ចយ​ អាយុ​៣៥​ឆ្នាំ​ ស្លាប់​ ម្តាយ​ឈ្មោះ​ រស់​ អាយុ​៣០​ឆ្នាំ​ ជា​អ្នក​ស៊ី​ឈ្នួល​ដើរ​សុំ​ទាន​នៅ​ស្រុក​ថៃ​ឱ្យ​មេ​ខ្យល់​ខ្មែរ​ម្នាក់​នោះ​ផង​
ដែរ​ ។

ប៊ូ​ ឡូង​ បន្ត​ថា​ គេ​បាន​ទៅ​សុំ​ទាន​នៅ​ប្រទេស​ថៃ​នោះ​ ដោយ​មេ​ខ្យល់​ខ្មែរ​ម្នាក់​នោះ​ឈ្មោះ​ គុយ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៤៥​ឆ្នាំ​ និង​មាន​ប្រពន្ធ​ឈ្មោះ​ ហីុង​ អាយុ​ប្រហែល​៤០​ឆ្នាំ​ ។ មេ​ខ្យល់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ តែង​តែង​​នាំ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ពី​ស្រុក​ខ្មែរ​ទៅ​ដើរ​សុំ​ទាន​គេ​នៅ​ស្រុក​ថៃ​ចំនួន​៨​នាក់​ ។ នៅ​ពេល​ដើរ​សុំ​ទាន​នៅ​ទី​នោះ​ ពួក​គេ​ត្រូវ​បាន​មេ​ខ្យល់​ពីរ​នាក់​ប្តី​ប្រពន្ធ​​បែង​ចែក​ជា​ពីរ​ក្រុម​ ដោយ​ប្តី​គ្រប់​គ្រង​ក្មេង​តូច​ៗ​អាយុ​ក្រោម​១៥​ឆ្នាំ​ ។ ចំណែក​ប្រពន្ធ​វិញ​គ្រប់​គ្រង​មនុស្ស​ចាស់​ៗ​ អាយុ​ជាង​៥០​ឆ្នាំ​ឡើង​​លើ​ ។

កុមារ​កម្សត់​រូប​នេះ​បន្ត​ទៀត​ថា​ នៅ​ក្នុង​ក្រុម​របស់​គេ​មាន​ក្មេង​ចំនួន​៤​នាក់​ទី​១​គឺ​រូប​គេ​ ត្រូវ​មេ​ខ្យល់​វា​យ​ធ្វើ​បាប​ជា​រៀង​រាល់​ថ្ងៃ​ និង​យក​កាំ​បិត​អារ​ស្មា​ខាង​ឆ្វេង​របស់​គេ​ឱ្យ​របួស​ ។ ២-​ឈ្មោះ​ ទី​ណា​ ភេទ​ប្រុស​ អាយុ​១០​ឆ្នាំ​ ។ ៣-ឈ្មោះ​ លី​ណា​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ ទាំង​ពីរ​នាក់​មាន​ស្រុក​កំណើត​រស់​នៅ​ខេត្ត​ព្រៃ​វែង​ និង​៤-ឈ្មោះ​ ណា​ឡា​ ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ​ រស់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ ក៏​ត្រូវ​មេ​ខ្យល់​កាប់​ដាច់​ក​ដៃ​ខាង​ឆ្វេង​ដើម្បី​បង្ខំ​ឱ្យ​ដើរ​សុំ​ទាន​គេ​  ដែរ ។ ចំណែក​មនុស្ស​ចាស់​ៗ​ផ្សេង​ទៀត​ក៏​ត្រូវ​មេ​ខ្យល់​វាយ​ធ្វើ​បាប​យា៉ង​ខ្លាំង​ផង​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​រូប​គេ​អត់​ស្គាល់​ឈ្មោះ​ក្រៅ​ពី​ម្តាយ​របស់​ខ្លួន​​ប៉ុណ្ណោះ​ ។

ក្មេង​ប្រុស​អនា​ថា​រៀប​រាប់​បន្ត​ទៀត​ថា​ រូប​គេ​ត្រូវ​បាន​មេ​ខ្យល់​ដាក់​ឱ្យ​រស់​នៅ​ឆ្ងាយ​ពី​ម្តាយ​ ហើយ​ក៏​ឱ្យ​ដើរ​សុំ​ទាន​បែក​ពី​ពួក​មនុស្ស​ចាស់​ៗ​ដែរ​ ។ ពេល​សុំ​ទាន​បាន​ត្រូវ​មេ​ខ្យល់​ប្រមូល​យក​លុយ​អស់​ពី​ខ្លួន​ ។ លុះ​ពេល​ពួក​គេ​ឃា្លន​ចង់​ហូប​នំ​ឬ​ការ៉េម​ ហើយ​ទៅ​សុំ​លុយ​ទិញ​ហូប​បន្តិ​ច​បន្តួច​ពី​មេ​ខ្យល់​នោះ​ គឺ​គេ​មិន​ឱ្យ​ឡើយ​ ថែម​ទាំង​ចាប់​អូស​ដៃ​យក​ទៅ​ចាក់​សោ​នៅ​ក្នុង​បន្ទប់​រួច​វាយ​ធ្វើ​បាប​យ៉ាង​ព្រៃ​ផ្សៃ​ ហើយ​ថែម​ទាំង​គំរាម​និង​បំភិត​បំភ័យ​ថា​ នឹង​ឱ្យ​តម្រួត​ថៃ​ចាប់​ដាក់​គុក​ទៀត​ផង​ ។ លើស​ពី​នេះ​ទៀត​ ជួន​កាល​ខ្លួន​ត្រូវ​បាន​មេ​ខ្យល់​ទាំង​ប្តី​ប្រពន្ធ​វាយ​និង​ខ្សែ​ភ្លើង​ វាយ​នឹង​ដំបង​ ​យក​កាំបិត​អារ​ដៃ​ អារ​ជើង​ បណ្តាល​ឱ្យ​មាន​របួស​ហូរ​ឈាម​ពេញ​ខ្លួន​ ។

បើ​ទោះ​ជា​រង​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ខ្លួន​មិន​ហា៊ន​តប​ត​ឬ​ស្រែក​យំ​នោះ​ឡើយ​ ពី​ព្រោះ​មេ​ខ្យល់​ដ៏​កំណាច​នោះ​បាន​គំរាម​កំហែង​ជាប់​ជានិច្ច​ ។
ក្មេង​ប្រុស​អភ័ព្វ​នេះ​និយាយ​ទៀត​ថា​ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តម្រួត​ថៃ​បាន​ចាប់​​រូប​គេ​បាន​ ខណៈ​ទៅ​សុំ​លុយ​ពី​មេ​ខ្យល់​ចំនួន​១០​បាត​ (ជាង​១ពាន់​រៀល)​ ដើម្បី​យក​មក​ទិញ​ការ៉េ​ម​ហូប​ តែ​គាត់​ឱ្យ​តែ​៥បាត​ (ជាង​៥រយ​រៀល)​ ប៉ុណ្ណោះ​ ថែម​ទាំង​ទាញ​រូប​គេ​យក​ទៅ​ក្នុង​បន្ទប់​ចាក់​សោ​ ហើយ​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ​ ទើប​ធ្វើ​ឱ្យ​គេ​ទ្រាំ​ពុំ​បាន​ នាំ​គ្នា​ទាំង​បួន​នាក់​សុំ​រថយន្ត​គេ​ជិះ​ពី​លិច​មក​កើត​ មក​ព្រំ​ដែន​ខេត្ត​ប៉ៃលិន​ ។ ពេល​មក​ដល់​ ពួក​គេ​បាន​ចុះ​ពី​លើ​រថយន្ត​ ក៏​ត្រូវ​តម្រួត​ថៃ​ ឃើញ​ ក៏​ដេញ​ចាប់​បណ្តាល​ឱ្យ​ពួក​គេ​​រត់​បែក​ខ្ញែក​គ្នា​អស់​ ឯ​រូប​គេ​ត្រូវ​ចាប់​បញ្ជូន​មក​ខេត្ត​ប៉ៃលិន​តែ​ម្តង​ ។ ចំណែក​៣​នាក់​ទៀត​ មិន​ដឹង​រត់​ទៅ​ដល់​ទី​ណា​ទេ ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​ក្មេង​អនាថា​ម្នាក់​នេះ​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេសន៍​ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន​ យក​ទៅ​ផ្ញើ​ទុក​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃលិន​ ដោយ​មាន​ប្រធាន​អង្គ​ការ​អាហ្វី​ស៊ីប​ ចូល​រួម​មើល​ការ​ខុស​ត្រូវ​ផង​ដែរ​ ដើម្បី​រង់​ចាំ​ឱ្យ​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ស្រុក​កំណើត​វិញ​ ។ តែ​បើ​អត់​ឃើញ​មាន​អ្នក​ណា​មក​ទទួល​យក​ទៅ​ទេ​ ខាង​មណ្ឌល​កុមារ​កំព្រា​ នឹង​ទទួល​ចិញ្ចឹម​ក្មេង​ប្រុស​ម្នាក់​នេះ​ឱ្យ​ស្នាក់​នៅ​សិក្សា​រៀន​សូត្រ​ដូច​កុមារ​កំព្រា​ដទៃ​ទៀត​ផង​ដែរ ៕