ស្របពេលដែលសកម្មភាពផលិតកម្មរបស់ចិនធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ខែ តម្លៃប្រេងឆៅបានធ្លាក់ដល់ក្រោម៩២ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទសប្តាហ៍នេះ ។តម្លៃប្រេងឆៅសម្រាប់ចែកចាយខែកក្កដាបានធ្លាក់ចុះ១២សេនមកនៅ៩១,៨៥ដុល្លារក្នុងមួយបារ៉ែលនៅទីក្រុងញូវយ៉ក ខណៈដែលប្រេងឆៅ Brent របស់អង់គ្លេសធ្លាក់ចុះ៧សេនមកនៅ១០០,៣២ដុល្លារក្នុងមួយបារ៉ែល ។
នៅថ្ងៃចន្ទនេះដែរ ក្រុមហ៊ុន HSBC Corp បានចេញការអង្កេតមួយដោយបង្ហាញពីសកម្មភាពផលិតកម្មរបស់ចិនដែលបានធ្លាក់ចុះដល់៤៩,២នៅក្នុងខែឧសភាដែលជាកម្រិតមួយទាបបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០១២ ។ស្របពេលជាមួយគ្នានេះដែរ សេដ្ឋកិច្ចអាមេរិក កើនក្នុងអត្រាប្រចាំឆ្នាំ២,៤%ចាប់ពីខែមករាដល់មីនា ។ ក្រសួងថាមពលអាមេរិកនិយាយថា ការផ្គត់ផ្គង់ប្រេងនៅក្នុងប្រទេសបានកើនពី៣លានបារ៉ែលដល់៣៩៧,៦លានបារ៉ែលកាលពីសប្តាហ៍មុន ដែលជាកម្រិតមួយខ្ពស់បំផុតចាប់តាំងពីរដ្ឋាភិបាលចាប់ផ្តើមប្រមូលទិន្នន័យកាលពីឆ្នាំ១៩៧៨ ៕
ចែករំលែកព័តមាននេះ