ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​លីអូ​ប្លន់​ផ្ទះ​តា​យាយ ​បាញ់​1​គ្រាប់​គំរាម​តា​ស្រែក​ រត់​ធ្លាក់​ចូល​អន្ទាក់​ប៉ូលិស

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖​ ក្រុម​ចោរ​លីអូ​ដែល​ល្បី​ល្បាញ​ខាង​ធ្វើ​សកម្ម​ភាព​ប្លន់​ ហើយ​បាត់​ឈ្មោះ​ជា​យូរ​មក​ហើយ​នៅ​តាម​ស្រុក​-ក្រុង​ទាំង​១៧​ នៅ​តំបន់​ត្រើយ​ខាង​កើត​ និង​ត្រើយ​ខាង​​លិច​ទន្លេ​មេគង្គ​ ពេល​នេះ​បាន​លេច​មុខ​ជា​ថ្មី​ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ ក្រុម​ចោរ​មាន​គ្នា​ចំនួន​៤នាក់​ ប្រដាប់​ដោយ​អាវុធ​ខ្លី​១ដើម​ បាន​ធ្វើ​សកម្ម​ភាព​ចូល​ប្លន់​ផ្ទះ​តាយាយ​២នាក់​ ដែល​ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួច​នៅ​ក្នុង​ភូមិ​ទី៧​

ខេត្ត​កំពង់​ចាម​ ៖​ ក្រុម​ចោរ​លីអូ​ដែល​ល្បី​ល្បាញ​ខាង​ធ្វើ​សកម្ម​ភាព​ប្លន់​ ហើយ​បាត់​ឈ្មោះ​ជា​យូរ​មក​ហើយ​នៅ​តាម​ស្រុក​-ក្រុង​ទាំង​១៧​ នៅ​តំបន់​ត្រើយ​ខាង​កើត​ និង​ត្រើយ​ខាង​​លិច​ទន្លេ​មេគង្គ​ ពេល​នេះ​បាន​លេច​មុខ​ជា​ថ្មី​ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ ក្រុម​ចោរ​មាន​គ្នា​ចំនួន​៤នាក់​ ប្រដាប់​ដោយ​អាវុធ​ខ្លី​១ដើម​ បាន​ធ្វើ​សកម្ម​ភាព​ចូល​ប្លន់​ផ្ទះ​តាយាយ​២នាក់​ ដែល​ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួច​នៅ​ក្នុង​ភូមិ​ទី៧​ ឃុំ​កង​តាណឹង​ ស្រុក​កង​មាស​ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣១​ ឧសភា​ ព្រម​ទាំង​បាញ់​គំរាម​១គ្រាប់​ ធ្វើ​ឱ្យ​តា​ភ័យ​តក់​ស្លុត​ ។

លោក​វរសេនីយ៍​ត្រី​ សូ សារិទ្ធ​ អធិការ​នគរ​បាល​ស្រុក​កង​មាស​ ឱ្យ​ដឹង​ថា​ តា​ម្ចាស់​ផ្ទះ​ឈ្មោះ​ អុី ឡូញ​ អាយុ​៦១​ឆ្នាំ​ ហើយ​នៅ​វេលា​ម៉ោង​ជាង​៧​យប់​នោះ​ ខណៈ​កំពុង​អង្គុយ​ហូប​បាយ​នៅ​លើ​គ្រែ​សំយាប​មុខ​ផ្ទះ​ ស្រាប់​តែ​មាន​ក្រុម​ចោរ​ប្លន់​៤នាក់​ ក្នុង​នោះ​ពាក់​ម៉ាស់​មុខ​២នាក់​ ចូល​មក​ដល់​ចាប់​អូស​គាត់​ទម្លាក់​ពី​លើ​គ្រែ​ ហើយ​យក​ក្រមា​ចង​ជើង​ជាប់​ ព្រម​ទាំង​សម្លុត​ឱ្យ​យក​ទ្រព្យ​ដែល​មាន​នៅ​លើ​ផ្ទះ​មក​ឱ្យ​ពួក​គេ​ជា​បន្ទាន់​ ។ ពេល​ចោរ​កំពុង​ធ្វើ​សកម្ម​ភាព​នោះ​ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ ឃឹម យ៉ែម​ អាយុ​៥៨​ឆ្នាំ​ ដែល​នៅ​ខាង​ក្រោម​ផ្ទះ​មើល​មក​ឃើញ​ ក៏​រត់​ទៅ​ពួន​នៅ​ក្បែរ​ជង្រុក​ស្រូវ​ ។ ពេល​នោះ​គាត់​ឃើញ​ចោរ​ម្នាក់​យក​កាំភ្លើង​ខ្លី​ភ្ជង់​តា​ ហើយ​បាញ់​១គ្រាប់​គំរាម​ ។

បន្ទាប់​មក​ក្រុម​ចោរ​បាន​តាម​រក​យាយ​ តែ​រក​មិន​ឃើញ​ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​ក្នុង​គោល​បំណង​រក​ទ្រព្យ​ ។ លុះ​ក្រុម​ចោរ​ឡើង​ទៅ​បាន​បន្តិច​ មិន​ទាន់​នឹង​យក​អ្វី​បាន​ផង​ តា​ដែល​នៅ​ក្រោម​ផ្ទះ​ បាន​ប្រឹង​រើ​បម្រះ​រហូត​របូត​ចំណង​ពី​ជើង​ទាំង​ពីរ​ និង​រត់​ចេញ​ទៅ​ផ្ទះ​អ្នក​ភូមិ​ផង​របង​ជាមួយ​ ថែម​ទាំង​ស្រែក​ឱ្យ​គេ​ជួយ​ ព្រោះ​មាន​ចោរ​ចូល​ប្លន់​ផ្ទះ​របស់​គាត់​ ។ ចំណែក​ពួក​ចោរ​ ពេល​ឮសូរ​តា​ម្ចាស់​ផ្ទះ​ស្រែក​យ៉ាង​ដូច្នេះ​មិន​ហ៊ាន​នៅ​ទេ​ បាន​នាំ​គ្នា​ប្រញាប់​រត់​ចុះ​មក​ដី​វិញ​ ហើយ​គេច​ខ្លួន​បាត់​អស់ ។

លោក​អធិការ​បន្ត​ថា​ ពេល​ដឹង​ពី​ហេតុ​ការណ៍​ នោះ​ លោក​បាន​ចាត់​លោក​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​កង​តាណឹង​ ឱ្យ​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​ ចុះ​ទៅ​ទាំង​យប់​ដល់​ផ្ទះ​កើត​ហេតុ​ ។ ជាមួយ​នេះ​ សមត្ថ​កិច្ច​ ប្រមូល​ភ័ស្តុ​តាង​បាន​មួយ​ចំនួន​ដូច​ជា​ ក្រមា​២​ ស្បែក​ជើង​២គូ​ ម៉ាស់​បិទ​មុខ​១ ដែល​បាន​បន្សល់​ទុក​នៅ​ផ្ទះ​តាយាយ​រង​គ្រោះ​ ។ រហូត​មក​ដល់​ម៉ោង​៦​ និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​១ មិថុនា​ នៅ​ចម្ងាយ​ប្រមាណ​ជា​៧គីឡូ​ម៉ែត្រ​ពី​ផ្ទះ​កើត​ហេតុ​ កម្លាំង​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ព្រែក​កុយ​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ គឺ​ឈ្មោះ​ ម៉ូត​ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ និង​ឈ្មោះ​ នួន​ តេង​លី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់​នៅ​ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​ ដែល​ស្លៀក​តែ​ខោ​លីអូ​ដើរ​តាម​ផ្លូវ​ទាំង​ពីរ​នាក់​ គួរ​ឱ្យ​សង្ស័យ​ ហើយ​បាន​ហៅ​ឃាត់​ដើម្បី​សួរ​នាំ​ ។

ជន​សង្ស័យ​ឈ្មោះ​ ម៉ូត រដ្ឋា​ ឆ្លើយ​សារភាព​ថា​ ក្រុម​របស់​គេ​កាល​ពី​យប់​ថ្ងៃ​ទី​៣១​ ឧសភា​ ពិត​ជា​បាន​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​ចូល​ប្លន់​ផ្ទះ​របស់​តា​យាយ​នៅ​ភូមិ​ទី៧​ ឃុំ​កង​តាណឹង​ ប្រាកដ​មែន​ ។ ក្រោយ​ពី​ទទួល​បាន​បញ្ជា​ពី​លោក​អធិការ​នគរ​បាល​ស្រុក​ ក៏​ដូច​ជា​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២ មិថុនា​ ហើយ​ប្រទះ​ឃើញ​កាំភ្លើង​ខ្លី​១ដើម​ ម៉ាក​កា59 នៅ​ក្នុង​ព្រៃ​របោះ​ ។ ជន​សង្ស័យ​ទាំង​២នាក់​ ត្រូវ​សមត្ថ​កិច្ច​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ក្រោម​កិច្ច​សហការ​ជាមួយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ព្រម​ទាំង​សុំ​ដីកា​តាម​ចាប់​បក្ស​ពួក​មួយ​ចំនួន​ទៀត​ ៕