ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារឹម​​ ង៉ា​ ​បំបាក់​ ​ឃឹម​​ ពេជ្រ​​ចិន្តា​ ​លើ​​រេញ​​បឹង​​ស្នោ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​ការប្រកួត​បើក​ឆាក​រវាង​កីឡាករ​សារឹម​ ង៉ា​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និងសិស្ស​ច្បង​ ឃឹម​ ពេជ្រ​ចិន្តា​ មក​ពី​ក្លិប​បូរី​នាគ​រាជ​ បាន​ធ្វើ​ឱ្យ​រញ្ជួយ​សង្វៀន​បឹងស្នោ​គួរសម​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ។​ អ្វី​ដែល​ សារឹម ង៉ា​ ធ្វើ​ឱ្យ​មហា​ជន​កោត​សរសើរ​នោះ​គឺ​នៅ​ពេល​ដែល​គេអាច​បំបាក់​កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ ឱ្យ​បរាជ័យ​ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ស្ទើរ​ឆ្លង​ទឹក​ទី​៥​ មិន​រួច។​

រាជ​ធានី​ភ្នំពេញ ៖ ​ការប្រកួត​បើក​ឆាក​រវាង​កីឡាករ​សារឹម​ ង៉ា​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និងសិស្ស​ច្បង​ ឃឹម​ ពេជ្រ​ចិន្តា​ មក​ពី​ក្លិប​បូរី​នាគ​រាជ​ បាន​ធ្វើ​ឱ្យ​រញ្ជួយ​សង្វៀន​បឹងស្នោ​គួរសម​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ។​ អ្វី​ដែល​ សារឹម ង៉ា​ ធ្វើ​ឱ្យ​មហា​ជន​កោត​សរសើរ​នោះ​គឺ​នៅ​ពេល​ដែល​គេអាច​បំបាក់​កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ ឱ្យ​បរាជ័យ​ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ស្ទើរ​ឆ្លង​ទឹក​ទី​៥​ មិន​រួច។​

នៅ​ចន្លោះ​ទឹក​ទី​១​ ដល់​ទី​៣​ កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ នៅ​រក្សា​ជំហរ​រឹង​មាំ និង​បង្ហាញ​សន្ទុះ​វាយ​បកទៅ​មកៗ​ជាមួយ​កីឡាករ​សារឹម​ ង៉ា​ ក្នុង​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នៅ​ឡើយ​ទេ​ បើ​ទោះជា​មើលទៅ​កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ មាន​សភាព​វាយ​លុក​​បែប​កញ្ជ្រោល​ ដែល​ផ្ទុយ​ពី​កីឡា​ករ​សារឹម​ ង៉ា​ ដែល​ទាល់​តែ​មាន​ប្រឡោះ​ទើប​សម្រុក​វាយ​ ហើយ​កម្រ​ខុស​គោល​ដៅ​នោះ​ក្តី ។​ ជាក់​ស្តែង​នៅ​ក្នុង​ទឹក​ទី​៣​ កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ ឈ្នះ​ដាច់តែម្តង​ ដែ​ល​កាន់​តែ​ពិបាក​ប៉ាន់​ស្មាន​ថា​ រវាង​សិស្ស​ច្បង​និងសិស្ស​ប្អូន​ទាំង​ពីរ​ តើ​អ្នក​ណា​ជាអ្នក​ឈ្នះ​ក្នុង​ជំនួប​ដែល​ពួក​គេជួបគ្នា​លើក​ដំបូង ។​

រហូត​ដល់​ទឹក​ទី​៤​ និង​ទី​៥​ ទើប​គេ​ឃើញ​សន្ទុះ​របស់​កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ ចាញ់​ប្រៀប​ដាច់​កីឡាករ​សារឹម ង៉ា​ តែ​ម្តង ។​ ២​ទឹក​ចុង​ក្រោយ​នេះ​ កីឡាករ​សារឹម​ ង៉ា​ ដែល​មាន​កម្លាំង​នៅ​មាំទាំជាង​ ហាក់​ព្រមាន​សិស្ស​ច្បង​ចាស់​ដៃ​ជាងមុន​ ដោយ​ក្រៅ​ពី​ម៉ាត់​ចំ​ផូងៗ​ គេ​ក៏​ទាត់​ផុតៗ​ក្បាល​ ឃឹម​ ពេជ្រ​ចិន្តា​ និងបាន​ប៉ែង​ជើង​ឱ្យ​ដួល​ច្រងាប់​ច្រងិល​ខុស​ពី​ដើម​ទឹក ។ ឈាន​ជិត​ដល់​ទឹក​ចុង​ក្រោយ​ កីឡាករ​បង្គោល​ខៀវ​ ឃឹម​ ពេជ្រ​ចិន្តា​ កាន់​តែ​អស់​ដៃ​អស់​ជើង​បាត់​ជំហរ​ ដោយ​សូម្បីតែ​ក្នុងពេល​ស្ទុះ​វាយ​បង្គោល​ក្រហម ក៏​ដួល​ត្រឡប់​ត្រឡិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ហួស​ចិត្ត​ដែរ ។​

ទោះ​បី​យ៉ាងណា​ មិន​មាន​អ្នក​ណាម្នាក់​សម្តែង​ការ​រិះ​គន់​ចំពោះ​សភាព​ចុះ​ខ្សោយ​របស់​កីឡាករ​ឃឹម​ ពេជ្រ​ចិន្តា​ នោះ​ទេ​ ដោយសារ​​តែ​គេដឹង​រួច​ទៅ​ហើយ​ថា​ កីឡាករ​បង្គោល​ក្រហម​ សារឹម​ ង៉ា​ ជាជើង​ខ្លាំង​ស្រករ​ក្រោយ​ដែល​មាន​កម្លាំង​ខ្លាំង​ និង​ច្រើន​បញ្ចេញ​កម្លាំងវាយ​សម្រុក​បាន​ល្អ​ចាប់​ពី​ទឹក​ទី​៣។​ កីឡាករ​សារឹម​ ង៉ា​ សើច​ផង​ លោត​ផង​ តាំង​ពី​មុន​ពេល​ប្រកាស​ថា​ គេឈ្នះ​ពិន្ទុ​លើ​កីឡា​ករ​ឃឹម​ ពេជ្រ​ចិន្តា ។​ កីឡាករ​ទាំងពីរ​នឹង​ជួបគ្នា​សង​សឹក​ឆាប់ៗ​ បើ​ទោះ​ជា​ការព្យាករ​នៅ​តែ​បង្ហាញ​ថា ឃឹម​ ពេជ្រ​ចិន្តា​ ពិត​ជា​ពិបាក​ជា​មួយ​កីឡាករ​សារឹម​ ង៉ា​ សម្រាប់​ជំនួប​ក្រោយៗ​ដដែល​នោះ​ក៏​ដោយ ។

​សម្រាប់​គូ​ប្រកួត​ផ្សេង​ទៀត​ កីឡាករ​ឆាយ​ រដ្ឋា​ មក​ពី​ក្លិបបាត់​ដំបង​ពាយ័ព្យ​ ចាញ់​កីឡាករ​ប្រាក់​ ស៊ីណាត​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ដោយ​ពិន្ទុ ។​ កីឡាករ​ឯម​ ស៊ីថុង​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ៍សែន​ជ័យ​ ឈ្នះ​កីឡាករ​ផាន់​ សារ៉ែម​ មក​ពី​ក្លិប​គជ​សារ​កីឡា​ដោយ​ពិន្ទុ ។​ កីឡាករ​ថន វាសនា​ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ឈ្នះ​កីឡាករ​ទូច​ ស័ក្ត​ មកពី​ក្លិប​រស្មី​កុមារ​កំព្រា​ដោយ​ពិន្ទុ​ និង​កីឡាករ​ចាន់​ ស៊ីណាត​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ និង​កីឡាករ​លាភ សំណាង​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ ត្រូវ​បញ្ឈប់​មិន​ឱ្យ​ប្រកួត​ត្រឹម ទឹក​ទី​៤ (ស្មើ​គ្នា)​ ដោយ​សារ​កីឡាករ​ទាំង​ពីរ​បែក​ចិញ្ចើម​ធ្ងន់​ធ្ងរ​ដូចគ្នា​ ដែល​មិនអាច​ឱ្យ​ពួក​គេ​បន្ត​ការប្រកួត​ទៀត​បាន ៕​