រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់ FAM-Frenz U15 Asean Champions Trophy 2013 ដែលបានរៀបចំធ្វើកាលពីល្ងាចថ្ងៃទី១ មិថុនា នៅពហុកីឡដ្ឋានជាតិ ក្រុមម្ចាស់ផ្ទះ U15 ភ្នំពេញក្រោនបានបាត់បង់ជ័យជម្នះនៅនាទីចុងក្រោយគួរឱ្យសោកស្តាយសម្រាប់ការបង្ហាញខ្លួនលើកទី២ ជួបជាមួយក្រុម U15 Frenz Malaysia A ដោយទទួលបានត្រឹមលទ្ធផលស្មើ ១-១ ។
នៅតង់ទី១ ខណៈការប្រកួតឈានចូលដល់នាទីទី៣៤ កីឡាករឈួត សេងទៀង ពាក់អាវលេខ១៩ របស់ក្រុម U15 ភ្នំពេញក្រោនមានឱកាសរកបានគ្រាប់បាល់១គ្រាប់ឱ្យក្រុមរបស់ខ្លួន ធ្វើឱ្យទស្សនិកជនដែលចូលទស្សនាយ៉ាងច្រើនកុះករផ្តល់សំឡេងស្រែកហ៊ោគាំទ្រក្នុងទឹកចិត្តសប្បាយរីករាយក្រៃលែង ។ នៅតង់ទី២ ការប្រកួតកាន់តែមានសភាពស្វិតស្វាញទ្វេឡើងដោយគេឃើញក្រុមទាំង២លេងវាយបកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានក្រុមណាមួយអាចរកគ្រាប់បាល់បានឡើយ ទើបគេគិតថាក្រុម U15 ភ្នំពេញក្រោនរបស់កម្ពុជាពិតជាឈ្នះសម្រាប់ការប្រកួតលើកនេះ ។
ប៉ុន្តែបាល់មូលពិតជាមិនទៀងទាត់ឡើយ ខណៈការប្រកួតឈានដល់ម៉ោងបន្ថែម គឺនៅនាទីទី៩០+២ ទៅហើយ កីឡាករ Moh Akhmar Haiqal របស់ក្រុម U15 Frenz Malaysia A បានទាត់បាល់បញ្ចូលទីក្រុម U15 ភ្នំពេញក្រោនបាន១គ្រាប់វិញ ធ្វើឱ្យចប់ការប្រកួតក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា១-១ ។ ទោះបីក្រុម U15 ភ្នំពេញក្រោនបាត់បង់ជ័យជម្នះសម្រាប់ការប្រកួតលើកនេះក៏ដោយ ក៏ក្រុមនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជនខ្មែរ ព្រោះកីឡាករក្រុមនេះលេងប្រកបដោយបច្ចេកទេសខ្ពស់ និងមានភាពវ័យឆ្លាតផងដែរ សមជាធនធានដ៏ល្អសម្រាប់ក្លាយជាក្រុមជម្រើសជាតិដ៏មានសក្តានុពលរបស់កម្ពុជានាថ្ងៃអនាគត ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ខាងលើនេះបានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី២៥ ឧសភាមកម៉្លេះ ហើយនៅថ្ងៃទី៦ មិថុនាសប្តាហ៍នេះ ក្រុម U15 ភ្នំពេញក្រោនរបស់កម្ពុជានឹងជួបប្រកួតជាមួយក្រុម Singapore NFA របស់សិង្ហបុរីនៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី នៅវេលាម៉ោង៧និង៤៥នាទីយប់ ៕
ចែករំលែកព័តមាននេះ