រាជធានីភ្នំពេញ ៖ កំពូលអ្នកប្រដាល់មាឌតូចចិត្តធំចេង រិទ្ធី មកពីក្លិបសាលវ័ន្តកីឡា បានធ្វើឱ្យ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ចាញ់ការប្រកួតដោយពិន្ទុទាំងមិនអស់ចិត្តឡើយ សម្រាប់ការជួបគ្នានៅក្នុងវគ្គជម្រុះវិលជុំពូលA ដើម្បីឈានទៅដណ្តើមខ្សែក្រវាត់ K-cement ទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀនCTN កាលពីរសៀលថ្ងៃអាទិត្យទី២ មិថុនា កន្លងមកនេះ ។
គ្រាន់តែបើកឆាកប្រកួតភ្លាម ឃីម បូរ៉ា ហាក់ដូចជាខ្លាកំណាចឃើញកូនឈ្លូសអីុចឹង គេបានស្ទុះចូលវាយគូប្រកួតទាំងកម្រោលតែម្តងដោយប្រើស្នៀតជើងធាក់ និងទាត់ចូលកណ្តៀតក្អម ចេង រិទ្ធី បណ្តាលឱ្យដួលត្រឡប់ត្រឡិន តែចេង រិទ្ធី នៅតែក្រោកឡើងដើរចូលវាយសងវិញដោយគ្មានញញើតបន្តិចសោះ ។ នៅទឹកទី២ និងទឹកទី៣ ឃីម បូរ៉ា នៅតែបើកការវាយប្រហារទៅលើគូប្រកួតមិនថមថយឡើយ ឯចេង រិទ្ធី បានព្យាយាមរុលចូលកៀក វាយចូលពោះទឹកពេញៗ ។
ឃីម បូរ៉ា ពេលចេង រិទ្ធី ចូលកៀកមិនអាចប្រើស្នៀតជើងបានគេបានប្តូរមកប្រើស្នៀតកែងវិញវាយត្រូវចំចិញ្ចើមខាងស្តាំចេង រិទ្ធី បណ្តាលឱ្យបែករយះចេញឈាមហូរជោកមុខ ប៉ុន្តែមិនដល់ថ្នាក់ប្រកួតលែងកើតទេ ។ ក្រោយពីគ្រូពេទ្យពិនិត្យរួចនិងអនុញ្ញាតឱ្យប្រកួតបន្តទៀតនោះចេង រិទ្ធី មិនខុសពីខ្លាត្រូវរបួសឡើយ ដោយគេបើកការវាយប្រហារវិញយ៉ាងចាស់ដៃពេលការប្រកួតឈានចូលដល់ទឹកទី៤ ។ ស្នៀតកណ្តាប់ដៃរបស់ចេង រិទ្ធី បានវាយចូលមុខឃីម បូរ៉ា ផាច់ៗស្ទើរដាច់ផ្ងារម្តងៗ រហូតដល់ថ្នាក់គូប្រកួតតដៃលែងកើតត្រូវលោកអាជ្ញាកណ្តាលមាស សុខគ្រី រាប់៨ម្តងទៀតផង ។ កម្លាំង ឃីម បូរ៉ា ចាប់ផ្តើមស្រុតចុះយ៉ាងខ្លាំងនៅចុងទឹកទី៤និងទី៥ ធ្វើឱ្យចេង រិទ្ធី កាន់តែមានឱកាសតាមម៉ាត់ចូលមុខនិងពោះទឹកពេញៗផ្ទប់ខ្សែរេញស្ទើរកម្រើកខ្លួនលែងកើត ទើបជ័យជម្នះបានធ្លាក់ទៅលើកណ្តាប់ដៃចេង រិទ្ធី ដោយទទួលបាន៣ពិន្ទុ ។
រីឯគូប្រកួតមិត្តភាពវិញ កីឡាករឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា យកឈ្នះកីឡាករព្រំ សំណាង មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ដោយពិន្ទុ ។ កីឡាករគឿម សុវណ្ណឌឿត មកពីក្លិបកងពលតូចលេខ៧០ យកឈ្នះកីឡាករទឹម សាន មកពីក្លិបសិង្ហកីឡាដោយពិន្ទុ ។ កីឡាករអាត មាស មកពីក្លិបអរុណរៈកីឡា ប្រកួតលក្ខណៈសាកលអាជីពយកឈ្នះកីឡាករ ប៊ី យីម មកពីក្លិបភ្នំពេជ្រកីឡាដោយពិន្ទុ និងកីឡាករហែម ថង មកពីមជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរៈភូមិន្ទ យកឈ្នះកីឡាករឡុង ប៊ុនរ៉ាត់ មកពីក្លិបសាលវ័ន្តកីឡាដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ