ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២ មិថុនា លោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តំណាងក្រសួងយុត្តិធម៌កម្ពុជា រួមជាមួយប្រតិភូអមដំណើរ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៦ ឧសភា រហូតដល់ថ្ងៃទី១ មិថុនា ២០១៣ ។
គណៈប្រតិភូតំណាងក្រសួងយុតិ្តធម៌កម្ពុជា ដឹកនាំដោយលោកផាន់ វណ្ណរ័ត្ន បានចូលរួមក្នុងកិច្ចប្រជុំ២ដាច់ដោយឡែកពីគ្នាគឺទី១-សិក្ខាសាលាស្តីពីតួនាទីព្រះរាជអាជ្ញាសម្រាប់ស៊ើបអង្កេត ការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា រៀបចំធ្វើឡើងដោយអគ្គលេខាធិការដ្ឋានអាស៊ាន និងការិយាល័យតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក និងទី២-សន្និសីទស្តីពីប្រព័ន្ធសម្រាប់បង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា រៀបចំធ្វើឡើងដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងការិយាល័យតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក ។
កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញានៅជុំវិញពិភពលោក ទៅលើក្រុមឈ្មួញខិលខូចក្នុងការក្លែងបន្លំស្លាកសញ្ញា និងម៉ាកផលិតផលឱសថ និងភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងផលិតផលមួយចំនួនទៀតដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ។
សិក្ខាសាលាស្តីពីតួនាទីព្រះរាជអាជ្ញាសម្រាប់ស៊ើបអង្កេតការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាបានរៀបចំធ្វើនៅសណ្ឋាគារអេតាស ក្រុងបាងកក ដោយមានការចូលរួមពីសមាជិកមកពី១១ប្រទេស ។ លោកផាន់ វណ្ណរ័ត្ន បានចូលរួមធ្វើជាវាគ្មិន និងឡើងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា និងបានចូលរួមយោបល់លើគម្រោងបង្កើតមជ្ឈមណ្ឌលសម្រាប់ការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញានៅក្នុងក្របខ័ណ្ឌអាស៊ាន។ សិក្ខាសាលានេះដំណើរការរយៈពេល៣ថ្ងៃ ។
ដោយឡែក សម្រាប់សន្និសីទស្តីពីប្រព័ន្ធសម្រាប់បង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាដែលមានសមាជិកមកពី១៥ប្រទេសចូលរួម លោកផាន់ វណ្ណរ័ត្ន ឡើងធ្វើបទបង្ហាញស្តីពីយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញារបស់មន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ ។ លោកបានបញ្ជាក់អំពីតួនាទីដ៏មានសារសំខាន់របស់ព្រះរាជអាជ្ញាក្នុងការដឹកនាំ និងសម្របសម្រួលមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីស្វែងរកភស្តុតាងផ្សេងៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាក្រៅប្រទេស តាមរយៈយន្តការអាជ្ញាកណ្តាលរបស់ប្រទេសនីមួយៗ ដោយហេតុថាសមាជិកអាស៊ានទាំងអស់បានផ្តល់សច្ចាប័នរួចរាល់ហើយទៅលើសនិ្ធសញ្ញាអាស៊ានស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។ សន្និសីទស្តីពីប្រព័ន្ធសម្រាប់បង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាដំណើរការរយៈពេល២ថ្ងៃ ។
សិក្ខាសាលា និងសន្និសីទខាងលើ បានផ្តល់ឱ្យប្រតិភូដែលចូលរួមទទួលបាននូវបទពិសោធន៍ល្អៗ និងយោបល់ដ៏មានសារសំខាន់អាចជួយឱ្យយកបទពិសោធន៍ទាំងនោះទៅអនុវត្តនៅតាមប្រទេសរៀងៗខ្លួន ដើម្បីឱ្យការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាកាន់តែមានប្រសិទ្ធភាព ។
គួរបញ្ជាក់ថា គណៈប្រតិភូតំណាងក្រសួងយុតិ្តធម៌កម្ពុជាដឹកនាំដោយលោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានការចូលរួមអមដំណើរដោយមន្ត្រីមកពីក្រសួងពាណិជ្ជកម្ម១រូប ក្រសួងយុតិ្តធម៌១រូប និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៣រូប និងខេត្តសៀមរាប១រូប ៕
ចែករំលែកព័តមាននេះ