រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ សូ សុភាព បានត្រូវប៉ូលិសចាប់ខ្លួន ដោយសារតែមានជម្លោះវាយតប់គ្នាជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនជាមួយគ្នា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ មិថុនា បណ្តាលឱ្យបែកក្បាល នៅចំណុចផ្ទះជួល ក្នុងក្រុមទី១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទោះជាបែបណា ចំពោះរឿងនេះ ត្រូវបានអ្នកខ្លះនិយាយថា ប៉ូលិសមិនគួរឃាត់ខ្លួនតែម្ខាងទេ គួរតែឃាត់ខ្លួនទាំងសងខាង ព្រោះមានការវាយគ្នាទៅវិញទៅមក ។
ចំណែកប៉ូលិសអះអាងថា មូលហេតុដែលប៉ូលិសឃាត់ខ្លួនតែម្ខាង ដោយសារតែឈ្មោះ សូ សុភាព ប្រើដែកវាយទៅលើក្បាលភាគីម្ខាងទៀត បណ្តាលឱ្យរងរបួសធ្ងន់ ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌខណ្ឌសែនសុខបង្ហើបឱ្យដឹងថា ជម្លោះកើតឡើងដោយសារតែភាគីម្ខាងឡើងទៅវាយភាគីដែលត្រូវចាប់ខ្លួននោះដល់លើផ្ទះមួយដៃ ព្រោះតែចោទថា ជាអ្នករាយការណ៍ពីរឿងរ៉ាវដែលគេលាក់បាំង ដល់អ្នកគ្រប់គ្រងក្រុមហ៊ុន ។
មន្ត្រីប៉ូលិសបានរៀបរាប់ពីដំណើររឿងថា នៅថ្ងៃទី១ មិថុនា វេលាម៉ោង៩ព្រឹក ឈ្មោះ សូ សុភាព កំពុងអង្គុយក្នុងបន្ទប់ជាន់ទី១ គូរប្លង់សាងសង់ទីលានបាល់ទាត់ឱ្យក្រុមហ៊ុន ស្រាប់តែឈ្មោះ ស្រី ឆន ជាគណនេយ្យក្រុមហ៊ុន ស្នាក់នៅផ្ទះជួលម្តុំផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានដើរឡើងចូលទៅបន្ទប់អ្នកគូរប្លង់នោះ ។ ពេលនោះឈ្មោះ ស្រី ឆន បានសួរឈ្មោះ សូ សុភាព ថា និយាយរឿងអ្វីប្រាប់ប្រធានក្រុមហ៊ុន ទើបបានជាប្រធានក្រុមហ៊ុនខឹងនឹងរូបគេខ្លាំងម៉្លេះ តែឈ្មោះ សូ សុភាព បដិសេធថា មិនបាននិយាយអ្វីទេ ហើយក៏មានការប្រកែកសម្តីគ្នា ។
បន្ទាប់មក ស្រាប់តែឈ្មោះ ស្រី ឆន ដាល់ឈ្មោះ សូ សុភាព មួយដៃចំថ្គាមខាងឆ្វេង បណ្តាលឱ្យដួលអុកគូទ ឯបុរសឈ្មោះ សូ សុភាព ក៏ស្ទុះងើបឡើងយកដែកថ្នាំងអំពៅប្រវែងប្រហែលកន្លះម៉ែត្រ វាយទៅលើឈ្មោះ ស្រី ឆន វិញ បណ្តាលឱ្យរងរបួសបែកក្បាលខាងមុខ ប៉ោងថ្គាមស្តាំ រលាត់ជង្គង់ឆ្វេង និងរបួសគុម្ពត្រចៀកស្តាំ ហើយភ្លាមៗត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកឯឈ្មោះ សូ សុភាព ត្រូវប៉ូលិសឃាត់ខ្លួន ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។ជនជាប់ចោទត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ