ខេត្តបាត់ដំបង ៖ បន្ទាប់ពីភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅលេបត្របាក់ផ្ទះមួយកន្លែងសង់ពីថ្មក្រោមឈើលើប្រក់ស័ង្កសីនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង វេលាម៉ោង១១និង៣០នាទីថ្ងៃទី៣ មិថុនា ២០១៣ ពេលនេះភ្លើងបានឆេះផ្ទះនោះអស់ទាំងស្រុងហើយ ។
ប្រភពព័ត៌មានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះសា ប្រពន្ធឈ្មោះវីណា ជាអាជីវករលក់គ្រឿងក្រអូបនៅផ្សារបឹងឈូក ដែលម្ចាស់ផ្ទះនេះមិនសូវនៅផ្ទះទេ តែងតែបិទចាក់សោចោលយូរៗទើបឃើញចេញចូលម្តង ។
សូមបញ្ជាក់ថា ពេលនេះព្រះអគ្គីបានលេបត្របាក់ផ្ទះទំហំ១២គុណ៦ម៉ែត្រនេះអស់ទាំងស្រុងហើយនៅសល់តែចំរឹងគ្រោងដែកខ្លះៗប៉ុណ្ណោះ ទោះជាមានអន្តរាគមន៍ទាន់ពេលវេលាពីរថយន្តពន្លត់អគ្គិភ័យ២គ្រឿងរបស់ខេត្ត ប៉ុន្តែជាលទ្ធផលបានទប់ស្កាត់មិនឱ្យភ្លើងរាលដាលទៅកាន់ផ្ទះអ្នកជិតខាង ។
សាក្សីនៅកន្លែងកើតហេតុបានឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះនេះ តែមិនទាន់ដឹងមូលហេតុច្បាស់ទេ ប៉ុន្តែពលរដ្ឋនៅតំបន់នោះទាំងអស់ផ្តោតការសង្ស័យទៅលើចរន្តអគ្គិសនី ដោយសារតាំងពីព្រឹកមានការដាច់ចរន្តអគ្គិសនី៧ដង ដល់ពេលចរន្តអគ្គិសនីមកដល់លើកទី៧ ក៏ឃើញទុស្សេលេចអណ្តាតភ្លើងចេញពីផ្ទះនោះតែម្តង ៕
ចែករំលែកព័តមាននេះ