ខេត្ដពោធិ៍សាត់ ៖ ស្ពានដែកប្រវែង៨៤ម៉ែត្រ ដែលទើបស្ថាបនារួចជាចំណងដៃរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ភូមិព្រៃក្ដីកណ្ដាល ឃុំកណ្ដៀង ស្រុកកណ្ដៀង បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១ មិថុនា ក្រោមអធិបតីភាពលោករដ្ឋមន្ដ្រី ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដពោធិ៍សាត់ ។
លោក សុក លីមុត អភិបាលស្រុកកណ្ដៀងបានថ្លែងថា ស្ពាននេះជាអំណោយរបស់សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ដែលពីមុនមានទីតាំងនៅស្រុកសំពៅមាស សព្វថ្ងៃគឺក្រុងពោធិ៍សាត់ ។ នៅឆ្នាំ២០១១ ដោយសារសម្ដេចតេជោ ហ៊ុន សែនផ្ដល់ស្ពានថ្មថ្មីនៅខាងមុខសាលាខេត្ដ ទើបរើមកធ្វើនៅទីនេះវិញ ។ ស្ពានដែកកម្រាលឈើនេះមានប្រវែង៨៤ម៉ែត្រ ទទឹង២,៧ម៉ែត្រ ចាប់សាងសង់ពីថ្ងៃទី១៥ កុម្ភៈ ២០១២ បញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ មិថុនា ២០១២ ដោយចំណាយអស់ថវិកា៩០.០០០ដុល្លារអាមេរិក ជាធនធានផ្ទាល់របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកណ្ដៀង ដែលដឹកនាំដោយលោកឯក សុនចាន់។ ស្ពាននេះឆ្លងស្ទឹងកណ្ដៀងតភ្ជាប់ពីឃុំកណ្ដៀងទៅឃុំអន្លង់វិល មានប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋទូទៅធ្វើដំណើរ ពិសេសសិស្សទៅសាលា យាយតាទៅវត្ដ ប្រជាពលរដ្ឋដឹកកសិផលទៅកាន់ទីផ្សារ បញ្ជូនស្រ្ដីឆ្លងទន្លេ ឬអ្នកជំងឺទៅមណ្ឌលសុខភាពជាដើម ដែលពីមុនជិះវាងចម្ងាយរាប់សិបគីឡូម៉ែត្រ និងឆ្លងទូកប្រថុយប្រថាននឹងគ្រោះថ្នាក់ទៀងផង ។
លោករដ្ឋមន្ដ្រី ស៊ុយ សែម មានប្រសាសន៍ថា ស្ពាននេះកើតចេញពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ងាយស្រួលក្នុងការធ្វើដំណើរឆ្លងទៅមក កាត់បន្ថយការចំណាយថវិកាចំណេញពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលជាគោលនយោបាយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។ ពីមុនខេត្ដពោធិ៍សាត់ មានតែស្ពានពីរទេ គឺស្ពានថ្មចាស់ផ្លូវជាតិលេខ៥ និងស្ពានឈើខាងមុខមន្ទីរប្រៃសណីយ៍ប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានតាំងពីស្ពានយោល ស្ពានថ្ម ស្ពានដែក និងស្ពានឈើជាច្រើនទៀតនៅគ្រប់ទីកន្លែង ។ លោកសូមឱ្យប្រជាពលរដ្ឋជួយថែរក្សា ដាំដើមរៃទឹកតាមមាត់ស្ទឹង កុំឱ្យបាក់ច្រាំង និងកុំឱ្យរថយន្ដដឹកធ្ងន់បើកបរលើស្ពាននោះ ។
លោករដ្ឋមន្ដ្រីមានប្រសាសន៍ទៀតថា សម្រាប់ចាស់ៗ ពេលវេលានៅខ្លីណាស់ យើងគួរតែធ្វើអំពើល្អបន្សល់ទុកជាគំរូដល់កូនចៅជំនាន់ក្រោយ កុំនិយាយកុហកបោកប្រាស់ និងនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខនេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ស៊ុយ សែមបានឧបត្ថម្ភសាលាស្រុក ១លានរៀល ឃុំកណ្ដៀង ៣០ម៉ឺនរៀល កងកម្លាំង៥០ម៉ឺនរៀល គ្រូបង្រៀន១៧៦នាក់ ក្នុងម្នាក់ៗក្រមា១ ថវិកា១០.០០០រៀល សិស្សានុសិស្ស២៣០នាក់ ម្នាក់ៗសៀវភៅ៣ក្បាល ប៊ិក១ដើម និងប្រជាពលរដ្ឋជាង២.០០០នាក់ ម្នាក់ៗក្រមា១ ៕
ចែករំលែកព័តមាននេះ