ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាម​ទារ​ឱ្យ​សិប្ប​កម្ម​ផលិត​ទឹក​កក​រើ​ចេញ​ពីផ្សារ​ក​អណ្តើក​

11 ឆ្នាំ មុន

ខេត្ដ​ព្រៃវែង​ ៖​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​​ ឧសភា​កន្លង​ទៅ​ មន្ដ្រី​ដោះ​ស្រាយ​វិវាទ​មួយ​ក្រុម​ មក​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ រួម​ជាមួយ​នឹង​អាជ្ញាធរ​ដែន​ដី​ស្រុក​កំពង់​ត្របែក​​ បាន​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហា​វិវាទ​មួយ​ ដែល​បាន​កើត​ឡើង​ជាង​មួយ​ឆ្នាំ​មក​ហើយនៅ​ផ្សារ​កអណ្ដើក​ រវាង​ប្រជា​ពល​រដ្ឋ​ផ្សារ​កអណ្តើក​និង​រោង​សិប្បកម្ម​ផលិត​ទឹក​កក​ ហ៊ួត​ អៀង​ ​ ស្ថិត​ក្នុង​ភូមិ​ចំបក់​​ ឃុំ​ប្រាសាទ​​ ស្រុក​កំពង់​ត្របែក​ ។

ខេត្ដ​ព្រៃវែង​ ៖​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​​ ឧសភា​កន្លង​ទៅ​ មន្ដ្រី​ដោះ​ស្រាយ​វិវាទ​មួយ​ក្រុម​ មក​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ រួម​ជាមួយ​នឹង​អាជ្ញាធរ​ដែន​ដី​ស្រុក​កំពង់​ត្របែក​​ បាន​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហា​វិវាទ​មួយ​ ដែល​បាន​កើត​ឡើង​ជាង​មួយ​ឆ្នាំ​មក​ហើយនៅ​ផ្សារ​កអណ្ដើក​ រវាង​ប្រជា​ពល​រដ្ឋ​ផ្សារ​កអណ្តើក​និង​រោង​សិប្បកម្ម​ផលិត​ទឹក​កក​ ហ៊ួត​ អៀង​ ​ ស្ថិត​ក្នុង​ភូមិ​ចំបក់​​ ឃុំ​ប្រាសាទ​​ ស្រុក​កំពង់​ត្របែក​ ។

​ ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ខាងលើ​នេះ​ កើត​ឡើង​គឺ​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ជា​បន្ដ​បន្ទាប់​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ផ្សារ​កអណ្ដើក​ ដោយ​បាន​ដាក់​ពាក្យ​ប្ដឹង​តាំង​ពី​ថ្នាក់​ស្រុក​រហូត​ដល់​ថ្នាក់​ខេត្ដ​ ។​ ប៉ុន្ដែ​រាល់​ការ​ដោះ​ស្រាយ​ពី​ស្ថាប័ន​ជំនាញ​ និង​មន្ដ្រី​មូលដ្ឋាន​ទាំង​ថ្នាក់​ស្រុក​និង​ខេត្ដ​ គឺ​ពុំ​មាន​លទ្ធផល​សម​ស្រប​ដែល​អាច​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទទួល​យក​បាន​ ឡើយ​ ហើយ​ចុង​ក្រោយ​បង្អស់​នៃ​ពាក្យ​បណ្ដឹង​នេះ​ ត្រូវ​បាន​រុញ​បន្ដ​ទៅ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​តែម្ដង​ ។​

បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ប្រជា​ពល​រដ្ឋ​ ក្រសួង​ក៏​ប្រកាស​ឱ្យ​រោង​សិប្បកម្ម​ផលិត​ទឹក​កក​ ហ៊ួត​ អៀង​ នេះ​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​៣​ខែ​ ដើម្បី​ឱ្យ​មន្ដ្រី​បច្ចេកទេស​នៃ​ស្ថាប័ន​ជំនាញ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ពី​ស្ដង់​ដា​បច្ចេកទេស​នៃ​គ្រឿង​ម៉ាស៊ីន​នៅ​ក្នុង​រោង​សិប្បកម្ម​​នោះ​ ហើយ​ក្រោយ​មក​ក៏​តម្រូវ​ឱ្យ​ម្ចាស់​រោង​សិប្បកម្ម​កែ​តម្រូវ​គ្រឿង​ម៉ាស៊ីន​មួយ​ចំនួន​ឱ្យ​ទៅ​តាម​ស្ដង់​ដា​​ និង​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​អាជីវ​កម្ម​សាជា​ថ្មី​ ។​ ប៉ុន្ដែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ការ​ជួស​ជុល​កែលម្អ​របស់​ម្ចាស់​សិប្បកម្ម​នៅ​តែ​មិន​ទាន់​អនុលោម​ទៅ​តាម​ស្ដង់​ដា​ដែល​កំណត់​នៅ​ឡើយ​ ហើយ​ប្រជា​ពលរដ្ឋ​នៅ​តែមិន​អាច​ទទួល​យក​បាន​ ទើប​សម្រេច​ចិត្ដ​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឱ្យ​ផ្លាស់​ប្ដូរ​ទីតាំង​រោង​សិប្បកម្ម​ ហ៊ួត​ អៀង​ នេះ​ទៅ​ទីតាំង​ផ្សេង​តែ​ម្ដង​ ។​

នៅ​ក្នុង​ដំណើរ​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​នេះ​ ភាគី​វិវាទ​ទាំង​២​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​បក​ស្រាយ​ពី​គោល​ជំហរ​របស់​ខ្លួន​ និង​អំណះ​អំណាង​ការ​ពារ​ផង​ដែរ​ ។​ លោក​ស្រី​ ហ៊ួត​ អៀង​ម្ចាស់​សិប្បកម្ម​ទឹកក​ ហ៊ួត​ អៀង​ បាន​ស្នើ​សុំ​បន្ដ​អាជីវកម្ម​របស់​ខ្លួន​តទៅទៀត​ ដោយ​សុខ​ចិត្ដ​កែ​សម្រួល​គ្រឿង​ចក្រ​របស់​ខ្លួន​ឡើង​វិញ​ឱ្យ​ត្រឹម​ត្រូវ​តាម​ស្ដង់​ដា​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​​ពលរដ្ឋ​នៅ​ជុំ​វិញ​ទៀត​ ។​ ដោយឡែក​​លោក​ តូច​ គីម​ ជា​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​ផ្សារ​កអណ្ដើក​ បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ថា​ ពួក​គាត់​មិន​មាន​ជំនឿ​លើ​ការ​កែ​សម្រួល​គ្រឿង​ចក្រ​អ្វីទៀត​ទេ​ ព្រោះ​កន្លង​មក​ ក្រសួង​បាន​តម្រូវ​ឱ្យ​ម្ចាស់​សិប្បកម្មនេះ​ កែ​សម្រួល​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ។​

ប៉ុន្ដែ​ម្ចាស់​សិប្បកម្ម​មិន​ធ្វើ​តាម​ការ​កំណត់​របស់​ក្រសួង​ឡើយ​ ហើយ​នៅ​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ដដែល​​ ទើប​ពួក​គាត់​ចង់​ឱ្យ​រោង​សិប្ប​កម្ម​មួយ​នេះ​ ប្ដូរ​ទី​តាំង​ទៅ​កន្លែង​ផ្សេង​ ព្រោះ​នៅ​ពេល​សិប្បកម្មនេះ​​បញ្ឆេះ​ម៉ាស៊ីន​ដំណើរ​ការ​ផលិត​ទឹក​កក​ម្ដង​ៗ​ គឺ​បាន​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​ និង​ការ​រស់​នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​​ ។​ តំណាង​ពលរដ្ឋ​និយាយថា​ សំឡេង​របស់​ម៉ាស៊ីន​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​សម្រាក​បាន​ ផ្សែង​ និង​ម្រែង​ភ្លើង​បាន​សាយ​ភាយ​ និង​ធ្លាក់​ទៅ​លើ​ផ្ទះ​ដែល​នៅ​ជុំវិញ​នោះ​ ធ្វើ​ឱ្យ​ប្រឡាក់​ចាន​ ឆ្នាំង​​ សម្លៀក​បំពាក់​​ និង​របស់​របរ​ប្រើ​ប្រាស់​ផ្សេង​ៗ​​លាង​មិន​ឈ្នះ​ជា​រៀង​រាល​់ថ្ងៃ​ ។​

ជា​ពិសេស​គឺ​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​កាក​សំណល់​ក្នុង​រោង​សិប្ប​កម្មនេះ​ រួម​ទាំង​សារធាតុ​អាម៉ូនីញាក់​ ដែល​ប្រើ​ប្រាស់​ធ្វើ​ឱ្យ​ទឹក​ កក​ជា​ទឹក​កក​នោះ​ គឺ​សាយ​ភាយ​គ្រប់​ទី​កន្លែង​ធ្វើ​ឱ្យ​ពិបាក​ដក​ដង្ហើម​យ៉ាង​ខ្លាំង​​រហូត​ធ្វើ​ឱ្យកូន​ចៅ​ពួក​គាត់​ត្រូវ​ដួល​សន្លប់​ចំនួន​២​នាក់​​ និង​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ត្រូវ​នាំ​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​ ចំនួន​២​នាក់​ទៀត​ផង​ នៅ​មុន​ពេល​រោង​សិប្បកម្ម​នេះ​ត្រូវ​បាន​ក្រសួង​ប្រកាស​ឱ្យ​ផ្អាក​ដំណើរ​ការ​១​ខែ​ទៅ​២​ខែ​នោះ​ ។​ 
បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពីអ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ​នោះ​ លោក​អនុប្រធាន​នាយក​ដ្ឋាន​នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ ដែល​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​មក​ដោះ​ស្រាយ​បញ្ហា​វិវាទ​នោះ​បាន​បញ្ជាក់​ប្រាប់​ភាគី​ទាំង​២​ថា​ នេះ​ជា​លើក​ចុងក្រោយ​ហើយ​ដែល​ក្រសួង​ចាត់​មន្ដ្រី​ឱ្យ​ចុះ​មក​ដោះ​ស្រាយ​ដោយ​ផ្ទាល់​នៅ​ទី​តាំង​មាន​ទំនាស់​ ។​

តាម​រយៈ​ការ​អះអាង​ និង​បង្ហាញ​របស់​ភាគី​ទាំង​ពីរ​ ក្រុម​ការងារ​របស់​លោក​នឹង​ធ្វើ​របាយការណ៍​មួយ​ដាក់​ជូន​លោក​រដ្ឋ​មន្ដ្រី​ក្រសួង​ឧស្សាហកម្ម​ ហើយ​សិទ្ធិ​សម្រេច​ថា​ឱ្យ​រោង​ចក្រ​សិប្បកម្ម​ទឹក​កក​ ហ៊ួត​ អៀង​​នេះ​បិទ​​ឬ​បើក​បន្ដ​នោះ​​ គឺ​អាស្រ័យ​ទៅ​លើ​លោក​រដ្ឋ​មន្ដ្រី​ជា​អ្នក​សម្រេច​ ។​ ប៉ុន្ដែ​បើ​ការ​សម្រេច​របស់​លោក​រដ្ឋ​មន្ដ្រី​ធ្វើ​ឱ្យ​ភាគី​ណាមួយ​មិន​ពេញ​ចិត្ដ​ ឬ​មិន​ទទួល​យក​បាន​នោះ​ បងប្អូន​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្ថាប័ន​តុលាការ​ ។

​ ទាក់​ទិន​នឹង​សិប្ប​កម្ម​ផលិត​ទឹក​កក​នេះ​ កាល​ពី​ខែ​ឧសភា​ កន្លង​មក​នោះ​ នៅ​ឯ​រាជធានីភ្នំពេញ​ ក៏មាន​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥​ទាំង​យប់​​ រហូត​ដល់​ទៅ​២​ដង​​ ដោយ​សារ​តែ​ការ​ជះក្លិន​អាសោចិ៍​នៃ​សារធាតុ​អាម៉ូនីញាក់​ បណ្ដាល​ឱ្យ​មនុស្ស​ក្មេង​ ចាស់​ប្រុស​-ស្រី​ជាង​១០០នាក់​បាន​ដួល​សន្លប់​នាំ​ចូល​មន្ទីរពេទ្យ​ ។​ ដោយ​សារ​តែ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​​ សម្ដេច​តេជោ​ ហ៊ុន​​​ សែន​ បាន​សម្រេច​ឱ្យ​បិទ​សិប្បកម្ម​នោះ​តែ​ម្ដង​ ដោយ​ឱ្យ​ទៅ​ធ្វើ​កន្លែង​ថ្មី​ដែល​មិន​ប៉ះពាល់​សុខភាព​ប្រជា​ពលរដ្ឋ​ ៕​