ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់តូចចិត្តនឹងសង្សារដោយសារចេះតែគេចមុខ ហើយទូរស័ព្ទចូលក៏មិនលើក ទើបនាងសម្រេចចិត្តលេបថ្នាំពេទ្យដើម្បីប្រល័យជីវិតខ្លួនឯងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ ឧសភា ស្ថិតនៅភូមិរាំងសី ឃុំស្រែសង្គម ស្រុកកោះញែក ។ ប្រភពព័ត៌មានពីអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៣១ ឧសភា នារីរងគ្រោះបានដើរសួរគេឯងដើម្បីស្វែងរកសង្សារ។
ប៉ុន្តែនៅពេលនាងរកមិនឃើញ ហើយបានទូរស័ព្ទចូលជាច្រើនលើកច្រើនសា ក៏នៅតែសង្សាររបស់នាងមិនព្រមលើក ធ្វើឱ្យនារីតូចចិត្តយ៉ាងខ្លាំង ហើយស្ទុះទៅទិញថ្នាំពេទ្យមកលេបដើម្បីបញ្ចប់ជីវិត ។ បន្ទាប់ពីលេបហើយនាងក៏ដើរឡើងទៅដេកនៅក្នុងបន្ទប់ ហើយបានស្លាប់ដោយពុំមានអ្នកណាម្នាក់បានដឹងឡើយ ។
បុរសដែលនារីរងគ្រោះស្រឡាញ់ងប់ងុលនឹងគ្នានោះជាបុគ្គលិកពេទ្យបង្អែកស្រុកកោះញែក ។ អ្នកភូមិបានឱ្យដឹងថា នារីរងគ្រោះនិងបុរសវ័យចំណាស់ខាងលើនេះមានទំនាក់ទំនងស្នេហាដោយលួចលាក់នឹងគ្នា២-៣ឆ្នាំមកហើយ ហើយបុរសវ័យចំណាស់រូបនេះក៏មានប្រពន្ធ និងកូនទៀតផង ។
នគរបាលស្រុកកោះញែកបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ហេន ស្រីនី អាយុ២២ឆ្នាំ រស់នៅភូមិខាងលើ ៕
ចែករំលែកព័តមាននេះ