រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯកឆ្នាំ២០១៣ ដែលចាប់ផ្តើមធ្វើតាំងពីថ្ងៃទី២៦ ឧសភា នៅសាលដំបូលទូកស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មកដល់ល្ងាចថ្ងៃទី៣១ ឧសភា បានបញ្ចប់ជាស្ថាពរហើយពិធីបិទការប្រកួតត្រូវបានរៀបចំធ្វើ ស្ថិតក្រោមអធិបតីភាពលោកមាស សារិន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគណៈប្រតិភូកីឡា និងកីឡាករ-កីឡាការិនីជាច្រើននាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកមាស សារិន ឱ្យដឹងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសមានសន្តិភាពទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចពាក្យស្លោកថា «ទីណាមានសម្តេចតេជោ ហ៊ុន សែន ទីនោះមានការអភិវឌ្ឍ» ។ ជាក់ស្តែងក្នុងវិស័យកីឡាសម្តេចតេជោ តែងយកចិត្តទុកដាក់អភិវឌ្ឍន៍ឱ្យមានការរីកចម្រើនដូចដែលយើងបានឃើញកន្លងមកក្នុងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើងតែងដណ្តើមបានមេដាយជូនជាតិជានិច្ច ។
ចំពោះចំណាត់ថ្នាក់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៥០គីឡូក្រាម និងក្រោមក្របខ័ណ្ឌក-២ មេដាយមាសបានទៅលើកីឡាករសោម នរៈវង្សវិទ្យា, ទម្ងន់៥៦គីឡូក្រាមបានទៅលើកីឡាករចាន់ វ៉ាន់ដន និងទម្ងន់៥៧គីឡូក្រាមបានទៅលើកីឡាករគិត ហុកឆេ ។ កីឡាករទាំងអស់នោះមកពីក្លិបជម្រើសជាតិ ។ វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៥៥គីឡូក្រាម និងក្រោមក្របខ័ណ្ឌក-១ មេដាយមាសបានទៅលើកីឡាករគង់ សារវ័ន្ត, ទម្ងន់៦០គីឡូក្រាមបានទៅលើកីឡាករឌុន សម្ផស្ស, ទម្ងន់៦៥គីឡូក្រាម និងក្រោមបានទៅលើកីឡាករសុវណ្ណ គីរី, ទម្ងន់៧០គីឡូក្រាម និងក្រោមបានទៅលើកីឡាករអ៊ុន សុវណ្ណារ៉ា និងទម្ងន់សេរីបានទៅលើកីឡាករសុវណ្ណ គីរី ។ កីឡាករទាំងអស់នោះមកពីក្លិបស៊ីនដូរីយូ ។
វិញ្ញាសាកាតាឯកត្តជនផ្នែកយុវជន មេដាយមាសបានទៅលើកីឡាករឆេង ច័ន្ទដារ៉ារតនៈ មកពីក្លិបសូរិយា និងយុវនារីបានទៅលើកីឡាការិនីកង ពេជ្របុទុមធារី មកពីក្លិបយុវជន ។ វិញ្ញាសាប្រយុទ្ធឯកត្តជនផ្នែកនារី ទម្ងន់៥៧គីឡូក្រាម និងក្រោម មេដាយមាសបានទៅលើកីឡាការិនីសុវណ្ណ រចនា និងទម្ងន់សេរីបានទៅលើកីឡាការិនីសុវណ្ណ រចនា ដដែលមកពីក្លិបស៊ីនដូរីយូ ។ វិញ្ញាសាកាតាឯកត្តជនបុរសក្របខ័ណ្ឌក-១ មេដាយមាសបានទៅលើកីឡាករគង់ សារវ័ន្ត មកពីក្លិបស៊ីនដូរីយូ និងក្របខ័ណ្ឌក-២ មេដាយមាសបានទៅលើកីឡាករចាន់ យ៉ុងចៀន មកពីក្លិបយុវជន ។
វិញ្ញាសាកាតានារីក្របខ័ណ្ឌក-១ មេដាយមាសបានទៅលើកីឡាការិនីសុវណ្ណ រចនា មកពីក្លិបស៊ីនដូរីយូ និងក្របខ័ណ្ឌក-២ មេដាយមាសបានទៅលើកីឡាការិនីខេង ឡាយល័ក្ខណ៍លិកា មកពីក្លិបយុវជន ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតការ៉ាតេដូជ្រើសរើសជើងឯកឆ្នាំ២០១៣ នេះមានក្លិបចូលរួមចំនួន៥គឺ ក្លិបការ៉ាតេដូជម្រើសជាតិ, ក្លិបការ៉ាតេដូយុវជន, ក្លិបការ៉ាតេដូស៊ីនដូរីយូ, សមាគមការ៉ាតេដូក្រសួងការពារជាតិ និងសាលាគុនសុរិយាការ៉ាតេដូសូតូកង់ ដោយមានកីឡាករ-កីឡាការិនីសរុបចំនួន១៧៨នាក់ ក្នុងនោះកីឡាការិនីមានចំនួន៣២នាក់ ៕
ចែករំលែកព័តមាននេះ