រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣០ ឧសភា បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជាតិឆ្នាំ២០១៣ និងតំណាងសង្គមស៊ីវិលមួយចំនួនដើម្បីបង្ហាញពីសារប្រយោជន៍នៃប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោត ។ កិច្ចប្រជុំនេះបានរៀបចំធ្វើនៅទីស្តីការគ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ ។
លោកឯម សូផាត សមាជិកគ.ជ.ប មានប្រសាសន៍ថា សារសំខាន់នៃការប្រើប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គឺផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់អ្នកបោះឆ្នោត ជាពិសេសកាលបរិច្ឆេទនិងពេលវេលានៃការបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត លេខរៀងឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលអ្នកបោះឆ្នោតអាចប្រើប្រាស់ឯកសារណាមួយក៏បាននៅពេលបោះឆ្នោត ។ ជាមួយនេះបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោតក្នុងការរកឃើញការិយាល័យបោះឆ្នោតបានឆាប់រហ័ស និងបង្កភាពងាយស្រួលដល់គណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការរកឃើញឈ្មោះភ្លាមៗ និងដើម្បីឱ្យអ្នកបោះឆ្នោតបោះបានឆាប់រហ័ស ។ ប័ណ្ណព័ត៌មាននេះអ្នកបោះឆ្នោត អាចរក្សាទុកសម្រាប់ពិនិត្យផ្ទៀងផ្ទាត់នៅពេលពិនិត្យបញ្ជីឈ្មោះនៅឆ្នាំបន្ទាប់ ។
លោកឯម សូផាត បានបន្តថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើជំនួសឯកសារបញ្ជាក់អត្តសញ្ញាណដែលប្រើសម្រាប់ការបោះឆ្នោតបានឡើយ ។ ប៉ុន្តែប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគឺគ្រាន់តែជាប័ណ្ណបញ្ជាក់អំពីព័ត៌មានផ្សេងៗដើម្បីងាយស្រួលនៅក្នុងការទៅរកការិយាល័យសម្រាប់រកឈ្មោះឃើញបានឆាប់និងបោះឆ្នោតបានឆាប់ ។ គ.ជ.ប មានបំណងឱ្យប្រជាពលរដ្ឋអ្នកបោះឆ្នោតដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីឈ្មោះរបស់ខ្លួន ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយដើម្បីត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណណាមួយដើម្បីប្រើប្រាស់នៅពេលបោះឆ្នោត ។
ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមមេត្តាចូលរួមទៅតាមតួនាទីរៀងៗខ្លួនដើម្បីឱ្យការអនុវត្តការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតប្រព្រឹត្តទៅដោយប្រសិទ្ធភាព មានតម្លាភាព ហើយនិងគ្មានការរើសអើង។ លោកឯម សូផាត បញ្ជាក់ថា ចំពោះចំនួនប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គឺស្មើនឹងចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោត២០១៣ ។
ទាក់ទងនឹងអ្នកសង្កេតការណ៍អន្តរជាតិត្រូវបានលោកទេព នីថា អគ្គលេខាធិការគ.ជ.ប មានប្រសាសន៍ថា នៅឆ្នាំ២០០៨ កន្លងមកមានអ្នកសង្កេតការណ៍អន្តរជាតិ៥៩២នាក់ មកពីអង្គការ និងប្រទេសចំនួន២៩ ហើយមានអ្នកសង្កេតការណ៍ជាតិ ៣១.២៦២នាក់ មកពីអង្គការចំនួន៧២ ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ នេះតួលេខបណ្តោះអាសន្ន អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចុះឈ្មោះហើយនិងត្រូវបានគ.ជ.ប យល់ព្រមមានចំនួន១៩ នាក់ មកពីអង្គការនិងប្រទេសចំនួន៤ ។លោកឯម សូផាត បញ្ជាក់ថា ដំណើរការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជាក់ស្តែងនៅតាមភូមិនានានឹងចាប់ផ្តើមពីថ្ងៃទី១ មិថុនា រហូតដល់ថ្ងៃទី២៥ មិថុនា ឆ្នាំ ២០១៣ ៕
ចែករំលែកព័តមាននេះ