រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ តុលា នេះ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីបម្រុងដឹក ជញ្ជូនគ្រឿងញៀនហោះហើរឆ្លងដែនទៅហុងកុង។ គួរំលឹកថា កាលពីថ្ងៃទី២០ តុលា កម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការសហការជាមួយមន្ត្រីគយ និងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធថ្នាំញៀនជាង១គីឡូក្រាម បម្រុងនាំចេញទៅក្រៅប្រទេស។
ជនសង្ស័យឈ្មោះ YU WEI YI ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 462923 ដែលបាន និងបម្រុងធ្វើដំណើរចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហុងកុងប្រទេសចិន។ ពាក់ពន្ធករណីឃាត់ខ្លួន ជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានឆែកឆេររកឃើញ សារធាតុញៀនខុសច្បាប់ លាក់ក្នុងកញ្ចប់ ស្បោងរុំជាប់នៅភ្លៅទាំងសងខាង និងដងខ្លួនជនជាតិចិននោះចំនួន៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់១.៩៩៤.៧២ ក្រាម (ស្មើជិត២គីឡូក្រាម)។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍តាមទូរស័ព្ទថា សមត្ថកិច្ចសហការបានឃាត់ខ្លួនជនជាតិម្នាក់នោះមែន ដែលគេបម្រុងដឹកជញ្ជូនសារធាតុញៀនជិត២គីឡូក្រាមទៅកាន់ទីក្រុងហុងកុង ប្រទេសចិន។ តាមចម្លើយជនសង្ស័យ បានសារភាពនៅចំពោះសមត្ថកិច្ចថា ថ្នាំញៀននោះខ្លួនបានទទួលពីមនុស្សម្នាក់ ជាជនជាតិចិនដូចគ្នា ប្រគល់ឲ្យរូបគេនាំចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហុងកុងតាមជើងហោះហើរ ។
ជនសង្ស័យបន្តថា ពេលទៅដល់ហុងកុងមានមនុស្សចាំទទួលយក តែមិនទាន់បានចេញផង ត្រូវសមត្ថកិច្ច នៃប្រទេសកម្ពុជាចាប់ខ្លួន។ ជនសង្ស័យ និង វត្ថុតាងត្រូវបានសមតត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
ចែករំលែកព័តមាននេះ