រាជធានីភ្នំពេញ ៖ ការប្រកួតគូឯកមិត្តភាព និងអន្តរជាតិ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២១ តុលា មុននេះ កីឡាករជើងចាស់ និងល្បីឈ្មោះគួរសមជាយូរមកហើយ២រូបពិតជាបានទទួលជ័យជម្នះក្នុងការប្រកួតរបស់ខ្លួនតាមការគ្រោងទុក ។ ប៉ុន្តែបើក្រឡេកទៅមើលលទ្ធផលនៅក្រោយការប្រកួតនោះវិញ គឺមិនធ្វើឱ្យអ្នកទាំងពីរស្រួលខ្លួនប៉ុន្មានទេ ខណៈដែលសេន កុសល ក៏ត្រូវទ្រមខ្លួនក្រោមដៃគូប្រកួត ហើយសម្រាប់កីឡាករ ម៉ន សាម៉េត ឯណោះវិញ ក៏ត្រូវដេរ២ថ្នេរទាំងលំបាក ដោយក្រោយបញ្ចប់ការប្រកួត អ្នករៀបចំព្រឹត្តិការណ៍បានបញ្ចេញទស្សនៈមួយចំនួនលើការប្រកួតរបស់អ្នកទាំងពីរ។
ដ្បិតថាបានឈ្នះពិន្ទុកីឡាករជើងថ្មី សូត្រ ខេវិន ក្នុងលទ្ធផលឈ្នះដាច់ ប៉ុន្តែជ័យជម្នះរបស់កីឡាករ សេន កុសល ដែលបានលេចឡើងកាលពីថ្ងៃអាទិត្យមុននេះ មិនមែនទទួលបានដោយស្រួលៗនោះទេ ដោយគេត្រូវប្រកួតប្ដូរ ហើយស្ថិតក្នុងភាពប្រថុយប្រថានយ៉ាងលំបាក បើធៀបនឹងលទ្ធផលដែលគេធ្លាប់ឈ្នះហើយប៉ះជាមួយអ្នកផ្សេង។ ការប្រកួតចំនួន៥ទឹកត្រូវគេកត់សម្គាល់ថា បានកើតមានឡើងដោយភាពត្រដាបត្រដួសបំផុត ដែលមានន័យថា អ្នកឈ្នះគឺឈ្នះដោយការប្រកួតប្ដូរ ហើយអ្នកចាញ់ឯណោះវិញ ក៏បានបញ្ចេញថ្វីដៃធ្វើឱ្យម្នាក់ៗមានការកោតសរសើរ ។
ការប្រកួតមួយគូនេះ បើប្រៀបធៀបបទពិសោធន៍ កីឡាករបង្គោលខៀវ សេន កុសល មិនខុសពីរាមច្បងជើងចាស់នោះទេ ដោយសារតែសូត្រ ខេវិន ទើបតែមានមុខលឹមៗជាមួយនឹងការប្រកួតនៅលើសង្វៀនប៉ុណ្ណោះ ។ នេះជាជំនួបទី១ដែលអ្នកទាំងពីរប៉ះគ្នា ហើយក៏ជាការកាត់ក្ដីរវាងជើងខ្លាំងមួយរូប និងជើងថ្មីមួយរូបដែលធ្វើឱ្យអ្នកគាំទ្រកាន់តែស្គាល់ពីទឹកដៃ និងសមត្ថភាពរបស់គូប្រកួតទាំងពីរនោះផងដែរ ។ អ៊ីចឹងហើយទើបលទ្ធផលឈ្នះទាំងលំបាកលើកីឡាករបង្គោលក្រហម សូត្រ ខេវិន របស់ សេន កុសល គឺជាអ្វីដែលធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍ បើធៀបនឹងគូប្រកួតផ្សេងទៀត ។
អ្នកខ្លះបានហៅលទ្ធផលដែលអ្នកឈ្នះទទួលបាន គឺជារឿងធ្លាក់ដៃ ប៉ុន្តែកីឡាករទទួលបានជ័យជម្នះក៏ធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់ទាំងនោះមិនខកចិត្ត ក្នុងពេលដែលគេអាចធ្វើឱ្យសូត្រ ខេវិន បរាជ័យក្រោយពីបានប្រឹងអស់សមត្ថភាពនៅលើសង្វៀនដូចគ្នា ។ មួយគូនេះនឹងត្រូវគណៈកម្មការរៀបចំដាក់ឱ្យសងសឹកគ្នា ដោយមានអ្នកខ្លះបានទាំងបញ្ចេញទស្សនៈថា នឹងអាចធ្វើឱ្យកីឡាករ សូត្រ ខេវិន ក្ដោបក្ដាប់បានជ័យជម្នះវិញផងក៏មិនដឹង ដោយសារតែការប្រកួតពេញរយៈពេល៥ទឹកនោះត្រូវគេមើលឃើញថារូបគេពិតជាខ្លាំងមិនធម្មតា។
ចំណែកម៉ន សាម៉េត ឯណេះវិញក៏បានទទួលជ័យជម្នះលើកីឡាករថៃYorth Savic ផងដែរ បន្ទាប់ពីគេបង្ហាញថ្វីដៃវាយទៅវាយមក រហូតធ្វើឱ្យគូប្រកួតរបស់ខ្លួនទទួលបរាជ័យ។ ប៉ុន្តែកីឡាកររូបនេះ រឹតតែវេទនាខ្លួនជាងសេន កុសលទៅទៀត ដោយសារតែកីឡាករថៃមានសមត្ថភាពខ្លាំង ហើយបើនិយាយពីជំហរគឺរឹងមាំដាច់ឆ្ងាយជាងគូប្រកួតរបស់ សេន កុសល ។
ការប្រកួតរបស់អ្នកទាំងពីរមានការជក់ចិត្តមិនខុសគ្នានោះទេ ដោយកីឡាករកម្ពុជា ក្រៅពីត្រូវទ្រមខ្លួន ក៏ត្រូវបែករយះកែងដៃនៅពេលវាយសើយបណ្ដាលឱ្យត្រូវដេរ២ថ្នេរ។ ក្នុងនោះនៅលើផ្ទៃមុខក៏បែករលាត់ដោយអន្លើផងដែរដែលមានន័យថាទម្រាំបានឈ្នះគឺមិនខុសពីម៉ន សាម៉េត ប្ដូរសាច់ស្រស់ឈាមស្រស់យ៉ាងលំបាកលើរេញនោះទេ ។
កីឡាករ ម៉ន សាម៉េតបានប្រកាសនៅលើហ្វេសប៊ុកថា ទម្រាំបានឈ្នះត្រូវដេរ២ថ្នេរ ហើយលោកសម្ដែងអារម្មណ៍សប្បាយរីករាយមិនតិចដែរ ដែលលោកតស៊ូបានសម្រេច ដ្បិតតែថាលោកត្រូវឈឺខ្លួន និងបែក២ថ្នេរ ក្រោយចុះពីលើសង្វៀន ។ អ្នកគាំទ្រជាច្រើនបានសរសើរពីការប្រឹងប្រែងរបស់កីឡាកររូបនេះ ខណៈដែលកីឡាករថៃត្រូវគេស្គាល់ថាជាជើងខ្លាំងនៅលើសង្វៀន តែគេអាចធ្វើបាននៅពេលប៉ះគ្នា។
លោក ញាណ សុធី អ្នករៀបចំការប្រកួត បានអះអាងថា ទាំងការប្រកួតមិត្តភាពក្នុងស្រុក និងអន្តរជាតិ ស្ទើរមិនមានគូណាដែលធ្វើឱ្យការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កក្រើកនោះទេ ដោយលោកបានទាំងចាត់ទុកថាគូប្រកួតរបស់សេន កុសល និងម៉ន សាម៉េតឈ្នះដាច់ដោយលោកអស់ចិត្ត ដែលលោកបានហៅការប្រកួតនោះថា ធ្វើឡើងអស់ដៃ។
លោកថា ការប្រកួតក្រោមការគ្រប់គ្រងរបស់លោកសព្វថ្ងៃ ស្ទើរមិនមានគូណាមិនប្រកួតដោយប្រឹងប្រែងនោះទេ ដោយសារតែលក្ខខណ្ឌរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍គឺអ្នកណាមិនប្រកួតអស់ដៃ នឹងត្រូវព្រមាន ហើយបង្កកការប្រកួតយ៉ាងតិចមួយខែទៅ៣ខែ ដើម្បីឱ្យកីឡាករនោះមិនមានទីផ្សារ ។ ក្នុងនោះក៏មានវិធានការមិនប្រកាសលទ្ធផល និងមានវិធានការបណ្ដេញចុះពីសង្វៀនជាដើម ដែលធ្វើឱ្យការប្រកួតទាំងមូលលែងមានអ្នកខូច អ្នកលក់ក្នុងការភ្នាល់ដូចដែលធ្លាប់មានការបារម្ភនៅលើសង្វៀនផងដែរ ។
លោកថា លទ្ធផលទ្រមខ្លួន និងដេរតិចតួចរបស់សេន កុសល និងម៉ន សាម៉េត មិនមែនជារឿងធ្ងន់ធ្ងរទេ ដោយសារតែពេលកន្លងមក ក៏មានកីឡាកររាប់មិនអស់មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ ក្រោយពេលចាញ់ឈ្នះ ។ ប៉ុន្តែលោកបានសរសើរថា អ្នកទាំងពីរចេះគេច ចេះបត់បែន ទើបធ្វើឱ្យពួកគេទទួលបានជ័យជម្នះ៕
ចែករំលែកព័តមាននេះ