អាជ្ញាធរជាតិអប្សរា ជួសជុលទំនប់បារាយណ៍ទឹកថ្លាជ្រុងខាងលិច
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន រាជសីហ៍ បានធ្វើការជួសជុលតួទំនប់ បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូង ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក…
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន រាជសីហ៍ បានធ្វើការជួសជុលតួទំនប់ បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូង ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក…
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន រាជសីហ៍ បានធ្វើការជួសជុលតួទំនប់ បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូង ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានប្រវែង១.៦៤០ ម៉ែត្រ ដែលរងការខូចខាតដោយសារអាយុកាល ទឹករលក និងការហូរច្រោះដោយទឹកភ្លៀងជាដើម។ តាមការបញ្ជាក់របស់លោក មាន់ ផានិត មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិ អប្សរា បានឱ្យដឹងនៅថ្ងៃទី២២ ខែតុលានេះ ថា ការងារនេះអនុវត្តដោយក្រុមហ៊ុនរាជសីហ៍ ដែលស្ថិតនៅ ក្រោមការពិនិត្យជាប្រចាំដោយក្រុមការងារបច្ចេកទេសរបស់អជ្ញាធរជាតិអប្សរា ក្នុងបំណងអភិរក្ស និងថែរក្សាបារាយណ៍ទឹកថ្លាឱ្យមាំទាំជាងមុននឹងស្ថិតនៅគង់វង្សយូរអង្វែង។
លោក មាន់ ផានិត បន្តថា ចំពោះគម្រោងនៃការជួសជុលមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។ ចំពោះការអនុម័តយល់ព្រមឱ្យប្រើប្រាស់គ្រឿងចក្រ ក្នុងការជួសជុលពង្រឹងទំនប់បុរាណនេះ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើកំណាយដើម្បីសិក្សាបន្ថែមអំពីវិធីសាស្ត្របង្ហាប់ដីបុរាណ រចនាសម្ពន្ធ និងប្រភេទដីទំនប់ដើម្បីធានាថា ការជួសជុលនេះមិនប៉ះពាល់ដល់បុរាណដ្ឋាន និងធានាគុណភាពយូរអង្វែង។ សូមបញ្ជាក់ថា បារាយណ៍ទឹកថ្លាមានទំហំធំជាងគេ ក្នុងចំណោមបារាយណ៍ទាំងបួននៅក្នុងតំបន់សៀមរាប-អង្គរ ដែលស្ថិតនៅខាងលិចក្រុងអង្គរធំ មានទទឹងប្រវែង២.២០០ម៉ែត្រ និងបណ្តោយប្រវែង៨.០០០ម៉ែត្រ អាចរក្សាទឹករហូតដល់៥៦លានម៉ែត្រគូប។
កន្លងមកអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់អភិរក្ស និងជួសជុលតួទំនប់បារាយណ៍ទឹកថ្លាជាច្រើនដំណាក់កាលមកហើយ។ លើសពីនោះ បារាយណ៍ទឹកថ្លា នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពស្រែ និងដំណាំផ្សេងៗជាង មួយម៉ឺនហិកតា បញ្ចៀសបញ្ហាទឹកជំនន់ ក្នុងតំបន់សៀមរាប-អង្គរ ទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនការងារដល់ប្រជាជនតាមរយៈការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ សេវាជិះទូកកម្សាន្ត ផ្គត់ផ្គង់ទឹកសម្រាប់ផលិតទឹកស្អាត ក្នុងក្រុងសៀមរាប (១៨.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) ជាពិសេសទឹកបារាយណ៍បានចូលទៅបំពេញទឹកក្រោមដីឱ្យរក្សាបាននូវតុល្យភាព និងរក្សាលំនឹងគ្រឹះប្រាសាទឱ្យមានភាពរឹងមាំ ពិសេសជាកន្លែងរក្សាពូជត្រីបានយ៉ាងល្អ ហើយផ្តល់ផលត្រីយ៉ាងច្រើនជូនប្រជាជនដែលរស់នៅជុំវិញផងដែរ៕
ចែករំលែកព័តមាននេះ