ខេត្តកំពង់ស្ពឺ ៖ សំរាម គឺជាកាកសំណល់រឹងរាវមួយប្រភេទ ដែលមនុស្សប្រើរួច ឬសេសសល់ ហើយសំរាមក៏ជាប្រភពនៃមេរោគ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ប្រសិនបើយើងទុកដាក់វេចខ្ចប់វាមិនបានល្អនោះ។

ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ អ្នកដំណើរ និងប្រជាពលរដ្ឋបានឃើញគំនរសំរាមជាច្រើនកន្លែង និងច្រើនថ្ងៃមកហើយ នៅមិនទាន់ឃើញរថយន្តប្រមូលសំរាម មកដឹកយកទៅទុកដាក់នៅកន្លែងចាក់សំរាមនោះឡើយ ធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើររិះគន់ក្រុមហ៊ុនប្រមូលសំរាមថា «មិនគោរពតាមកិច្ចសន្យាសោះ បណ្តែតបណ្តោយឱ្យមានជះក្លិនស្អុយនៅតាមទីសាធារណៈថែមទៀតផង»។

ប្រជាពលរដ្ឋធ្វើការសំណូមពរដល់ក្រុមហ៊ុនប្រមូលសំរាម មេត្តាគោរពតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋផង ដោយសារតែសំរាមគរអស់រយៈពេល៤ថ្ងៃកន្លងទៅហើយ។ ដូច្នេះសូមក្រុមហ៊ុនប្រមូលសំរាមគោរពតាមការសន្យាត្រឹមតែ៣ទៅ៤ថ្ងៃមកយកម្តងផង កុំទុករយៈពេលរហូតដល់មួយសប្តាហ៍ ទើបមកប្រមូលយកម្តងនោះ វាធ្វើឱ្យជះក្លិនស្អុយខ្លាំងណាស់។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ បានលើកឡើងថា គាត់បានឃើញសំរាមនោះ គរតាំងពីមុនរដូវភ្ជុំបិណ្ឌមកម្ល៉េះ ដោយមិនឃើញក្រុមហ៊ុនម្រមូលសំរាមមកយកសោះ ស្រាប់តែរហូតដល់ចប់រដូវភ្ជុំបិណ្ឌហើយ គំនរសំរាមនៅតែគរដដែល។

ប្រជាពលរដ្ឋសង្ឃឹមថា ម្ចាស់ក្រុមហ៊ុនដែលជាអ្នកប្រមូលសំរាមប្រចាំខេត្តមួយនេះ នឹងមានឆន្ទៈគោរពតាមកិច្ចសន្យាជាក់ជាមិនខានឡើយ។ ពីព្រោះថា ផ្លូវក្នុងក្រុងច្បារមន ផ្លូវជាតិលេខ៤ ដែលជាផ្លូវឆ្លងកាត់នូវភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ ហើយអស់លោកចេះខ្មាសគេផង ដែលធ្វើដំណើរឆ្លងកាត់ខេត្តយើងហើយ សំរាមនៅពាសពេញផ្លូវជាតិដូច្នេះនោះ៕






ចែករំលែកព័តមាននេះ