ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​កូរ៉េ ប្តេជ្ញា​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង ដើម្បី​អភិវឌ្ឍ​វិស័យ​ការងារ និង​ការ​កសាង​ធនធានមនុស្ស

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម គី​ម ឆាង​យ៉ុ​ង…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម គី​ម ឆាង​យ៉ុ​ង (KIM Chang Yong) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ ដើម្បី​ពិភាក្សា​ពី​ការ​លើកកម្ពស់​សិទ្ធិ​ពលករ និង​ពី​ការ​ស្វែងរក​ឱកាស​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​បញ្ជូន​កម្លាំង​ពលកម្ម និង​បង្កើត​បរិយាកាស​កាន់តែ​ប្រសើរ​ដល់​អ្នក​វិនិយោគ ​។

នា​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម គី​ម ឆាង​យ៉ុ​ង ដែល​ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​កូរ៉េ​ដែល​តែងតែ​ផ្តល់​កូតា​ទទួលយក និង​សម្របសម្រួល​ផ្តល់​ទិដ្ឋាការ​ដល់​ពលករ​ខ្មែរ ដើម្បី​បាន​ទៅ​បំពេញការងារ​ទាន់​ពេលវេលា​តាម​តម្រូវការ​របស់​និយោជក​កូរ៉េ ជា​ពិសេស​នៅ​ក្នុង​រដូវ​កាល​ដ៏​មមាញឹក​ផ្នែក​កសិកម្ម​នៅ​កូរ៉េ​។ ការ​បើកឱកាស​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ក្លាយជា​ក្តី​ស្រមៃ​មួយ​របស់​ពលរដ្ឋ​កម្ពុជា ដោយសារ​ថៅកែ​មានចិត្ត​ល្អ ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ​និង​ត្រឡប់​មក​វិញ​ជាមួយនឹង​ជំនាញ​ច្បាស់លាស់ ​។

ឯកឧត្ដម​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​រឹង​មាំ និង​ការ​រួមចំណែក​ដ៏​សំខាន់​របស់​កូរ៉េ​ ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ជា​ពិសេស ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET), សុវត្ថិភាព និង​សុខភាព​ការងារ​, ការ​អភិវឌ្ឍ​សេវាកម្ម​ការងារ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល ក៏​ដូច​ជា​វិស័យ​សន្តិសុខ​សង្គម និង​ការ​ស្តារ​សមត្ថភាព​ឡើង​វិញ​ជាដើម​។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២០ ខែមេសា ម្សិលមិញ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង KOICA បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី “​គម្រោង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ឧស្សាហកម្ម​នៅ​កម្ពុជា​” ​។

ទន្ទឹម​នឹង​នេះ ឯកឧត្ដម​ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​រួម​គ្នា​រវាង​ក្រសួង​ការងារ និង​ក្រសួងមហាផ្ទៃ​កម្ពុជា​ក្នុង​ការ​ពង្រឹង​យន្តការ​ទប់ស្កាត់​បទល្មើស​អន​ឡាញ ក៏​ដូច​ជា​ការ​រឹត​បន្តឹង​ការ​ចេញ​បណ្ណ​ការងារ​ដល់​ជនបរទេស​ដែល​មិន​មាន​ប្រភព​ក្រុមហ៊ុន​ច្បាស់លាស់ ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ជនបរទេស ដែល​រួម​មាន​ទាំង​ជនជាតិ​កូរ៉េ​ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម គី​ម ឆាង​យ៉ុ​ង​មាន​ប្រសាសន៍​ថា ឯកឧត្តម​មាន​កិត្តិយស​និង​ក្តី​រីករាយ​ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម នៅ​កម្ពុជា ដែល​ជា​ប្រទេស​មួយ​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ ជាមួយនឹង​វប្បធម៌​ដ៏​ផូរផង់​និង​សម្បូរ​បែប ដែល​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ឈាន​ដល់​ខួប​៣០​ឆ្នាំ នៅ​ឆ្នាំ​២០២៧ ខាង​មុខ ​។

ឯកឧត្តម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ ដែល​កំពុង​តែ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ១ យ៉ាង​សកម្ម​ជា​ពិសេស​លើ​ផ្នែក​អភិវឌ្ឍ​ធនធានមនុស្ស​ ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឯកឧត្តម ហេង សួរ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នក​វិនិយោគ និង​ពលរដ្ឋ​កូរ៉េ​នៅ​កម្ពុជា ក៏​ដូច​ជា​ពលករ​កម្ពុជា​នៅ​កូរ៉េ តាម​រយៈ​ការ​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ផ្ទាល់ ដែល​បង្ហាញ​ពី​មិត្តភាព​ជាមួយ​កូរ៉េ​យ៉ាង​ពិតប្រាកដ ជា​ពិសេស​ការ​បង្កើត​ក្រុមការងារ​រួម​កម្ពុជា​-​កូរ៉េ កាលពី​ឆ្នាំ ២០២៥ ​។

ដោយ​មើលឃើញ​ពី​ភាព​ជោគជ័យ​ នៃ​ក្រុមការងារ​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ បង្កើត​ក្រុមការងារ​មួយ​លើ​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​រវាង​និយោជក និង​កម្មករនិយោជិត​ផង​ដែរ​ ។ ភាគី​ទាំង​ពីរ​បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ សម្រាប់​កិច្ច​ពិភាក្សា​ប្រកបដោយ​ស្ថាបនា ហើយ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​បំពេញការងារ​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​ទ្វេភាគី​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ក្នុង​វិស័យ​ការងារ ជាមួយនឹង​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​នេះ​នឹង​បន្ត​នាំ​មក​នូវ​អត្ថប្រយោជន៍​ជាក់ស្តែង និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ​៕ អត្ថបទសហការ