សហរដ្ឋអាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសនឹងចុះចេញពីតំណែង ដោយបញ្ចប់ការគ្រប់គ្រងរយៈពេលជិត១៥ឆ្នាំរបស់លោក ដែលបានឃើញតម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កើនឡើងដល់ ៤ ទ្រីលានដុល្លារអាមេរិក អំឡុងយុគសម័យនៃភាពរុងរឿងរបស់ iPhone។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានឱ្យដឹងថា ក្រុមហ៊ុនបានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ដើម្បីជំនួសតំណែងលោក Tim Cook ។ លោក Ternus បច្ចុប្បន្នជាប្រធានផ្នែកវិស្វកម្មផ្នែករឹង (Hardware Engineering) ដែលបានបម្រើការនៅក្រុមហ៊ុន Apple អស់រយៈពេល២៥ឆ្នាំហើយនោះ នឹងចូលកាន់តំណែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ចំណែកលោក Cook នឹងទៅកាន់តំណែងជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលវិញ។
ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលរបស់លោក Tim Cook ដែលក្លាយនាយកប្រតិបត្តិក្រុមហ៊ុន Apple ចាប់តាំងពីឆ្នាំ ២០១១ បន្ទាប់ពីសហស្ថាបនិក លោក Steve Jobs ដែលបានលាលែងពីតំណែងដោយសារហេតុផលសុខភាព មិនយូរប៉ុន្មានមុនពេលគាត់ស្លាប់នោះ បានកើតឡើងបន្ទាប់ពីការរំពឹងទុកជាច្រើនខែថា ក្រុមហ៊ុន Apple ដែលទើបតែប្រារព្ធខួបលើកទី ៥០ របស់ខ្លួន កំពុងស្វែងរកអ្នកស្នងតំណែងនេះ។
លោក Cook បានពិពណ៌នាអំពីការងាររបស់លោកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិតរបស់លោក ហើយអំឡុងពេលកាន់តំណែងកំពូលមួយនេះ លោកបានដឹកនាំក្រុមហ៊ុនឱ្យក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមានតម្លៃបំផុតនៅលើពិភពលោកផងដែរ។ ជាមួយគ្នានោះ លោកបានលើកឡើងអំពីលោក Ternus ថាជានាយកប្រតិបត្តិដ៏មានចក្ខុវិស័យ ខួរក្បាលជាវិស្វករ ព្រលឹងអ្នកច្នៃប្រឌិត និងបេះដូង ដើម្បីដឹកនាំដោយភាពស្មោះត្រង់ និងកិត្តិយស ហើយក៏ជាមនុស្សដ៏ត្រឹមត្រូវដើម្បីដឹកនាំ Apple សម្រាប់អនាគត។
គួរបញ្ជាក់ថា នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោកដែលមានតម្លៃ ១ ទ្រីលានដុល្លារ ជាមួយដំណើរដ៏វែងឆ្ងាយ បច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃរហូតដល់ ៤ ទ្រីលានដុល្លារ៕ ប្រភព ៖ BBC និង Aljazeera




ចែករំលែកព័តមាននេះ