រាជធានីភ្នំពេញ ៖ កិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី ៤ ក្នុងឆ្នាំ ២០២៦ នេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៧គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១ គម្រោង ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ នេះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១ គម្រោង ក្រោមវត្តមានដឹកនាំដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា និងចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងទៀតថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៩០ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤ គម្រោង រួមមាន ៖ ផលិត ផ្គុំ និងដំឡើងសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ កាបូបក្លាស្សេ សម្ភារកីឡា និងសម្ភារក្មេងលេង (ពីប្លាស្ទិក), ផលិតអំបោះ និងជ្រលក់ពណ៌, និងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មបោកគក់សម្លៀកបំពាក់ លើមុខសញ្ញាចាស់ (កាត់ដេរសម្លៀកបំពាក់ និងប៉ាក់) នៅលើទីតាំងដដែល ។

វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២ គម្រោង គឺបង្កើតរោងចក្រកែច្នៃដំឡូងមី និងបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២ គម្រោង គឺអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣៥០ មេហ្គាវ៉ាត់ ។
គម្រោងវិនិយោគទាំង ៨ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តមណ្ឌលគីរី ៕
ចែករំលែកព័តមាននេះ