អន្តរជាតិ ៖ ក្រុមហ៊ុនសន្តិសុខនាវាចរណ៍របស់ក្រិក MARISKS បានចេញការព្រមានជាបន្ទាន់មួយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អំពីសារឆបោក (Scam) ដែលបានផ្ញើទៅក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់មួយចំនួន ដោយសន្យាថានឹងផ្តល់ការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រហ័រមូស (Hormuz) ជាថ្នូរនឹងការបង់ប្រាក់តាមរយៈរូបិយប័ណ្ណឌីជីថល (Cryptocurrency)។ នេះបើយោងតាមប្រភពពី Reuters បានចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
ក្រុមហ៊ុន MARISKS បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយដោយព្រមានម្ចាស់កប៉ាល់ដឹកជញ្ជូនទាំងអស់ថា ជនអនាមិក ដែលអះអាងថាខ្លួនតំណាងឱ្យអាជ្ញាធរអ៊ីរ៉ង់នោះ បានផ្ញើសារទៅក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ដោយទារថ្លៃកម្រៃជើងសារជារូបិយប័ណ្ណគ្រីបតូ Bitcoin ឬ Tether ដើម្បីផ្តល់ការឆ្លងកាត់ច្រកសមុទ្រហ័រមូសបានដោយសុវត្ថិភាព។
ក្រុមហ៊ុន MARISKS បានសង្កត់ធ្ងន់ថា សារជាក់លាក់ទាំងនោះ គឺជាការបោកប្រាស់សុទ្ធសាធតែម្តង និងមិនត្រូវបានផ្ញើចេញដោយអាជ្ញាធរអ៊ីរ៉ង់នោះទេ។ ចំណែកអ៊ីរ៉ង់ក៏មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗណាមួយជុំវិញបញ្ហានេះដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ឯណោះវិញ បានបើក ហើយបន្ទាប់មកក៏បានបិទច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនសម្រាប់ការផ្គត់ផ្គង់ប្រេងប្រហែល១ភាគ៥របស់ពិភពលោក។
តាមរយៈនោះ កប៉ាល់ដឹកជញ្ជួនរាប់រយគ្រឿង និងនាវិកប្រហែល២ម៉ឺននាក់ នៅតែជាប់គាំងនៅឈូងសមុទ្រពែរ្ស។ បើតាមក្រុមហ៊ុន MARISKS បានរាយការណ៍ថា យ៉ាងហោចណាស់កប៉ាល់១គ្រឿងក្នុងចំណោមកប៉ាល់ទាំងនោះ ដែលបានព្យាយាមចាកចេញពីច្រកហ័រមូសកាលពីថ្ងៃសៅរ៍មុន ហើយរងការបាញ់ប្រហារនោះ គឺជាជនរងគ្រោះនៃសារបោកប្រាស់នេះឯង៕


ចែករំលែកព័តមាននេះ