ខេត្តកំពង់ឆ្នាំង ៖ តាមយុទ្ធនាការរបស់ក្រសួងបរិស្ថាន រដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្នើឱ្យមន្ត្រីបញ្ឈប់យកដបប្លាស្ទិក ចូលសាលាស្រុកបន្តទៀត និងឱ្យប្រើប្រាស់កែវក្រដាស ឬបំពង់ច្រកទឹកសម្រាប់ប្រើប្រាស់ជំនួសវិញ ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក វន ស៊ីផា អភិបាលស្រុក បានបញ្ជាក់ថា រដ្ឋបាលស្រុក បានខិតខំបំពាក់ជូនធុងចម្រោះទឹកស្អាត ចំនួន២គ្រឿង ជូនមន្ត្រីរដ្ឋបាលស្រុកសម្រាប់បរិភោគ មានទាំងទឹកក្តៅនិងទឹកត្រជាក់ ។
យោងតាមការបញ្ជាក់ពីលោកអភិបាលស្រុក ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងរដ្ឋបាលស្រុក គឺធ្វើឡើងដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងបន្ទាប់ពីរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន បានចុះអនុស្សារណៈ លើកកិច្ចសហប្រតិបត្តិការ ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកថា ការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅតាមសាលារៀន និងអ្នកពាក់ព័ន្ធ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ស្ទិកនៅកម្ពុជា បានគ្របដណ្តប់លើប្រជាពលរដ្ឋប្រមាណ៥០% នៃប្រជាជនសរុបនៅទូទាំងប្រទេស ដែលគឺជាក្តីសង្ឃឹម និងជាចរន្តដ៏ល្អមួយ ដើម្បីឈានឆ្ពោះទៅកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក នៅក្នុងសង្គមកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្ដែងការថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការ និងបានគូសបញ្ជាក់ថា ការចូលរួមរបស់របស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត នឹងជួយធ្វើឱ្យបរិស្ថានប្រទេសស្រស់ស្អាត គ្មានជាតិពុល ដែលជាទីមនោរម្យសម្រាប់ប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា យុទ្ធនាការ «មិនប្រើប្រាស់ថង់ប្លាស្ទិក» ដែលបានដាក់ចេញ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០១ ខែកញ្ញា កន្លងមក បានកំពុងអនុវត្តន៍យ៉ាងផុលផុសនៅតាមសាលារៀន វត្តអារាម និងតាមរោងចក្រសហគ្រាសនានា នៅទូទាំងប្រទេស។ រហូតមកទល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មានសាលារហូតដល់ទៅជិត៤,០០០សាលា គ្រូបង្រៀនប្រមាណ៧៧ម៉ឺននាក់ និងសិស្សចំនួនជាង២លាន នៅទូទាំងប្រទេស បានប្រកាសប្តេជ្ញាចិត្ត ចូលរួមអនុវត្តន៍យុទ្ធនាការ «មិនប្រើប្រាស់ថង់ប្លាស្ទិក» យ៉ាងតិច១ដង ក្នុងមួយសប្តាហ៍។ ជាមួយគ្នានេះ កម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ចំនួន ២០កន្លែង ព្រមទាំងមានអ្នកពាក់ព័ន្ធ ចំនួនជាង ១ម៉ឺនាក់ផ្សេងទៀត បានចូលរួមក្នុងយុទ្ធនាការនេះដែរ ៕
ចែករំលែកព័តមាននេះ