ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​សម្លឹង​ឃើញ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពន្ធគយ​របស់​អា​មេ​រិ​ក នៅ​ដើមឆ្នាំ​ក្រោយ

3 ម៉ោង មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​សហរដ្ឋអាមេរិក បាន​ព្រមព្រៀង​គ្នា​ដោះស្រាយ​លើ​បញ្ហា​សំខាន់​ៗ​ទាំងអស់​លើ​កិច្ចព្រមព្រៀង​ពន្ធគយ ដែល​បើកផ្លូវ​សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដោយ​ប្រធានាធិបតី ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ (Prabowo…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​សហរដ្ឋអាមេរិក បាន​ព្រមព្រៀង​គ្នា​ដោះស្រាយ​លើ​បញ្ហា​សំខាន់​ៗ​ទាំងអស់​លើ​កិច្ចព្រមព្រៀង​ពន្ធគយ ដែល​បើកផ្លូវ​សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដោយ​ប្រធានាធិបតី ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ (Prabowo Subianto) និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) នៅ​ចុង​ខែមករា ឆ្នាំ ២០២៦​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥​។

លោក Airlangga Hartarto រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​ឥណ្ឌូ​ណេ​ស៊ី ដែល​ថ្លែង​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ កន្លង​ទៅ បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក Jamieson Greer តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​និយាយ​ថា អា​មេ​រិ​ក​ចង់បាន​សិទ្ធិ​ចូល​ប្រើប្រាស់​រ៉ែ​សំខាន់​ៗ​របស់​ឥណ្ឌូ​ណេ​ស៊ី ហើយ​ក៏​បាន​យល់ព្រម​ផ្តល់​ការ​លើកលែង​ពន្ធ​លើ​ប្រេងដូង តែ និង​កាហ្វេ​របស់​ឥណ្ឌូ​ណេ​ស៊ី​។ ដ្បិត​ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​នាំ​ចេញ​ប្រេងដូង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ក៏​ជា​ប្រទេស​ផ្គត់ផ្គង់​គ្រាប់​កាហ្វេ​រ៉ូ​ប៊ូ​ស្តា (Robusta) ដ៏​សំខាន់​មួយ​របស់​ពិភពលោក​ផង​ដែរ​។

គួរ​រំលឹក​ថា ការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ ហាក់​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បាត់បង់​នៅ​ដើមខែ​នេះ បន្ទាប់​ពី​អា​មេ​រិ​កបាន​ចោទ​ឥណ្ឌូ​ណេ​ស៊ី​ថា ដើរ​ថយក្រោយ​លើ​ការ​ប្តេជ្ញា​ចិត្ត​ពី​មុន​របស់​ខ្លួន បើ​ទោះបីជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា បុព្វហេតុ​របស់​ពួក​គេ​គឺ​នៅ​ធម្មតា​ដដែល​។

ទោះ​យ៉ាងណា​ក៏​ដោយ លោក Airlangga បាន​គូសបញ្ជាក់​ម្តងទៀត​ថា អំឡុង​ពេល​កិច្ច​ពិភាក្សា បញ្ហា​សំខាន់​ៗ​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ ហើយ​កិច្ច​ពិភាក្សា​ជុំ​ចុង​ក្រោយ​នេះ​បាន​ដំណើរការ​ទៅ​ដោយ​រលូន​។ មន្ត្រី​មក​ពី​ប្រទេស​ទាំង​ពីរ កំពុង​ស្វែងរក​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី និង​ប្រធានាធិបតី​អា​មេ​រិ​ក នៅ​ចុង​ខែមករា ឆ្នាំ​ក្រោយ ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាច​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីនោះ​។

លោក Airlangga បន្ថែម​ចុង​ក្រោយ​ថា គ្មាន​គោលនយោបាយ​ឥណ្ឌូ​ណេ​ស៊ី​ណាមួយ​ត្រូវ​បាន​រឹតត្បិត​ដោយ​កិច្ចព្រមព្រៀង​នេះ​ទេ​។ កិច្ចព្រមព្រៀង​នេះ​មាន​លក្ខណៈ​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ ហើយ​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ