ខេត្តដុងថាប់ (Dong Thap) ដែលស្ថិតនៅតាមដីសណ្ដទន្លេមេគង្គ ទើបតែប្រកាសកាលពីពេលថ្មីៗនេះពីគម្រោងចាយថវិកា៧៦ពាន់លានដុង ឬស្មើនឹង៣,២៥លានដុល្លារ ដើម្បីអភិរក្សសត្វក្រៀលដែលមានកពណ៌ក្រហម និងដើម្បីបង្កើនចំនួនរបស់ពួកវាឡើងវិញ។ គម្រោងនេះធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងកសិកម្មវៀតណាម។
នៅក្នុងកញ្ចប់ថវិកានេះ, ៤៩ពាន់លានដុងនឹងប្រើប្រាស់ដើម្បីទិញសត្វក្រៀលកក្រហមពីប្រទេសថៃយកទៅចិញ្ចឹម និងបង្កើតកូនចៅនៅវៀតណាម។ បន្ទាប់មក, គេនឹងលែងសត្វក្រៀលទាំងនេះដើម្បីរស់នៅតាមក្រឹត្យក្រមធម្មជាតិនៃសួនឧទ្យានជាតិត្រាំឈីម (Tram Chim)។ ថវិកាដែលនៅសេសសល់ដទៃទៀតនឹងប្រើប្រាស់សម្រាប់សាងសង់ទីជម្រករបស់សត្វក្រៀល, ការដាំស្រូវ និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។ នេះបើតាមការបង្ហើបឱ្យដឹងពីអនុប្រធានក្រុមការងារខេត្ត។
កាលពីខែមេសា, វៀតណាម និងថៃបានចុះកិច្ចព្រមព្រៀងបង្កាត់ពូជក្រៀល និងបញ្ជូនក្រៀលដែលគេភ្ញាស់នៅសួនសត្វនៃខេត្តនគររាជសីមា ដើម្បីយកទៅលែងនៅខេត្តដុងថាប់។ ប្រទេសទាំង២ឯកភាពគ្នាលើការបង្កើតទីជម្រក និងការមើលថែទាំសត្វក្រៀល។ ខេត្តមានគម្រោងលែងសត្វក្រៀលចំនួន១៥០ក្បាលទៅក្នុងសួនឧទ្យានជាតិត្រាំឈីមនារយៈពេល១ទសវត្សទៅមុខ។ ខេត្តក៏ដាក់ផែនការចិញ្ចឹមបីបាច់ពួកវាឱ្យរស់រានមានជីវិតរហូតដល់ពួកវាអាចបង្កើតសហគមន៍សម្រាប់រស់នៅ។
សួនឧទ្យានជាតិត្រាំឈីមមានទំហំ៧ពាន់ ៥រយហិកតារ ជាតំបន់ទំនាបលិចទឹក។ ទីនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមានទេសភាពស្អាតៗ និងជាទីជម្រកធម្មជាតិនៃពពួកសត្វក្រៀលកក្រហមដែលមានតែនៅតំបន់អាស៊ីបូព៌ា។ វាជាសត្វដ៏កម្របំផុតនៅលើពិភពលោក ដែលត្រូវបានអង្គការអភិរក្សសត្វព្រៃអន្តរជាតិដាក់បញ្ចូលទៅក្នុងប្រភេទសត្វជិតផុតពូជ។
ជារៀងរាល់ឆ្នាំ, សត្វក្រៀលកក្រហមច្រើនធ្វើបម្លាស់ទីពីប្រទេសកម្ពុជាចូលទៅតំបន់អភិរក្សរបស់វៀតណាមនៅខែធ្នូ។ ពួកវាបន្តស្នាក់នៅរហូតដល់ខែឧសភា ជាអំឡុងពេលខែប្រាំងនៅប្រទេសវៀតណាមខាងត្បូង។ ពួកវាធ្វើដំណើរទៅវៀតណាមដើម្បីស្វែងរកចំណីអាហារ និងបន្តពូជ មុនពេលរដូវវស្សាចូលមកដល់ ដែលមានការធ្លាក់ភ្លៀងខ្លាំង និងគ្រោះទឹកជំនន់។
តាំងពីមុនរហូតដល់ឆ្នាំ១៩៨០, ក្រៀលកក្រហមតែងតែផ្លាស់ទីទាំងហ្វូងៗរាប់ពាន់ក្បាលជារៀងរាល់រដូវរងា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ, ពួកវាធ្វើបម្លាស់ទីត្រឹមតែរាប់សិបក្បាលទៅវៀតណាម។ ឆ្នាំនេះ, សូម្បីតែ១ក្បាលក៏មិនទាន់ផ្លាស់ទីពីកម្ពុជាទៅវៀតណាមនៅឡើយទេ។ ពោលគឺដូចឆ្នាំ២០២២ដែរ។ កាលពីឆ្នាំ២០២១, មានតែបីក្បាលគត់ផ្លាស់ទីទៅវៀតណាម។
អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៅសាកលវិទ្យាល័យហូជីមិញប្រាប់ថាមានកត្តាខ្លះដែលធ្វើឱ្យសត្វក្រៀលកក្រហមមិនអាចរស់នៅតំបន់ដីសណ្ដទន្លេមេគង្គ។ ឧទាហរណ៍ ការប្រែក្លាយតំបន់វាលទំនាបលិចទឹកទៅជាវាលស្រែ និងកសិដ្ឋានដាំដំណាំទឹក គួបផ្សំនឹងការប្រើប្រាស់ជីគីមី និងថ្នាំគីមីហួសកម្រិត បានធ្វើឱ្យប្រព័ន្ធអេកូស៊ីស្ទឹម (ecosystem) បាត់តុល្យភាព។ អ្នកស្រាវជ្រាវរូបនេះប្រាប់ថាតំបន់អភិរក្សសត្វព្រៃច្រើនស្តុកទុកទឹកនៅក្នុងបរិមាណច្រើនដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ។
ប្រការនេះធ្វើឱ្យជីវចម្រុះថយចុះ និងធ្វើឱ្យសត្វក្រៀលដកខ្លួនថយ។ សត្វក្រៀលកក្រហមនៅទូទាំងពិភពលោកសព្វថ្ងៃនេះនៅសល់ប្រហែល១ម៉ឺន ៥ពាន់ក្បាល ទៅ២ម៉ឺនក្បាល។ ក្នុងនោះ ៨ពាន់ទៅ១ម៉ឺនក្បាលនៅប្រទេសឥណ្ឌា, ណេប៉ាល់ និងប៉ាគីស្ថាន។ ក្រៅពីនេះ នៅតំបន់ឥណ្ឌូចិនទាំងអស់។ នៅប្រទេសវៀតណាម និងកម្ពុជាកាលពីឆ្នាំ២០១៤, គេប៉ាន់ស្មានថាសត្វក្រៀលកក្រហាមមានចំនួន៨៥០ក្បាល។ លុះដល់ឆ្នាំ២០២០, ពួកវាថយចុះមកនៅសល់ត្រឹម១៧៩ក្បាលតែប៉ុណ្ណោះ៕
ប្រភព៖ កាសែត Vietnam Express
https://e.vnexpress.net/news/news/environment/mekong-delta-province-to-spend-3-25m-restoring-endangered-cranes-4616633.html
ចែករំលែកព័តមាននេះ