ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុងសិរីសោភ័ណបាននិងកំពុងមានវិធានការចំពោះអ្នកចោលសំរាមក្រៅធុង ខណៈមានក្រុមអ្នកប្រមូលសំរាមធ្វើការសំអាតតាមផ្លូវ កាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានមានប្រសាសន៍ថា «បើបងប្អូនណាមួយថតរូបបានអ្នកចោលសំរាមក្រៅធុង គ្មានអនាម័យ សូមជួយផ្តល់រូប និងព័ត៌មានមកនឹងមានជូនជាសាគុណ» ហើយលោកនឹងមានចំណាត់ការចំពោះអ្នកដែលចោលសំរាមផ្តេសផ្តាស់នោះនៅក្នុងក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា រយៈពេលកន្លងមកនេះ ឃើញមានបុគ្គលមួយចំនួនចោលសំរាមក្រៅធុង ហើយដឹកសំរាមទៅចោលកន្លែងហាមឃាត់នៅពេលយប់ ធ្វើឱ្យប៉ះពាល់បរិស្ថានក្រុង ។ ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ បានសហការជាមួយក្រុមហ៊ុនអនាម័យដែលមានរថយន្តដឹកសំរាម១គ្រឿងនិងកម្មករប្រុស-ស្រីចំនួន២០នាក់ បានធ្វើសកម្មភាពប្រមូលសំរាមដែលសេសសល់យកទៅចោល ដើម្បីសំអាតបរិស្ថានក្នុងក្រុង ។

លោក ស្រេង សុផល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ មេត្តាចូលរួមសំអាតបរិស្ថានដើម្បីអោយក្រុងមានសោភ័ណភាពល្អ និងចូលរួមប្រកួតប្រជេងទីក្រុងស្អាតដែលក្រុងសិរីសោភ័ណឆ្នាំកន្លងមកទទួលបានផ្ការំដួល២ទង យើងទាំងអស់គ្នាត្រូវបន្តចូលរួមបន្ថែមទៀតអោយបានល្អលើសនេះអោយភ្ញៀវជាតិនិងអន្តរជាតិចូលមកទទួលបានកើតសសើរ និងការពារកាកសំណល់ដែលហូតស្ទះលូ ។






ចែករំលែកព័តមាននេះ