រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាល់ប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន អស់រយៈពេល២ខែ កន្លងមកនេះ ។
យោងតាមទិន្នន័យផ្តល់ដោយមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣០ ខែតុលានេះ សិស្សានុសិស្សសរុបចំនួន ១,៨៦១,២២៣នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ សរុបចំនួន ៦៦,៥០៣នាក់ មកពីគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ចំនួន ៣,៩៦៩ សាលា ទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចំនួន ៦,២០៨ដង ។
ដោយឡែក កម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាស ចំនួន ៨៣កន្លែងផ្សេងទៀត បានស្ម័គ្រចិត្តចូលរួមយុទ្ធនាការ ១ កញ្ញា និងបានប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ប្រសិនបើ សិស្សម្នាក់ ឬគ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ នឹងមានមនុស្សយ៉ាងហោចណាស់៣នាក់ទៀត រួមមាន៖ ឪពុក ម្តាយ បង ឬប្អូន បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋ ជិតពាក់កណ្តាល នៃចំនួនប្រជាជនកម្ពុជា ។
ឯកឧត្តរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានគ្រប់ដណ្តប់លើផ្ទៃប្រទេស ដែលបង្កើនសកម្មភាពចូលរួម ឲ្យបរិស្ថានស្អាត នៅតាមមូលដ្ឋាននានា ក្រៅពីនៅតាមសាលារៀន រោងចក្រ សហគ្រាសថែមទៀត ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ជោគជ័យ នៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ ដែលមានគោលដៅ ចូលរួមកែប្រែឥរិយាបថរបស់មនុស្សទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែង នូវក្តីសង្ឃឹមថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកយើងម្នាក់ៗ ឲ្យពិចារណាឡើងវិញ នូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់យើង ដោយការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅកម្ពុជាស្អាត នៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ