ទីក្រុងហូជីមិញ ៖ យោងតាមក្រុមហ៊ុនកែច្នៃក្នុងប្រទេសវៀតណាមបានឲ្យដឹងថា ប្រទេសនេះត្រូវនាំចូលគ្រាប់ស្វាយចន្ទីឆៅច្រើនជាង៣០ម៉ឺនតោនទៅទៀតក្នុងអំឡុងពេលប៉ុន្មានខែខាងមុខសម្រាប់ការវេចខ្ចប់ដើម្បីជួបនឹងតម្រូវការក្រុមហ៊ុននាំចូល ។
លោក Cao Thuc Uy នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cao Phat Co Ltd ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទីនាំមុខប្រចាំប្រទេសនេះ បាននិយាយថា កាលពីឆ្នាំមុនមានការនាំចូលប្រមាណ១,៣លានតោន ។
ក្នុងអំឡុងពេល៨ខែដំបូងនាឆ្នាំនេះ ប្រទេសវៀតណាមនាំចូលគ្រាប់ស្វាយចន្ទីប្រមាណ ៨២,៥ម៉ឺនតោន ដែលភាគច្រើនមកពីប្រទេសអាហ្វ្រិកខាងលិច ។ លោក Uy បានបន្តថា ៖« ប្រសិនបើចំនួននាំចេញក្នុងឆ្នាំនេះស្មើឆ្នាំមុន ពួកយើងត្រូវនាំចូល ៣០ម៉ឺនតោនបន្ថែម »។
គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមនាំចេញគ្រាប់ស្វាយចន្ទីដែលបានកែច្នៃរួចប្រមាណ ៣៥,៣ម៉ឺតោនកាលពីឆ្នាំមុន ហើយក្នុងអំឡុងពេល៨ខែដំបូងនាឆ្នាំនេះ វៀតណាមនាំចេញបាន ២៤,២ម៉ឺនតោនទៅហើយ ។
ក្នុងអំឡុងពេលសន្និសីទគ្រាប់ស្វាយចន្ទីអន្តរជាតិមួយ អ្នកផ្គត់ផ្គង់នៅអាហ្វ្រិកបានឲ្យដឹងថាចំនួនស្តុករបស់ពួកគេនៅខ្ពស់នៅឡើយ។ លោក Uy និងក្រុមហ៊ុនកែច្នៃដទៃបាននិយាយថា ពួកគេអាចទិញគ្រាប់ស្វាយចន្ទីដែលជួបនឹងស្តង់ដាតែប៉ុណ្ណោះ ប៉ុន្តែពួកគេបានរិះគន់ថាគុណភាពនៃផលិតផលអាហ្វ្រិកមិនល្អដូចដែលបានចែងក្នុងកុងត្រាទេ ។
លោក Pham Van Cong ប្រធានសមាគមគ្រាប់ស្វាយចន្ទីវៀតណាមបាននិយាយថា នៅឆ្នាំក្រោយសមាគមនឹងប្រើស្តង់ដាជាតិប្រចាំប្រទេសវៀតណាម TCVN:2018 សម្រាប់ការនាំចូលគ្រាប់ស្វាយចន្ទី ។
គួរបញ្ជាក់ទៀតថា ប្រទេសវៀតណាមគឺជាប្រទេសនាំមុខក្នុងផ្នែកកែច្នៃ និងបច្ចេកវិទ្យាទាក់ទិននឹងគ្រាប់ស្វាយចន្ទី ហើយក៏ជាប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីច្រើនជាងគេផងដែរ ៕
ចែករំលែកព័តមាននេះ