ទីក្រុងស៊ីដនី៖ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារទៅលើជនជាតិជ្វីបដែលចូលរួមពិធីបុណ្យហានូកា (Hanukkah) នៅតំបន់ឆ្នេរសមុទ្របនដាយ (Bondi) ប្រទេសអូស្ត្រាលី កាលពីម្សិលមិញនោះ សមត្ថកិច្ចជឿជាក់ថាជនដៃដល់ទំនងជាទទួលឥទ្ធិពលពីក្រុមអាយស៊ីស។ ហេតុការណ៍នោះបណ្ដាលឱ្យស្លាប់មនុស្ស១៥នាក់។ ជនសង្ស័យនៅក្នុងអំពើបាញ់ប្រហារនោះត្រូវជាឪពុកអាយុ៥០ឆ្នាំ និងកូនប្រុសអាយុ២៤ឆ្នាំ។ បុរសជាឪពុកឈ្មោះសាជីត អាក់រ៉ាម (Sajid Akram) ត្រូវសមត្ថកិច្ចបាញ់សម្លាប់។ ចំណែកកូនប្រុសគាត់ត្រូវបានបាញ់ឱ្យរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នេះជាលើកដំបូងបំផុតដែលថ្នាក់ដឹកនាំអូស្ត្រាលី និងសមត្ថកិច្ចបញ្ជាក់ថាទង្វើរបស់ឪ-កូនទាំង២នាក់នេះជាអំពើភេរវកម្មដែលទទួលឥទ្ធិពលពីមនោគមន៍វិជ្ជារបស់ក្រុមអាយស៊ីស។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាល់បានីស (Albanese) ថ្លែងថាមូលហេតុដែលនាំទៅដល់ការសន្និដ្ឋានយ៉ាងដូច្នេះព្រោះមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់។ ក្នុងនោះមានទង់របស់ក្រុមអាយស៊ីសដែលជនសង្ស័យលាក់ទុកនៅក្នុងឡានរបស់ខ្លួន។

ការបាញ់ប្រហារនោះក៏បណ្ដាលឱ្យមនុស្ស២៥នាក់រងរបួសផងដែរ។ ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងនោះ ១០នាក់រងរបួសធ្ងន់។ នៅក្នុងចំណោមអ្នករបួសទាំងនោះក៏មានលោកអាមេត អាល់ អាមេត (Ahmed al Ahmed) ដែលជាអ្នកក្លាហានម្នាក់ហ៊ានស្ទុះវឹងទៅប្រទាំងប្រទើសជាមួយជនដៃដល់។ គាត់កញ្ឆក់យកកាំភ្លើងពីជនដៃដល់ ភ្ជង់ជនដៃដល់ និងបោះកាំភ្លើងទៅលើដី។ នេះបើយោងតាមរូបវីឌីអូដែលទាញចេញពីកាមេរ៉ាសុវត្ថិភាព។

មហាជនអំពាវនាវឱ្យរដ្ឋាភិបាលរឹតត្បិតការប្រើប្រាស់កាំភ្លើង
លោកអាល់បានីស និងអភិបាលនៃគណៈអភិបាលរដ្ឋនានារបស់អូស្ត្រាលីសន្យាថាច្បាប់គ្រប់គ្រងកាំភ្លើងដែលបានរឹតត្បិតយ៉ាងតឹងរ៉ឹងស្រាប់ទៅហើយនោះនឹងរឹតត្បិតឱ្យកាន់តែតឹងជាងនេះទៀត។ នេះជាការធ្វើកំណែទម្រង់ដ៏ធំមួយចាប់តាំងពីក្រោយហេតុការណ៍បាញ់ប្រហារស្លាប់មនុស្ស៣៥នាក់នៅរដ្ឋថាស់មេនៀ (Tasmania) កាលពីឆ្នាំ១៩៩៦។ ចាប់តាំងពីពេលនោះមក គេកម្រឃើញករណីបាញ់ប្រហារស្លាប់មនុស្សម្ដងៗច្រើនៗបែបនេះកើតឡើងណាស់។

អាជ្ញាធរស៊ើបអង្កេតប្រវត្តិធ្វើដំណើររបស់ជនសង្ស័យទៅហ្វ៊ីលីពីន
សមត្ថកិច្ចស៊ើបដឹងថាជនសង្ស័យបានធ្វើដំណើរទៅប្រទេសហ្វ៊ីលីពីនកាលពីខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្រុមអ្នកស៊ើបអង្កេតនឹងបន្តស្រាវជ្រាវថាហេតុអ្វីបានជាពួកគេទៅទីនោះ ហើយពួកគេធ្វើដំណើរទៅតំបន់ណាខ្លះ។ សមត្ថកិច្ចបញ្ជាក់ថាយានជំនិះដែលរឹបអូសបាននៅកន្លែងកើតហេតុនោះជាកម្មសិទ្ធិរបស់កូនប្រុសជនដៃដល់ និងផ្ទុកសុទ្ធតែគ្រឿងផ្ទុះ។ ក្រៅពីនេះគេរកឃើញទង់អាយស៊ីស២ដើមដែលផលិតនៅក្នុងស្រុក។ នេះបើតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ