ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ភ័.យ​ខ្លាច​ខ្លាំង​ឡើង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​របស់​ថៃ​ជាមួយ​អា​មេ​រិ​ក​អាច​ត្រូវ​លុប​ចោល ដោយសារ​ជម្លោះ​ជាមួយ​កម្ពុជា

2 ម៉ោង មុន

ទីក្រុង​បាងកក ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​ជាមួយនឹង​សហរដ្ឋអាមេរិក កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​លុប​ចោល ខណៈ​ដែល​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ Thai Examiner បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦…

ទីក្រុង​បាងកក ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​ជាមួយនឹង​សហរដ្ឋអាមេរិក កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​លុប​ចោល ខណៈ​ដែល​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ Thai Examiner បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​។

ការ​ភ័យ​ខ្លាច​ខ្លាំង​នោះ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​លុប​ចោលការ​ចរចា និង​ដំឡើង​ពន្ធគយ​ជា​ការ​ដាក់​ទណ្ឌកម្ម​លើ​ថៃ ហើយ​នេះ​ជា​ការ​រំពឹង​ទុក​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ជា​ពិសេស​សម្រាប់​បណ្តា​ក្រុមហ៊ុននាំចេញ​ថៃ​។ ប្រទេស​ថៃ​អាច​នឹង​លេង​ជាមួយ​ភ្លើង ខណៈ​ដែល​ខ្លួន​កំពុង​ពិចារណា​លើ​ការ​រឹត​បន្តឹង​ចក្រ​ឈូង​សមុទ្រ​ថៃ​ដើម្បី​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ប្រេង និង​សម្ភារៈ​យោធា​មក​ប្រទេស​កម្ពុជា​។ សង្គ្រាម​ថៃ និង​កម្ពុជា ដែល​កំពុង​រីក​រាលដាល​ខ្លាំង​ឥឡូវនេះ ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លើយ​តប​ធ្ងន់​ៗ ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ចេញពី​ផ្សាយ Thai Examiner ។

កាសែត​អា​មេ​រិ​ក Wall Street Journal បាន​រាយការណ៍​ថា បន្ទាប់​ពី​ការ​អំពាវនាវ​របស់​លោក ត្រាំ ជាមួយ​មេដឹកនាំ​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​នោះ ប្រធានាធិបតី​អា​មេ​រិ​កបាន​ទទូច​ថា លោក​បាន​ព្រមាន​ប្រទេស​ទាំង​ពីរ​ថា លោក​នឹង​លុប​ចោលការ​ចរចា​ពាណិជ្ជកម្ម ព្រមទាំង​ដំឡើង​ពន្ធ​ថែម​ទៀត ដោយ​លោក​ពណ៌នា​ពន្ធគយ​ថា​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ការ​បរទេស សម្រាប់​រដ្ឋបាល​របស់​លោក​។

ទោះ​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ការ​កត់សម្គាល់​របស់​លោក ទាក់ទង​នឹង​ការ​គំរាម​ដំឡើង​ពន្ធ នាយក​រដ្ឋមន្ត្រី​ថៃ លោក អា​នុ​ទី​ន ចាន់​វី​រៈ​គុល (Anutin Charnvirakul) ឯណោះ បាន​ជំទាស់​នឹង​បទ​ឈប់​បាញ់ ដោយ​និយាយ​ថា លោក​មិន​ដែល​យល់ព្រម​លើ​បទ​ឈប់​បាញ់​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រកាស​ថា ប្រទេស​ថៃ​មិន​បាន​ធ្វើការ​ប្តេជ្ញា​ចិត្តជា​ផ្លូវការ​ណាមួយ​នោះ​ឡើយ​។ ស្រប​ពេល​ដែល​ជំហរ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួងការបរទេស​របស់​ថៃ ។ ជា​ពិសេស អនុរដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក ស៊ី​ហា​សក្តិ ភួង​កេ​ត​កែវ (Sihasak Phuangketkeow) ក៏​បាន​បញ្ជាក់​ពី​របាយការណ៍​នេះ​ផង​ដែរ​។ ដោយ​លោក​បាន​និយាយ​ថា លោក​មាន​វត្តមាន​អំឡុង​ពេល​ការ​សន្ទនា​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ​។ ជា​លទ្ធផល នាយក​រដ្ឋមន្ត្រី​ថៃ​បាន​បដិសេធ​រាល់​ទំនាក់ទំនង​ណាមួយ​រវាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​លក្ខខណ្ឌ​បទ​ឈប់​បាញ់​។ ចាប់តាំងពី​យប់​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ រួច​មក ប្រទេស​ថៃ​បាន​លើក​ឡើង​ថា លក្ខខណ្ឌ​បែប​នេះ គឺ​ដូច​ជា​ការ​បង្ខិតបង្ខំ​។

ជាមួយ​គ្នា​ដែរ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ តាម​ការ​ចេញផ្សាយ​ពី​កាសែត​ថៃ Khaosod បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោកស្រី Suphajee Suthamphan បាន​ទទួលស្គាល់​ថា ការ​ចរចា​ពន្ធគយ​ជាមួយ​អា​មេ​រិ​ក មិន​បាន​បង្ហាញ​ភាព​រីក​ចម្រើន​នោះ​ទេ ដែល​នេះ​គឺជា​ក្តី​បារម្ភ​មួយ​ផ្សេង​ទៀត សម្រាប់​បណ្តា​ក្រុមហ៊ុននាំចេញ​របស់​ថៃ​៕

U.S. President Donald Trump holds an executive order about tariffs increase in the Oval Office of the White House in Washington, U.S., February 13, 2025. REUTERS/Kevin Lamarque

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ