រាជធានីភ្នំពេញ ៖ បន្ថែមលើការចូលរួមបរិច្ចាគ បន្ទាប់ពីមានព្រឹត្តិការណ៍ចលាចលក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះ ហេឡូ បានផ្តល់ជូននូវអាហារូបករណ៍កម្រិតឧត្តមសិក្សាសម្រាប់រយៈពេល៤ឆ្នាំពេញ ដល់ក្មេងកំព្រាចំនួនពីរនាក់ដែលរងគ្រោះដោយព្រឹត្តិការណ៍ដ៏រន្ធត់នៅលើស្ពានពេជ្រនោះ ។ តាមប្រសាសន៍របស់លោក Eric Chong នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ហេឡូ បានឱ្យដឹងថា យុវសិស្ស Res Mariya និង Res Sokry ទាំងពីរនាក់គឺជាសិស្សថ្នាក់ទី១២ដែលនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងខែសីហា ឆ្នាំនេះ នឹងត្រូវទទួលបានអាហារូបករណ៍ពីហេឡូ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យណាមួយក្នុងប្រទេសកម្ពុជា ។
លោក Eric បានបញ្ជាក់ថា «បន្ទាប់ពីព្រឹត្តិការណ៍ចលាចលក្នុងព្រះរាជពិធីបុណ្យអុំទូកនោះមក យើងបានទទួលការបរិច្ចាគជាច្រើនពីសំណាក់អតិថិជនរបស់យើង ក្នុងកម្មវិធីបរិច្ចាគតាមសារជាអក្សរ ហើយយើងបានរួមបញ្ចូលការបរិច្ចាគនោះដើម្បីផ្តល់អនាគតកាន់តែប្រសើរ និងកាន់តែត្រចះត្រចង់ដល់ម៉ារីយ៉ា និងសុខរី ។ ទឹកចិត្តសប្បុរសរបស់អតិថិជនយើងបានជួយឱ្យអ្វីៗទាំងនេះ សម្រេចបាន ហើយឥឡូវនេះ យុវសិស្សកម្ពុជាវ័យក្មេងទាំងពីរនាក់អាចសម្រេចសុបិនក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងពេលឆាប់ៗនេះ ។ អាហារូបករណ៍ដែលផ្តល់ជូនម៉ារីយ៉ា និងសុខរី រួមមានបញ្ចូលទាំងសម្ភារសិក្សា និងឱកាសកម្មសិក្សានៅក្រុមហ៊ុនហេឡូ ផងដែរ» ។
ឪពុកម្តាយរបស់ Res Mariya និង Res Sokry បានស្លាប់ក្នុងឆ្នាំ១៩៩៦ ។ នៅពេលនោះបងស្រីរបស់អ្នកទាំងពីរទើបមានអាយុតែ៧ឆ្នាំប៉ុណ្ណោះ ហើយត្រូវទទួលរ៉ាប់រងចិញ្ចឹមបីបាច់ប្អូនតូចៗ ។ តាមរយៈការខិតខំប្រឹងប្រែងទំនុកបម្រុងពីសំណាក់បងស្រីម្នាក់នេះ ម៉ារីយ៉ា និងសុខរី បានបញ្ចប់បឋមសិក្សា ហើយបន្តសិក្សានៅវិទ្យាល័យទៀតផង ។ ទោះបីជាការរស់នៅមានការខ្វះខាតក៏ដោយ ក៏ម៉ារីយ៉ា និងសុខរីមិនតូចចិត្តនឹងជីវិត និងចេះស្រឡាញ់ជួយគ្នាទៅវិញទៅមក ជាពិសេសបងស្រីដែលដើរតួជាម្តាយរបស់ខ្លួន ។ ជាអកុសល បងស្រីដែលជាម្តាយដ៏ល្អនេះបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ចលាចលក្នុងថ្ងៃបុណ្យអុំទូក ។ ម៉ារីយ៉ា និងសុខរី ដែលស្នាក់នៅផ្ទះបានដឹងដំណឹងពីបងស្រីរបស់ខ្លួនតាមរយៈអ្នកជិតខាង នៅក្នុងថ្ងៃសោកនាដកម្មនោះ ។ មានមនុស្សជាង៣០០នាក់ បានស្លាប់ និងជាង៧០០នាក់ទៀតរងរបួសនៅក្នុងព្រឹត្តិការណ៍ចលាចលនៅស្ពានខាងជើងនៃក្រុងកោះពេជ្រនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ។ ការបាត់បង់បងស្រីជាទីស្រឡាញ់នេះបានធ្វើឱ្យម៉ារីយ៉ា និងសុខរី ខិតខំបំភ្លេចរឿងរ៉ាវជូរចត់ទាំងនេះដោយប្រែក្លាយមកជាសេចក្តីព្យាយាមសិក្សាវិញ ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់សាច់ញាតិដែលមានចិត្តសប្បុរស អ្នកទាំងពីរបានប្រឹងប្រែងទាំងលំបាកដើម្បីបញ្ចប់ការសិក្សាថ្នាក់ទី១២ ។ ទោះជាយ៉ាងណាក៏ដោយ ម៉ារីយ៉ា និងសុខរីយល់ថា អនាគតរបស់ពួកខ្លួននៅតែគ្មានកោះត្រើយព្រោះខ្លួនមិនអាចពឹងផ្អែកសាច់ញាតិឱ្យទំនុកបម្រុងខ្លួនដើម្បីរៀនបន្តនៅសាកលវិទ្យាល័យឡើយ ។
ម៉ារីយ៉ា និងសុខរី សប្បាយរីករាយយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងអំពីអាហារូបករណ៍នេះ ។ បងប្អូនបង្កើតទាំងពីរនាក់បានបញ្ជាក់ថា «នេះជាអារម្មណ៍រំភើបសប្បាយរីករាយដែលយើងមិនធ្លាប់មានអស់ពេលដ៏យូរមកហើយ អាហារូបករណ៍របស់ហេឡូ ពិតជានាំមកនូវភាពរីករាយត្រេកអរយ៉ាងខ្លាំងចំពោះយើងទាំងពីរ ។ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនហេឡូ និងអ្នកទាំងអស់គ្នាដែលបានធ្វើការបរិច្ចាគប្រកបដោយទឹកចិត្តសប្បុរសធម៌។ ឥឡូវនេះ យើងទាំងពីរនាក់មិនព្រួយបារម្ភអំពីអនាគតរបស់ពួកយើងទេព្រោះហេឡូ បានធ្វើឱ្យយើងមានអនាគតកាន់តែប្រសើរ ៕
ចែករំលែកព័តមាននេះ