ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីត្រូវរងគ្រោះ ដោយសារភ្លើងអគ្គិសនីក្នុងរោងចក្រឆក់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងរោងចក្រផលិតថង់ប្លាស្ទិច នៅភូមិទួលសុទីន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះមីស្ទឺរ លើវែ ភេទប្រុស អាយុ៤៥ឆ្នាំ ជាងជនជាតិចិន បានមករស់នៅ និងបម្រើការងារជាបុគ្គលិករោងចក្រ នៅទីតាំងខាងលើ ។
ប្រភពព័ត៌មានពីកម្មកររោងចក្រខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចូលបម្រើការងារក្នុងរោងចក្រតាមធម្មតា ។ លុះដល់ម៉ោង៨និង៣០នាទី ស្រាប់តែចៃដន្យអាក្រក់ជនរងគ្រោះត្រូវភ្លើងអគ្គិសនីក្នុងរោងចក្រឆក់ បណ្តាលឲ្យសន្លប់លែងដឹងខ្លួន ហើយត្រូវបុគ្គលិកជាជនជាតិចិនដូចគ្នាជួយសង្គ្រោះបឋម រួចប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសមៈ ក្រុងភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិត តែដោយស្ថានភាពធ្ងន់ធ្ងរពេកលោកគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ ។
បច្ចុប្បន្នសាកសព ត្រូវបានតម្កល់ទុកនៅសាលក្នុងមន្ទីរពេទ្យ រង់ចាំមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ទាក់ទងសាច់ញាតិឲ្យមកទទួលយកទៅប្រទេសកំណើតវិញ ៕
ចែករំលែកព័តមាននេះ