រាជធានីភ្នំពេញ ៖ ក្នុងពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សចិន និងអាមេរិកកំពុងឡើងកម្ដៅ ដែលសេដ្ឋវិទូស្ថាប័នហិរញ្ញវត្ថុអន្តរជាតិព្រមានថា នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយ តែអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានអះអាងថា គម្រោងវិនិយោគចិននៅកម្ពុជា មិនបានរងផលប៉ះពាល់ចេញពីវិបត្តិនេះទេ ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia អ្នកនាង អាន សុធីតា បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ តុលា ម្សិលមិញថា គម្រោងរបស់វិនិយោគិនចិននៅកម្ពុជា នៅតែដំណើរការជាធម្មតា មិនមានរងផលប៉ះពាល់ណាមួយចេញពីវិបត្តិសង្គ្រាមពាណិជ្ជកម្មនៅឡើយទេ ដោយអ្នកវិនិយោគនៅតែបន្តគម្រោងរបស់ពួកគេ ប៉ុន្តែអ្វីជាការបារម្ភនោះ គឺថារដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយថ្មី ដោយកម្រិតលំហូរទុនវិនិយោគទៅកាន់ក្រៅប្រទេស ប៉ុន្តែវាមិនកំណត់សម្រាប់តែកម្ពុជាទេ គឺធ្វើនៅទូទាំងពិភពលោកទាំងមូល ។ អ្នកនាងបន្តថា ៖« គម្រោងចិននៅតែដំណើរការល្អប្រសើរ ក្រុមហ៊ុនមានបញ្ហានៅតែមានបញ្ហា តែក្រុមហ៊ុនល្អនៅតែល្អ »។ អ្នកនាងបន្ថែមថា ៖« ទីផ្សារខុនដូនៅតែល្អ ដោយការលក់នៅតែជោគជ័យ ហើយគម្រោងដែលជោគជ័យឬអត់ វាអាស្រ័យលើគម្រោង គុណភាព តម្លៃ និងទីតាំងរបស់គម្រោងនោះ »។
យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST APPRAISAL បានរកឃើញថាចំនួនខុនដូនៅកម្ពុជា បានកើនឡើងដល់ជាង៦ម៉ឺនយូនីត នៅដំណាច់ឆ្នាំ២០១៧កន្លងមក ។
អ្នកនាង អាន សុធីតា បានបន្តថា គម្រោងវិនិយោគរបស់ចិនភាគច្រើន ផ្តោតលើទីផ្សារនៅក្រៅប្រទេស ពួកគេលក់គម្រោងរបស់ពួកគេនៅទីនោះភាគច្រើន ។ អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21Cambodia បានឲ្យដឹងផងដែរថា គម្រោងរបស់ចិននៅកម្ពុជា នៅតែដំណើរការល្អប្រសើរ ដោយអ្នកវិនិយោគភាគច្រើនផ្តោតលើទីផ្សារក្រៅប្រទេស ជាអ្វីដែលជានិន្នាការវិនិយោគរបស់ពួកគេ ខណៈដែលប្រជាជនកម្ពុជាមិនទាន់ចង់រស់នៅតាមខុនដូនៅឡើយ ដែលធ្វើឲ្យទីផ្សារខុនដូ៨០% ទិញដោយជនបរទេស និង២០% វិនិយោគដោយជនជាតិខ្មែរ ប៉ុន្តែរយៈពេល១០ឆ្នាំខាងមុខ និន្នាការនេះនឹងដើរបញ្ច្រាសវិញ ។ អ្នកនាងបន្តថា ៖« ចិនវិនិយោគនៅកម្ពុជាពេលនេះ ជាពេលសមស្រប ព្រោះតម្លៃអចលនទ្រព្យ ពិសេសតម្លៃដីធ្លីមានតម្លៃទាប ដែលពួកគេអាចរកប្រាក់ចំណេញបាន ប៉ុន្តែបើពួកគេរង់ចាំយូរតទៅទៀត ការវិនិយោគរបស់ពួកគេនឹងយឺតពេល »។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា ទីផ្សារអចលវត្ថុនៅកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន និងការវិនិយោគនៅតែបន្ត ដោយយើងមិនទាន់មើលឃើញថាមានហានិភ័យ ឬបញ្ហាណាមួយកើតឡើងនោះទេ ពិសេសគម្រោងរបស់អ្នកវិនិយោគចិន នៅតែដំណើរការ និងមិនរងផលប៉ះពាល់ណាមួយពីវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនោះឡើយ ។
លោកបន្តថា ៖« ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារនេះ និងនៅតែមើលឃើញវិស័យនេះបន្តរីកចម្រើនរយៈពេលវែងបន្តទៀត »។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោក គុយ វ៉ាត បានលើកឡើងកាលពីអំឡុងខែកក្កដា កន្លងមកថា បទពិសោធន៍វិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨-២០០៩ កម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិនេះ ប៉ុន្តែមិនខ្លាំងនោះទេ ហេតុនេះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងជាមួយសហគមន៍អឺរ៉ុប ពិតជាមានផលប៉ះពាល់ដល់វិស័យនេះ ប៉ុន្តែមិនខ្លាំងណាស់ណាទេ ហើយវាបានចាប់ផ្តើមប្រសើរឡើងវិញ ក្នុងរយៈពេលដ៏ខ្លី ដោយសាររាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ គាំពារបានទាន់ពេលវេលា និងត្រឹមត្រូវ ។ លោកបន្តថា ៖« វិបត្តិនេះមិនទាន់ឃើញមានផលប៉ះពាល់អ្វីនោះទេ ហើយស្ថានភាពនេះអាចនឹងជាឱកាសទៅវិញ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ប៉ុន្តែវាអាចជាវិបត្តិផងដែរ ដែលយើងមិនអាចព្យាករណ៍បាននៅឡើយ »។ កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលបានជំរុញឲ្យអ្នកស្រាវជ្រាវ និងសេដ្ឋវិទូនានាសិក្សាពីវិបត្តិនេះថា តើនឹងមានផលប៉ះពាល់ដល់កម្ពុជាយ៉ាងដូចម្តេច ?
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយល្បឿន និងមិនអាចឲ្យពិភពលោកអាចព្យាករណ៍អ្វីទុកមុនបានទេ ហើយវិបត្តិនេះពិតជារងផលប៉ះពាល់ដល់ប្រទេសទាំងអស់ ប៉ុន្តែកម្រិតនៃផលប៉ះពាល់ វាអាស្រ័យលើគោលនយោបាយរបស់ប្រទេសនីមួយៗ ។ លោកបណ្ឌិតបន្តថា ៖« សម្រាប់កម្ពុជាក៏អាចមានផលប៉ះពាល់ដែរ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវមានភាពឆ្លាតវៃ ដោយត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង »។ លោកបណ្ឌិតថា ៖«ប្រទេសកម្ពុជាគួរពង្រឹងសាច់ដុំរបស់ខ្លួនតាមរយៈការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់យើងឲ្យមានភាពរឹងមាំ ដើម្បីពង្រឹងផ្ទៃក្នុងផង និងពង្រីកការនាំចេញទៅកាន់ប្រទេសដទៃផង »៕
ចែករំលែកព័តមាននេះ