ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​កម្ពុជា​នឹងបង្កើន​ល្បឿន​រត់​ឱ្យដល់​80​ទៅ​100​គីឡូម៉ែត្រ​ក្នុង​1​ម៉ោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា កម្ពុជា​នឹង​បង្កើន​ល្បឿន​រថភ្លើង​រត់​ឱ្យ​បាន​ចន្លោះ​ពី​៨០​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ឱ្យ​ដូច​ទៅ​នឹង​ប្រទេស​ជិតខាង​ដែរ ។ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា កម្ពុជា​នឹង​បង្កើន​ល្បឿន​រថភ្លើង​រត់​ឱ្យ​បាន​ចន្លោះ​ពី​៨០​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ឱ្យ​ដូច​ទៅ​នឹង​ប្រទេស​ជិតខាង​ដែរ ។

អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក​លី បូ​រិ​ន បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​១១ តុលា កន្លង​មក​ថា បច្ចុប្បន្ន ខ្សែ​រថភ្លើង​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​ហើយ តាម​រយៈ​ថវិកា ADB និង​ថវិកា​រាជរដ្ឋាភិបាល រួម​ទាំង​ក្រុមហ៊ុន Royal Railway តែ​មិន​ទាន់​មាន​ល្បឿន​លឿន​នៅឡើយ​ទេ គឺ​ត្រឹមតែ​៣០​ទៅ​៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុង​១​ម៉ោង ប៉ុន្តែ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ រថភ្លើង​នឹង​អាច​រត់​បាន​ល្បឿន​លឿន​ដូច​ប្រទេស​ជិតខាង​ដែរ គឺ​ពី​៨០​ទៅ​១០០ គីឡូម៉ែត្រ ក្នុង​១​ម៉ោង ។

លោក​បន្ត​ថា ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ កន្លង​ទៅ​ថ្មី​ៗ​នេះ រថភ្លើង​ទាំង​បី​ខ្សែ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជិះ​ទៅ​មក​ដោយ​មិន​គិតថ្លៃ​នោះ គឺ​ពុំ​មាន​អ្នក​ជិះ​ច្រើន​កុះករ​ទេ ដោយសារ​តែ​ទន្ទឹម​គ្នា​នោះ ក៏​មាន​រថយន្ត​ជិះ​ដោយ​មិន​គិតថ្លៃ​ចំនួន​ជាង​២០០​គ្រឿង​ដែរ ។

លោក លី បូ​រិ​ន ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​បន្ត​ទៅ​ទៀត និង​មាន​ទំនុកចិត្ត​ខ្ពស់ ព្រោះ​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​កែ​លម្អ​នូវ​គ្រប់​ខ្សែ​រថភ្លើង​ទាំងអស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​មាន​ល្បឿន​លឿន​ជាង​មុន ហើយ​ធ្វើ​ឲ្យ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ទោះ​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​ក្រសួង​ដដែល​នេះ គឺ​លោក​វ៉ា​ស៊ឹ​ម សូ​រិ​យា បាន​ឲ្យ​ដឹង​ថា រថភ្លើង​កម្ពុជា​មិន​អាច​រត់​បាន​ល្បឿន​លឿន​នោះ​ទេ ដោយសារ​ផ្លូវ​រថភ្លើង​កម្ពុជា​មិន​ទាន់​មាន​ស្តង់ដា ស្រប​តាម​ស្តង់ដា​អន្តរជាតិ ពិសេស​ផ្លូវ​រថភ្លើង​មាន​ចំណុច​ឆ្លងកាត់​ច្រើន ដែល​ធ្វើ​ឲ្យ​រថភ្លើង​មិន​អាច​រត់​បាន​លឿន​នៅឡើយ​។លោក​មាន​ប្រសាសន៍​ថា ៖« ដោយសារ​ផ្លូវ​រថភ្លើង​របស់​យើង​ជា​ផ្លូវ​ចាស់ និង​បាន​ជួសជុល​ឡើង​វិញ ទើប​យើង​មិន​អាច​រត់លឿន​បាន ។ ម្យ៉ាងទៀត មាន​ប្រជាពលរដ្ឋ​សាងសង់​ផ្លូវ​ឆ្លងកាត់​ច្រើន »​។ លោក​បន្ត​ថា ៖« តាម​ពិត​រថភ្លើង​បច្ចុប្បន្ន​អាច​រត់​បាន​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ដោយសារ​ស្ថានភាព​ផ្លូវ​មិន​ទាន់​មាន​ស្តង់ដា និង​ផ្លូវ​មាន​ចំណុច​ឆ្លងកាត់​ច្រើន ទើប​រថភ្លើង​អាច​រត់​បាន​ក្នុង​ល្បឿន​ជា​មធ្យម​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ោង »​។

ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស ក្នុង​នោះ​ផ្លូវថ្នល់​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពី​ផ្លូវ​២​គន្លង​ទៅ​៤​គន្លង​, គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​, គម្រោង​សាងសង់​ផ្លូវ​ពី​បាត់ដំបង ទៅ​កាន់​ខេត្តកោះកុង ដើម្បី​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ និង​គម្រោង​សាងសង់​ផ្លូវ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​កំពង់ធំ ជាដើម ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​របស់​យើង គឺ​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ ដោយសារ​កង្វះ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ​វិនិយោគ ប៉ុន្តែ​ការ​សាងសង់​អ្វីមួយ វា​មិន​ចំណាយពេល​មួយ​ថ្ងៃ​ឬ​មួយ​ឆ្នាំ​ទេ ហេតុនេះ​រដ្ឋាភិបាល​គួរតែ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ផ្លូវ​ល្បឿន​លឿន និង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ដទៃ​ទៀត ។ លោក​បន្ត​ថា ៖« ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ឬ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នានា ជា​ការ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​បើ​ចង់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ត្រូវ​តែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ