ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​រៀបចំ​សិក្ខាសាលា​វាយតម្លៃ​ផែនការមេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥

20 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​សម្រេច​បាន​នូវ​ការ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ​២០២១-២០៣៥ ក្រសួងទេសចរណ៍​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​សិក្ខាសាលា​កម្រិត​បច្ចេកទេស​បូក​សរុប​វឌ្ឍនភាព ក្នុង​ការ​អនុវត្ត​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នា​រសៀល​ថ្ងៃ​ទី​១០…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​សម្រេច​បាន​នូវ​ការ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ​២០២១-២០៣៥ ក្រសួងទេសចរណ៍​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​សិក្ខាសាលា​កម្រិត​បច្ចេកទេស​បូក​សរុប​វឌ្ឍនភាព ក្នុង​ការ​អនុវត្ត​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្រុង​សែន​មនោ​រម្យ ។

ឯកឧត្តម តុ​ប សុ​ភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ប្រសាសន៍​ថា សិក្ខាសាលា​កម្រិត​បច្ចេកទេស​បូក​សរុប​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី នា​ពេល​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដើម្បី​វាយតម្លៃ​លើ​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ដំណាក់កាល​ដំបូង ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​បន្ត ឆ្ពោះទៅ​កាន់​ចក្ខុវិស័យ​រយៈពេល​វែង (២០២១-២០៣៥) ។

ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ផែនការ​មេនេះ​ត្រូវ​បាន​កំណត់​ចក្ខុវិស័យ​សំខាន់​ៗ​ចំនួន ៤ ដោយ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ប្រែក្លាយ​ខេត្តមណ្ឌលគិរី ឱ្យទៅ​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ​។ ត្រឹម​ឆ្នាំ​២០៣៥ យើង​រំពឹង​ថា នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៩០​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ ២​លាន​នាក់ ដែល​នឹង​បង្កើត​ការងារ​ប្រមាណ ៨​ម៉ឺន​កន្លែង និង​អាច​បង្កើត​ចំណូល​បន្ថែម ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។​អ្វី​ដែល​កាន់តែ​សំខាន់ គឺ​ផែនការ​មេនេះ​នឹង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ឱ្យ​ភូមិភាគ​ឦសាន​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា បន្ទាប់​ពី​តំបន់​ភ្នំពេញ តំបន់ឆ្នេរ និង​តំបន់​សៀមរាប​។ ក្រសួងទេសចរណ៍​បាន​ត្រៀម​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​គម្រោង​អាទិភាព​ទាំង ១៦ ក្នុង​ចំណោម​សកម្មភាព​អនុវត្ត​សរុប ១២១​គម្រោង ដោយ​ធានា​នូវ​ការ​អភិរក្ស​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ឱ្យ​បាន​ម៉ឺងម៉ាត់ ស្រប​តាម​គោលការណ៍​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌​។

លោក ងិ​ន សុ​វិមាន អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្តមណ្ឌលគិរី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួងទេសចរណ៍ ដែល​បាន​សហការ​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ជាក់ស្តែង​នៃ​ការ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​មូលដ្ឋាន​ខេត្ត ។ ការ​ប្រជុំ​នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​លោក​-​លោកស្រី​អភិបាលរង​ក្រុង​-​ស្រុក​ទាំង​ប្រាំ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​បងប្អូន​អាជីវករ​ទេសចរណ៍​ទាំងអស់ ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​ធាតុ​ចូល និង​លើក​ស្ទួយ​ភាព​ជា​ម្ចាស់​នៃ​ការ​អនុវត្ត​។

អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ខេត្តមណ្ឌលគិរី​បាន​កំណត់​អាទិភាព​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន ៦ នៅ​ក្នុង​ផែនការមេ ។ អាទិភាព​ទាំងនេះ​រួម​មាន របៀង​អេកូ​ទេសចរណ៍​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​៥ របៀង​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍ ប៊ូ​ស្រា​-​ដាក់​ដាំ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ក្រុង​សែន​មនោ​រម្យ ជា​បណ្តុំ​សកម្មភាព​ទេសចរណ៍​ពហុ​បំណង ។ ទាំង​អស់នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ធ្វើ​ឱ្យ​ខេត្ត​យើង​អាច​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ទី​១ គឺ​ក្លាយជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែ​ឈើ និង​សាច់ ដល់ទី​ផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​។

អាជ្ញាធរ​ខេត្ត​ប្តេជ្ញា​ចិត្ត​រក្សា​តុល្យភាព​ឱ្យ​បាន​ល្អ​បំផុត​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទេសចរណ៍ និង​ការ​អភិរក្ស​ធនធានធម្មជាតិ បេតិកភណ្ឌ​ជនជាតិ​ដើម​ភាគតិច ដើម្បី​ធានា​ថា​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ត្រូវ​បាន​ចែករំលែក​ដោយ​សមធម៌​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។ យើង​ជឿជាក់​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ផែនការ​មេនេះ​នឹង​ជួយ​ឱ្យ​ខេត្តមណ្ឌលគិរី​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ