ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក
ខេត្តពោធិ៍សាត់ ៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា…
ខេត្តពោធិ៍សាត់ ៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា…
ខេត្តពោធិ៍សាត់ ៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានទទួលអំណោយពី Mr. Michael P.Eng Din និង Mrs. Michael Eng Kolyan Ros ដែលជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក តាមរយៈលោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានជួយឧបត្ថម្ភ អង្ករចំនួន ៧តោន និង ៥០០គីឡូក្រាម, ត្រីងៀត៣០០គីឡូក្រាម, ទឹកត្រី៣០០យួរ, ទឹកស៊ីអ៊ីវ៣០០យួរ និងមុង៣០០ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់កម្លាំងវីរកងទ័ពជួរមុខ និងជនភៀសសឹក ដោយបានការចូលរួមពីលោកវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត ។
លោក ហេង សុភាណា បានថ្លែងអំណរគុណ ជូនចំពោះ Mr. Michael P.Eng Din និង Mrs. Michael Eng Kolyan Ros ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកបន្តថា គ្រឿងឧបភោគបរិភោគ ដែលត្រូវប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត របស់ Mr. Michael P.Eng Din និង Mrs. Michael Eng Kolyan Ros ព្រមទាំងក្រុមគ្រួសារ ទោះនៅឆ្ងាយឯនាយសមុទ្រយ៉ាងណាក្តី ក៏នៅមានភក្តីភាព និងមានទឹកចិត្តដ៏ល្អថ្លៃថ្លា បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។
លោក ហេង សុភាណា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេស នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថា មិនទាន់មានភាពធូរស្រាលនៅឡើយ។ ទាំងអស់នេះ ទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក៏ដូចវីរកងទ័ពជួរមុខ ដែលបាននិងកំពុងថែរក្សាការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន ។
រាល់អំណោយសប្បុរសធម៌ទាំងអស់នេះ លោកនឹងយកទៅផ្តល់ជូន ដល់ដៃកម្លាំងវីរកងទ័ពជួរមុខ និងជនភៀសសឹក ឱ្យបានទាន់ពេលវេលា ដោយលោកមានជំនឿយ៉ាងមុតមាំថា សន្តិភាព នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង ទាំងថ្ងៃ ទាំងយប់ អស់ពីកម្លាំងកាយចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននិងកំពុងធ្វើការជាមួយមិត្តភក្តិអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ៕
ចែករំលែកព័តមាននេះ