ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា ៖ ថៃ​សុំ​លើក​ពេល​កិច្ចប្រជុំ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥​នេះ អំពី​ការ​ជូនដំណឹង​របស់​នគរបាល​ភូមិន្ទ​ថៃ ស្នើ​សុំ​លើក​ពេល​កិច្ចប្រជុំ​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥​នេះ អំពី​ការ​ជូនដំណឹង​របស់​នគរបាល​ភូមិន្ទ​ថៃ ស្នើ​សុំ​លើក​ពេល​កិច្ចប្រជុំ​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដោយ​ពុំ​ទាន់​បាន​កំណត់​កាល បរិច្ឆេទ​ថ្មី​នៅឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​ស្រប​តាម​ស្មារតី នៃ​កិច្ចប្រជុំ​ពិសេស GBC នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ ត្រូវ​ជួប​ប្រជុំ ដើម្បី​ពិភាក្សា​រៀបចំ​បង្កើត​ក្រុមការងារ​រួម ធ្វើ​ផែនការ សកម្មភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា និង​ការ​ជួញដូរ​មនុស្ស​។ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ភាគី​ទាំង​ពីរ បាន​ជួប​ប្រជុំ​គ្នា​លើក​ទី​១ តាម​ការ​គ្រោងទុក ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ ដោយ​បាន​ឯកភាព​គ្នា​កំណត់​យក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ រៀបចំ​កិច្ចប្រជុំ​លើក​ទី​២ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ផែនការ សកម្មភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា និង​ការ​ជួញដូរ​មនុស្ស ដែល​រៀបចំសេចក្តី​ព្រាង​ដោយ​ភាគី​កម្ពុជា ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ប៉ុន្តែ​ត្រូវ​បាន​ភាគី​ថៃ ជូនដំណឹង​ស្នើ​សុំ​លើក​ពេល​។

ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ស្រប​តាម​ស្មារតី នៃ​កិច្ចប្រជុំ GBC កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បន្ត​ទំនាក់ទំនង​ជាប់​ជា​ប្រចាំ​ជាមួយ​ភាគី​ថៃ ទាំង​តាម​យន្តការ​បុគ្គល​ទំនាក់ទំនង និង​យន្តការ​ផ្លូវការ រហូត​ឈាន​ដល់​ការ​កំណត់​យក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​ការ​ជូនដំណឹង​ពី​នគរបាល​ភូមិន្ទ​ថៃ ស្តី​ពី​ការ​ស្នើ​សុំ​លើក​ពេល​កិច្ចប្រជុំ​នេះ​ម្ដងទៀត ដោយ​ពុំ​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ថ្មី​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ