ខេត្តបន្ទាយមានជ័យ ៖ រូបភាពខាងក្រោម បង្ហាញពីស្ថានភាពអ្នកភូមិព្រៃចាន់ និងជោគជ័យ ដែលត្រូវរំខានដោយសំឡេងឆ្កែលូ សំឡេងខ្មោចលង និងសំឡេងយន្តហោះរបស់ទាហានថៃ នៅកណ្តាលយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ។ នេះបើយោងតាមផេក Press OCM – អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានប្រកាសនាព្រឹកថ្ងៃទី១២ ខែតុលានេះ ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បញ្ជាក់ថា សំឡេងរំខាននេះកំពុងធ្វើឱ្យពលរដ្ឋធុញថប់អារម្មណ៍ ប៉ះពាល់ដំណេក និងផ្លូវចិត្ត ហើយថា ទាហានថៃកំពុងរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
CHRC បានផ្ញើ ញាតិបន្ទាន់មួយអំពីបញ្ហានេះ ទៅអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។

ការចាក់សំឡេងរំខានលាន់ឭយ៉ាងកងរំពងអស់រយៈពេលជាងមួយម៉ោង បានបញ្ចប់នៅភូមិជោគជ័យហើយនាវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គឺនៅពេលក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅដល់ទៅដល់ភូមិជោគជ័យទាំងយប់។

នៅម៉ោងប្រមាណម៉ោង១១យប់ ថ្ងៃទី១១ ខែតុលានេះ ថៃបានចាប់ផ្តើមចាក់សម្លេងដដែលនេះនៅភូមិព្រៃចាន់វិញម្តង ខណៈនៅមុននេះបន្តិចក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក៏បានទៅដល់ភូមិព្រៃចាន់ផងដែរ ។ នេះបើតាមការរាយការណ៍ពីអ្នកយកព័ត៌មាន AKP នៅភូមិព្រៃចាន់ ។ សូមបញ្ជាក់ថា នេះជាយប់ទី២ហើយ ដែលថៃបានចាក់សំឡេងរំខានដំណេកប្រជាពលរដ្ឋនៅភូមិជោគជ័យ និងព្រៃចាន់ ៕

ចែករំលែកព័តមាននេះ